អេសាយ ២៦:១-៤
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច។ អេសាយ ២៦:៤
នៅពេលព្រឹកមួយ នៅរដូវរងា ខ្ញុំបានបើករនាំងបាំងពន្លឺ នៅមាត់បង្អួច ហើយក៏បានឃើញទស្សនីយភាពដែលគួរឲ្យភ្ញាក់ផ្អើល។ អ័ព្ទដ៏សែនក្រាស់បានគ្របដណ្តប់តំបន់ដែលខ្ញុំរស់នៅ។ អ្នកព្យាករណ៍ឧតុនិយមបានធ្វើការព្យាករណ៍ថា តំបន់យើងនឹង “ចុះអ័ព្ទក្រាស់ដែលត្រជាក់ខ្លាំង”។ រឿងនេះកម្រកើតមានក្នុងតំបន់ដែលខ្ញុំរស់នៅណាស់ ហើយយើងកាន់តែមានការភ្ញាក់ផ្អើលមួយកំរិតទៀត ពេលដែលអ្នកព្យាករណ៍ឧតុនិយមបានជូនដំណឹងទៀតថា ផ្ទៃមេឃនឹងស្រឡះ ហើយមានពន្លឺថ្ងៃ ក្នុងរយៈពេល១ម៉ោងទៀត។ ខ្ញុំក៏បានប្រាប់ស្វាមីខ្ញុំថា “រឿងនេះមិនអាចកើតឡើងបានទេ ព្រោះអ័ព្ទក្រាស់យ៉ាងនេះ យើងស្ទើរតែមិនអាចមើលទៅមុខបានចម្ងាយមួយម៉ែត្រ។ ប៉ុន្តែ មិនទាន់បាន១ម៉ោងផង អ័ព្ទក៏បានរលាយបាត់អស់ ហើយផ្ទៃមេឃក៏បានចាប់ផ្តើមប្រែពណ៌ខៀវស្រឡះមានពន្លឺថ្ងៃ។
ពេលខ្ញុំឈរមាត់បង្អួច ខ្ញុំក៏បានពិចារណាអំពីកំរិតនៃសេចក្តីជំនឿរបស់ខ្ញុំ ពេលដែលខ្ញុំអាចមើលឃើញតែអ័ព្ទក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានសួរស្វាមីខ្ញុំថា “តើខ្ញុំទុកចិត្តព្រះអង្គ ដោយសារតែការអ្វីដែលខ្ញុំអាចមើលឃើញឬ?
បន្ទាប់ពីស្តេចអ៊ូសៀសបានសុគត មានអ្នកដឹកនាំពុករលួយមួយចំនួនបានឡើងកាន់អំណាច ក្នុងនគរយូដា។ ពេលនោះ ហោរាអេសាយក៏បានសួរសំណួរស្រដៀងនេះផងដែរ។ តើយើងអាចទុកចិត្តនរណា? ព្រះទ្រង់ក៏បានឆ្លើយតប ដោយប្រទានហោរាអេសាយ នូវការបើកសម្ដែងមួយដែលអស្ចារ្យយ៉ាងខ្លាំង បានជាលោកហោរារូបនេះទុកចិត្តព្រះអង្គ ហើយថ្វាយពេលអនាគតរបស់គាត់ដល់ព្រះអង្គ។ គឺដូចដែលហោរាអេសាយបានសរសើរដំកើងព្រះអង្គថា “ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់”(អេសាយ ២៦:៣)។ លោកហោរាក៏បានពោលទៀតថា “ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។
ពេលណាចិត្តរបស់យើងផ្ដោតទៅលើព្រះអង្គ យើងអាចទុកចិត្តព្រះអង្គ សូម្បីតែក្នុងអំឡុងពេលដែលវិញ្ញាណរបស់យើងមានពេញទៅដោយអ័ព្ទក្រាស់ និងការភាន់ភាំងក៏ដោយ។ ស្ថិតក្នុងពេលបែបនោះ យើងមិនអាចមើលឃើញអ្វីច្បាស់ តែបើយើងទុកចិត្តព្រះអង្គ យើងអាចមានជំនឿថា ព្រះអង្គនឹងជួយយើងមិនខាន។—Patricia Raybon
ពេលណាជីវិតមានអ័ព្ទក្រាស់ និងការភាន់ភាំង តើអ្នកទុកចិត្តនរណា? តើអ្នកអាចបង្វែរគំនិតរបស់អ្នកចេញពីបញ្ហានៅថ្ងៃនេះ ហើយងាកទៅរកព្រះដ៏អស់កល្បនៃយើងយ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ លោកិយហាក់មានពេញដោយអ័ព្ទក្រាស់ និងការភាន់ភាំង នៅថ្ងៃនេះ សូមព្រះអង្គជួយទូលបង្គំឲ្យផ្តោតទៅលើព្រះអង្គ ជាអ្នកដែលទូលបង្គំអាចទុកចិត្តជារៀងរហូត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤១-៤២ និង ១ថែស្សាឡូនិច ១