នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ក្តីសង្ឃឹមសម្រាប់ចិត្តដែលឈឺចាប់

ក្តីសង្ឃឹមសម្រាប់ចិត្តដែលឈឺចាប់

ដោយLisa Samra

October 10, 2023

ទំនុក​ដំកើង ៦ ព្រលឹង​ទូល​បង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះយេហូវ៉ា​អើយ តើ​ដល់​កាលណា? ទំនុក​ដំកើង ៦:៣ លោក​អ៊ែនដ្រេលតុន ស៊ីម​មុន(Andrelton Simmons) ជា​កីឡាករ​វាយ​កូន​បាល់ ប៊េសប៊ល ក្នុង​ការ​ប្រកួត​មេជ័រ លីក ដែល​បាន​ដក​ខ្លួន​ចេញពី​ចុង​បញ្ចប់​នៃ​ការ​ប្រកួត នៅ​ឆ្នាំ២០២០ ដោយសារ​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​។ គាត់​បាន​មាន​ប្រសាសន៍​ថា “មនុស្ស​ភាគ​ច្រើន​មាន​ស្នាម​សម្លាក​នៅ​ជាប់​ខ្លួន ដែល​អ្នក​ដទៃ​មិន​អាច​មើល​ឃើញ ឬ​យល់​បាន”។ ពេល​ដែល​គាត់​ពិចារណា អំពី​ការ​សម្រេច​ចិត្ត​នេះ គាត់​យល់​ឃើញថា គាត់​ចាំ​បាច់​ត្រូវ​ចែក​ចាយ​រឿង​របស់​គាត់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ស្រដៀង​គាត់​ ហើយក៏​បាន​ក្រើន​រំឭក​អ្នក​ដទៃ ឲ្យ​បង្ហាញ​ក្តី​អាណិត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។ ស្នាម​របួស​ដែលគេ​មើល​មិន​ឃើញ គឺជា​ការ​ឈឺ​ចាប់ និង​របួស​ដ៏​ជ្រៅ ដែល​បណ្តាល​មកពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ដែល​បាន​កើត​ឡើង​ពិតៗ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៦ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ការ​ឈឺ​ចាប់​ក្នុង​ជម្រៅ​ព្រះទ័យ​របស់​ទ្រង់ ដោយ​ប្រើ​ពាក្យ​ឈឺ​ចាប់​ត្រង់ៗ​។ ទ្រង់ “ញ័រ​រន្ធត់” (ខ.២) ហើយ “ថប់​បារម្ភ​ជា​ខ្លាំង”(ខ.៣)។ ទ្រង់​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូល​បង្គំ​ត្រូវ​ទទឹកជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូល​បង្គំ​ហូរ​ស្រោច​ដាប​គ្រែ(ខ.៦)។ ស្តេច​ដាវីឌ​មិន​បាន​ចែកចាយ​អំពី​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​ទ្រង់ ក្នុង​បទ​គម្ពីរ​នេះ​ទេ តែ​មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ដូច​ទ្រង់​ផង​ដែរ ដូច​នេះ​ពួកគេ​អាច​យល់​។ យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​យើង​សិក្សា​អំពី​របៀប​ដែល​ស្តេច​ដាវីឌ​បាន​ឆ្លើយតប ចំពោះ​ការ​ឈឺ​ចាប់​របស់​ទ្រង់​។ ក្នុង​ពេល​ដែល​ទ្រង់​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក ទ្រង់​បាន​ស្រែក​រក​ព្រះអម្ចាស់​។ ទ្រង់​បាន​ទូល​ថ្វាយ​ការ​ឈឺ​ចាប់​ទាំង​អស់​ក្នុង​ព្រះទ័យ​ទ្រង់ ដោយ​ទូល​សូម​ការ​ប្រោស​ឲ្យ​ជា(ខ.២) ការ​រំដោះ(ខ.៤) និង​សេចក្តី​មេត្តា(ខ.៩)។ ទ្រង់​ទូល​សួរ​ព្រះ​អម្ចាស់​ថា តើ​ទ្រង់​នឹង​មាន​ការ​ឈឺ​ចាប់​នោះ​ដល់​កាលណា? (ខ.៣) តែ​ទន្ទឹម​នឹង​នោះ ទ្រង់​នៅតែ​មាន​មាន​ទំនុក​ចិត្ត​ថា ព្រះ​អម្ចាស់​ស្តាប់​ឮ​ទ្រង់​អង្វរ​សូម​សេចក្តី​មេត្តា(ខ.៩) ហើយ​នឹង​ឆ្លើយតប តាម​ពេល​វេលា​របស់​ព្រះអង្គ(ខ.១០)។ ដោយសារ​យើង​ដឹង​ថា ព្រះ​នៃ​យើង​ជា​នរណា នោះ​យើង​តែងតែ​មាន​ក្តី​សង្ឃឹម​ជានិច្ច​។—Lisa M. Samra

តើ​អ្នក​អាច​ទូល​ថ្វាយ​ទុក្ខ​លំបាក​របស់​អ្នក ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ ពេល​ដែល​អ្នក​មាន​ការ​ឈឺ​ចាប់​ក្នុង​ជម្រៅ​ចិត្ត?

តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​ការ​ប្រោស​ឲ្យ​ជា សេចក្តី​មេត្តា និង​ការ​រំដោះ​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ឈឺ​ចាប់​ដល់​ព្រះអង្គ ហើយ​ស្វាគមន៍​ព្រះ​វត្ត​មាន​ព្រះអង្គ និង​ការ​ប្រោស​ឲ្យ​ជា ចូល​ក្នុង​ស្ថាន​ភាព​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៤-៣៦ និង កូល៉ុស ២

ល្ងាច

ភាពអាចទុកចិត្តបានរបស់ព្រះ

ភាពអាចទុកចិត្តបានរបស់ព្រះ

ដោយUltimately with R.C. Sproul

October 10, 2023

ភាព​អាច​ទុកចិត្ត​បាន​នៃ​ការ​ប្រកាស​សេចក្តី​ពិត គឺ​ពឹងផ្អែក​ទៅលើ​ភាព​អាច​ទុកចិត្ត​បាន​របស់​អ្នក​ដែល​បាន​ប្រកាស់​សេចក្តី​ពិត​នោះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ជំនឿ​របស់​គ្រីស្ទបរិស័ទ ដែល​មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ភាព​អាច​ទុកចិត្ត​បាន​របស់​ព្រះ ដែល​គ្រីស្ទបរិស័ទ​ជឿ។ អត្ថបទ កាលពីក្មេង ខ្ញុំ​ត្រូវ​គេ​ស្តី​បន្ទោស ហើយក៏​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ ដោយ​អារម្មណ៍​ឈឺ​ជាប់ ហើយ​ខ្ញុំ​ក៏បាន​យំ​ផង​ដែរ។ ពេលនោះ ម្តាយ​ខ្ញុំ​ក៏បាន​ជូត​ទឹកភ្នែក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា គេ​បាន​និយាយ​យ៉ាងនេះ ឬ​យ៉ាង​នោះ អំពី​ខ្លួនខ្ញុំ។ ហើយ​គាត់​ក៏បាន​ប្រាប់​ខ្ញុំ ឲ្យ​ពិចារណា អំពី​ប្រភព។ ខ្ញុំ​មិនដឹង​ថា គាត់​កំពុង​និយាយ​អំពីអ្វី​ទេ តែ​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ឲ្យ​ពិចារណា អំពី​ប្រភព។ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា ពេល​នរណា​ម្នាក់​និយាយ​អ្វីមួយ ភាព​អាច​ទុកចិត្ត​បាន​នៃ​ពាក្យ​សម្តី​របស់​អ្នក​និយាយ គឺ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​នឹង​ភាព​អាច​ទុកចិត្ត​បាន និង​ចារិក​លក្ខណៈ​របស់​អ្នក​ដែល​កំពុង​និយាយ​នោះ។ សព្វថ្ងៃ​នេះ ហេតុផល​មួយ ដែល​ខ្ញុំ​មិន​ចេះតែ​ជឿ​អ្វីៗ​ទាំង​អស់​ដែលគេ​និយាយប្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ធ្លាប់​ត្រូវ​គេ​និយាយ​កុហក​ជា​ញឹកញាប់​ណាស់ ក្នុង​មួយ​ជីវិត​នេះ។ តែ​ព្រះ​ទ្រង់​ធ្លាប់​កុហក​អ្នក​ទេ? ដូចនេះ ពេលណា​ខ្ញុំ​មិន​ជឿ​ព្រះបន្ទូល​របស់​ព្រះ គឺ​មានន័យថា ខ្ញុំ​កំពុងតែ​វាយប្រហារ​មក​លើ​ភាព​អាច​ទុកចិត្ត​បាន នៃ​ព្រះ​ដ៏​មាន​ចេស្តា។ ហើយ​ការ​មិន​ជឿ​ព្រះបន្ទូល​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ គឺជា​អំពើបាប។ ដូចនេះ ការ​ជឿ​ព្រះ គឺ​មិនគ្រាន់​តែ​ជឿ​ថា​ព្រះ​មាន​មែន តែ​ក៏​ត្រូវ​ជឿ​ផង​ដែរ​ថា ព្រះ​ទ្រង់​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ នៃ​ភាពជា​គ្រីស្ទបរិស័ទ។ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​សហរដ្ឋអាមេរិក ក្នុង​ពេល​សព្វថ្ងៃ យើង​ច្រើនតែ​ឮ​គេ​ផ្សាយ​ព័ត៌មាន​ថា ពេលណា​អ្នក​វិទ្យា​សាស្រ្ត​លើក​ហេតុផល​អ្វីមួយ អ្នកដឹកនាំ​ក៏បាន​ជឿ​ពួក​គេ។ ត្រង់​ចំណុច​នេះ គេ​ច្រើនតែ​ច្រឡំ​ថា ជំនឿ​មិន​ត្រូវការ​ហេតុផល​ទេ។ គេ​ថា “ការ​ជឿ​ព្រះ និង​ការ​ជឿ​ការ​អះអាង​របស់​ព្រះយេស៊ូវ​ មិន​ត្រូវការ​ហេតុផល​ទេ ដូចនេះ បើ​អ្នក​ចង់​រស់នៅ​ជា​មនុស្ស​មានហេតុ​ផល ជា​មនុស្ស​បែប​វិទ្យាសាស្រ្ត ដែល​ជឿ​ព្រះ នោះ​អ្នក​ត្រូវ​មានការ​ហក់​លោត​នៃ​សេចក្តី​ជំនឿ។ គឺ​ប្រៀប​ដូចជា​ការ​បិទ​ភ្នែក បិទ​ច្រមុះ ហើយ​លោត​ចូល​ទៅ​ក្នុង​ភាព​ងងឹត ដោយ​សង្ឃឹមថា ព្រះយេស៊ូវ​នឹង​ទ្រ​អ្នក”។ ការ​និយាយ​ដូចនេះ គឺជា​ការប្រមាថ​ព្រះវិញ្ញាណ​នៃ​ព្រះ។ ព្រះគម្ពីរ​មិនដែល​ប្រាប់​យើង​ឲ្យ​លោក​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ​ទេ តែ​បាន​ប្រាប់​យើង ឲ្យ​លោត​​ចេញពី​ភាព​ងងឹត​ចូល​ទៅ​ក្នុង​ពន្លឺ។ លោកគ្រូ អូ​គូស្ទីន(Augustine) បាន​ធ្វើការ​បកស្រាយ​ភាព​ខុសគ្នា​រវាង​សេចក្តី​ជំនឿ និង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល។ ការ​ជឿ​ដោយ​គ្មាន​ហេតុផល គឺជា​ការ​ជឿ​លើ​អ្វីក៏ដោយ​ដែលគេ​ប្រាប់ ដោយ​មិន​ស្វែងរក​ហេតុផល។ តែ​សេចក្តី​ជំនឿ​ពិត សេចក្តី​ជំនឿ​តាម​ព្រះគម្ពីរ មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ភាព​អាច​ទុកចិត្ត​បាន​របស់​ព្រះ។ គ្មានអ្វី​អាច​មិន​សម​ហេតុផល​ជាង​ការសង្ស័យ​ព្រះបន្ទូល​ដែល​មក​ពី​ព្រះ​នោះ​ឡើយ។ ដោយសារ​ព្រះអង្គ​ជា​ព្រះ​ពិត ព្រះ​នៃ​សេចក្តី​ពិត ដែល​មិនដែល​កុហក នោះ​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល នោះ​យើង​អាច​ជឿ​បាន។ ព្រះបន្ទូល​ព្រះអង្គ​ជា​សេចក្តី​ពិត ទោះ​យើង​ជឿ ឬ​មិន​ជឿ ឬក៏​គាំទ្រ ឬ​មិន​គាំទ្រ​ក៏ដោយ។ យើង​មានការ​សង្ស័យ​មក​លើ​ព្រះបន្ទូល​ព្រះ គឺ​ដោយសារ​យើង​មិនបាន​ជឿជាក់ មក​លើ​ភាព​អាច​ទុកចិត្ត​របស់​របស់​ព្រះអង្គ ក្នុង​ការ​ពិពណ៌នា​អំពី​សណ្ឋាន​ពិត​របស់​យើង។ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ(រ៉ូម ៣:៤)។

ប្រភេទ