សូមបើកភ្នែកនៃដួងចិត្តទូលបង្គំ

អេភេសូរ ១:១៥-២៣

សូម​ឲ្យ​ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ….បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់​។ អេភេសូរ ១:១៧

កាលពី​ឆ្នាំ២០០១ កូន​ង៉ែត​ម្នាក់ ឈ្មោះ គ្រីស្ទោហ្វ័រ ដាហ្វលី(Christopher Duffley) បាន​កើត​មិន​គ្រប់ខែ ដោយ​គេ​មិន​មាន​សង្ឃឹមថា គាត់​អាច​មាន​ជីវិត​រស់​បានទេ​។ តែ​គាត់​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ធ្វើ​ឲ្យ​ក្រុម​វេជ្ជ​បណ្ឌិត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ពេល​គាត់​មាន​អាយុ​៥ខែ គេ​ក៏​បាន​យក​គាត់​ទៅ​ដាក់​នៅ​ក្នុង​មន្ទីរ​ថែទាំ​កុមារ​ដែល​កើត​មិន​គ្រប់​លក្ខណៈ រហូត​ដល់​ពេល​ដែល​អ៊ំ​ស្រី​របស់​គាត់​យក​គាត់​ទៅ​ចិញ្ចឹម​។ គ្រូ​បង្រៀន​ម្នាក់​បាន​ដឹង​ថា គ្រីស្ទោហ្វ័រ ជា​ក្មេង​ប្រុស​អាយុ៤ឆ្នាំ ដែល​មាន​សម្លេង​ល្អ​ឥត​ខ្ចោះ ទោះ​គាត់​ពិការ​ភ្នែក ហើយ​មាន​ជំងឺ​អូទីហ្សិម​ក៏ដោយ​។ ៦ឆ្នាំ​ក្រោយមក គ្រីស្ទោហ្វ័រ​ក៏បាន​ឡើង​ច្រៀង បទចម្រៀង​ពិសេស នៅ​ក្នុង​កម្មវិធី​ថ្វាយបង្គំ​នៅ​ព្រះវិហារ មាន​ចំណង​ជើង​ថា “សូម​ព្រះ​អង្គ​បើក​ភ្នែក​នៃ​ដួង​ចិត្ត​ទូល​បង្គំ”។ គេ​បាន​ថត​សកម្មភាព​ច្រៀង​របស់​គាត់ បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​មាន​មនុស្ស​រាប់​លាន​នាក់​បាន​ទស្សនា​វីដេអូ​នោះ​។ នៅ​ឆ្នាំ២០២០ គ្រីស្ទោហ្វ័រ​បាន​ចែក​ចាយ​អំពី​គោលដៅ​របស់​គាត់ ដែល​ចង់​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​លើក​ទឹក​ចិត្ត​ជន​ពិការ​។ គាត់​បាន​បន្ត​បង្ហាញ​ឲ្យ​គេ​ដឹង​ថា លទ្ធ​ភាព​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​គ្មាន​ដែន​កំណត់​ឡើយ នៅ​ពេលណា​គាត់​បើក​ភ្នែក​នៃ​ដួង​ចិត្ត​គាត់ មើលទៅ​ផែនការ​របស់​ព្រះអង្គ​។

សាវ័ក​ប៉ុល​បាន​កោត​សរសើរ​សេចក្តី​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ(អេភេសូរ ១:១៥-១៦)។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​ពួកគេ​នូវ “ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់”(ខ.១៧)។ គាត់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​បាន​ភ្លឺ ឬ​បើក​ឡើង ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​សេចក្តី​សង្ឃឹម និង​មរដក ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន​រាស្រ្ត​ព្រះអង្គ(ខ.១៨)។

ខណៈ​ពេល​ដែល​យើង​ទូល​សូម​ព្រះ​ទ្រង់​បើក​សម្ដែង​ព្រះអង្គ​ទ្រង់​ដល់​យើង យើង​អាច​ស្គាល់​ព្រះអង្គ​កាន់តែ​ច្បាស់ ហើយ​អាច​ប្រកាស​អំពី​ព្រះ​នាម ព្រះ​ចេស្តា និង​អំណាច​របស់​ព្រះអង្គ ដោយ​ទំនុក​ចិត្ត(ខ.១៩-២៣)។ ដោយ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ និង​សេចក្តី​ស្រឡាញ់​ចំពោះ​រាស្រ្ត​ព្រះអង្គ​ទាំង​អស់ យើង​អាច​រស់នៅ តាម​របៀប​ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា គ្មាន​អ្វី​ដែល​ព្រះអង្គ​​ធ្វើមិន​​បាន​នោះ​ឡើយ ខណៈ​ពេល​ដែល​យើង​ទូល​សូម​ព្រះ​អង្គ​បើក​ភ្នែក​នៃ​ដួង​ចិត្ត​យើង​។—Xochitl Dixon

តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក​ជម្នះ​ឧបសគ្គ និង​ដែន​កំណត់​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​ស្គាល់​សេចក្តី​ពិត ចារិក​លក្ខណៈ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​អ្នក​ឆ្លង​កាត់​បញ្ហា​ប្រឈម​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ដ៏​មាន​ចេស្តា និង​សេចក្តី​មេត្តា សូម​ព្រះ​អង្គ​បើក​ភ្នែក​នៃ​ដួង​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​ដឹង ស្រឡាញ់ និង​រស់នៅ​ថ្វាយ​ព្រះអង្គ ដោយ​សេចក្តី​ជំនឿ​ដ៏​ក្លាហាន ដែល​នាំ​អ្នក​ដទៃ​ឲ្យ​ថ្វាយបង្គំ​ព្រះអង្គ​។

For further study, read Why Should I Trust God? at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៧-៣៨ និង កូល៉ុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles