យើងមិនជួយធ្វើការឲ្យព្រះអង្គឡើយ

“ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។

តើ​ព្រះ​ទ្រង់​កំពុង​រកមើល​អ្វី ក្នុង​ពិភពលោក​នេះ? តើ​រក​ជំនួយការ​ឬ? ទេ ដំណឹងល្អ​របស់​ព្រះអង្គ មិនមែន​ជា​ដំណឹង​ដែលគេ​សរសេរ​នៅ​លើ​ផ្លាក ដើម្បី “សុំ​ជំនួយ” នោះ​ទេ។ ហើយក៏​មិនមែន​ជា​ការ​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​បម្រើ​ព្រះអង្គ​ដែរ។

ព្រះ​ទ្រង់​មិនមែន​កំពុងតែ​ស្វែងរក​មនុស្ស​ជួយ​ធ្វើការ​ថ្វាយព្រះ​អង្គ​នោះ​ឡើយ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះអង្គ​ជា​អ្នកធ្វើការ​ដ៏​អស្ចារ្យ។ ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ស្មា​ធំ​ទូលាយ​ដែល​អាច​សែង​បន្ទុក​ធ្ងន់​បាន។ ព្រះអង្គ​មាន​កម្លាំង​ខ្លាំង​ណាស់។ ហើយ​ព្រះអង្គ​កំពុង​ស្វែងរក​វិធី​បង្ហាញ​លក្ខណៈ​សម្បត្តិ​ទាំងនេះ។ ព្រះ​ពិត​ខុសពី​ព្រះ​របស់​លោកិយ ត្រង់​ចំណុច​ដែល​ថា ព្រះអង្គ​ធ្វើការ​ជំនួស​យើង។ បទ​គម្ពីរ​អេសាយ ៦៤:៤ បាន​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”។

តើ​ព្រះ​ទ្រង់​ចង់បាន​អ្វី​ពី​យើង? គឺ​មិន​ដូច​ការ​រំពឹងគិត​របស់​យើង​ទេ។ ព្រះអង្គ​បាន​ស្តី​បន្ទោស​ពួក​អ៊ីស្រាអែល ដោយសារ​ពួក​គេ​បាន​នាំ​ដង្វាយ​ជាច្រើន : គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​អញ​មិន​យក​គោឈ្មោល​ពី​ផ្ទះ​ឯង … តែ​អញ​មិន​យក​គោឈ្មោល​ពី​ផ្ទះ​ឯង

ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ … បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពីព្រោះ​លោកីយ៍ និង​របស់​សព្វសារពើ​ក្នុង​លោក ជា​របស់​ផង​អញ”(ទំនុកដំកើង ៥០:៩-១០,១២)។

តើមាន​អ្វី​ដែល​យើង​អាច​ថ្វាយព្រះ ដោយ​មិន​បន្ទាប​ព្រះអង្គ ឲ្យ​នៅ​ត្រឹម​ជា​អ្នកទទួល​ជំនួយ?

បាទ យើង​អាច​ថ្វាយ​ការ​ថប់បារម្ភ តម្រូវការ និង​ចិត្ត​ដែល​ស្រេកឃ្លាន​ចង់​ធ្វើតាម​បំណង​ព្រះទ័យ​ព្រះអង្គ។

ព្រះអង្គ​បាន​បង្គាប់​យើង​ថា “ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នករាល់គ្នា​ទៅលើ​ទ្រង់”(១ពេត្រុស ៥:៧)។ ព្រះ​ទ្រង់​នឹង​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ពី​យើង ដែល​បង្ហាញ​ឲ្យ​ឃើញ​ការពឹងផ្អែក​របស់​យើង និង​ភាព​គ្រប់គ្រាន់​របស់​ព្រះអង្គ។

ជំនឿ​លើ​ព្រះគ្រីស្ទ​គឺជា​ដំណើរ​នៃ​ការ​ជា​សះស្បើយ​ពី​ជំងឺ។ អ្នកជំងឺ​មិន​បម្រើ​គ្រូពេទ្យ​របស់​ខ្លួន​ឡើយ។ ពួក​គេ​ទុកចិត្ត​ថា គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា និង​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាល​ដ៏​ល្អ។ ការអធិប្បាយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​នៅ​លើ​ភ្នំ គឺជា​ការណែនាំ និង​វេជ្ជបញ្ជា​របស់​ព្រះ​ដ៏​ជា​គ្រូពេទ្យ​គឺ​មិនមែន​ជា​ការ​ពិពណ៌នា​របស់​ចៅហ្វាយ​នាយ​​យើង អំពី​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ឡើយ។

ជីវិត​របស់​យើង​មិន​ផ្តេក​ផ្តួល​ទៅលើ​ការ​ធ្វើការ​ឲ្យ​ព្រះអង្គ​នោះ​ទេ។ “រី​ឯ​អ្នកណា​ដែល​ធ្វើការ នោះ​រង្វាន់​មិនរាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុកជា​ថ្លៃឈ្នួល​វិញ​ទេតើ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើការ​សោះ គឺ​គ្រាន់តែ​ជឿ​ដល់​ព្រះអង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្តី​ជំនឿ​របស់​អ្នកនោះ បាន​រាប់​ទុកជា​សេចក្តី​សុចរិត​វិញ”(រ៉ូម ៤:៤-៥)។

អ្នកស៊ីឈ្នួល​មិន​ទទួល​អំណោយ​ចៅហ្វាយ​របស់​ខ្លួន តែ​ពួក​គេ​ទទួល​ប្រាក់ឈ្នួល ឬ​ប្រាក់ខែ​វិញ។ បើ​យើង​បាន​ទទួល​អំណោយ​នៃ​ការ​រាប់​ជា​សុចរិត​ពី​ព្រះ នោះ​យើង​មិន​ហ៊ាន​ខំ​ប្រព្រឹត្ត​ល្អ​ដើម្បីឲ្យ​បាន​សុចរិត​នោះ​ឡើយ។ ក្នុងករណី​នេះ ព្រះ​ទ្រង់​ជា​អ្នកធ្វើការ។ ហើយ​ព្រះអង្គ​ទទួល​បាន​សិរីល្អ ក្នុងនាម​ជា​អ្នក​ប្រទាន​ព្រះគុណ មិនមែន​ជា​អ្នកទទួល​ជំនួយ​ពី​ការបម្រើ​របស់​យើង​នោះ​ឡើយ។

More articles