និក្ខមនំ ៤:១-៥
“ទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ”។ និក្ខមនំ ៣:១២
មានពេលមួយ លោកគីហ្សុមបូ(Kizombo) អង្គុយមើលភ្នក់ភ្លើង នៅកន្លែងបោះជំរំ ដោយជញ្ជឹងគិតអំពីសំណួរសំខាន់ៗ សម្រាប់ជីវិតគាត់។ គាត់សួរខ្លួនឯងថា តើខ្ញុំសម្រេចបានអ្វីខ្លះហើយ? គាត់ក៏បានឆ្លើយប្រាប់ខ្លួនឯងភ្លាមៗថា ខ្ញុំមិនសម្រេចអ្វីបានច្រើនទេ។ គាត់បានវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដោយបម្រើការក្នុងសាលារៀនដែលឪពុកគាត់បានបង្កើត នៅក្នុងព្រៃជ្រៅ។ គាត់ក៏កំពុងតែខិតខំសរសេរទីបន្ទាល់ដ៏មានអំណាចនៃជីវិតរបស់ឪពុកគាត់ ដែលបានរួចផុតពីសេចក្តីស្លាប់ នៅក្នុងសង្គ្រាមស៊ីវិលពីរលើក។ គាត់ក៏បានសួរខ្លួនឯងទៀតថា តើខ្ញុំជាអ្វី ដែលត្រូវខំធ្វើកិច្ចការទាំងអស់នេះ?
សំណួរដែលលោកគីហ្សុមបូបានសួរដោយខ្វះទំនុកចិត្ត បានធ្វើឲ្យខ្ញុំនឹកចាំអំពីលោកម៉ូសេ។ មានពេលមួយ ព្រះទ្រង់ទើបតែបានប្រទានបេសកកម្មមួយ ឲ្យលោកម៉ូសេនាំរាស្ត្រព្រះអង្គ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក”(និក្ខមនំ ៣:១០)។ លោកម៉ូសេក៏បានឆ្លើយតបថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ?” (ខ.១១)។
បន្ទាប់ពីលោកម៉ូសេបាននិយាយដោះសារ ព្រះអង្គក៏បានសួរគាត់ថា “តើមានអ្វីនៅដៃឯងនោះ?” លោកទូលឆ្លើយថា “មានដំបង”(៤:២)។ លោកម៉ូសេក៏បានបោះដំបងទៅលើដី តាមបង្គាប់ព្រះអង្គ។ ដំបងក៏បានប្រែក្លាយជាសត្វពស់មួយក្បាល។ លោកម៉ូសេក៏បានចាប់កាន់សត្វពោះនោះ តាមបង្គាប់ព្រះអង្គ ហើយវាក៏បានប្រែក្លាយជាដំបងនៅក្នុងដៃរបស់គាត់វិញ(ខ.៤)។ លោកម៉ូសេក៏អាចទៅប្រឈមមុខដាក់ស្តេចផារ៉ោន ដោយព្រះចេស្តារបស់ព្រះ។ តាមរយៈការអស្ចារ្យដែលព្រះអង្គធ្វើតាមរយៈគាត់ គេក៏បានដឹងថា ព្រះក្លែងក្លាយរបស់សាសន៍អេស៊ីព្ទ គ្មានអំណាចអ្វីមកលើព្រះពិតដែលមានតែមួយអង្គ។
លោកគីហ្សុមបូក៏បាននឹកឃើញលោកម៉ូសេ ហើយព្រះអង្គក៏បានប្រទានចម្លើយ ឲ្យគាត់បានដឹងច្បាស់ថា គាត់មានព្រះអង្គ និងព្រះបន្ទូលព្រះអង្គ។ គាត់ក៏បានគិតដល់មិត្តភក្តិរបស់គាត់ ដែលបានលើកទឹកចិត្តគាត់ ឲ្យសរសេរទីបន្ទាល់របស់ឪពុកគាត់ ដើម្បីឲ្យអ្នកដទៃបានដឹងអំពីព្រះចេស្ដារបស់ព្រះ ដែលបានធ្វើការក្នុងជីវិតគាត់ផងដែរ។ ដូចនេះ គាត់មិនបានធ្វើការបម្រើព្រះអង្គតែម្នាក់ឯងនោះឡើយ។
បើយើងពឹងអាងសមត្ថភាពខ្លួនឯង ការប្រឹងប្រែងរបស់យើងមិនគ្រប់គ្រាន់ឡើយ។ ប៉ុន្តែ យើងបម្រើព្រះ ដែលបានមានបន្ទូលថា ព្រះអង្គនឹងគង់នៅជាមួយយើងជានិច្ច(៣:១២)។—Tim Gustafson
តើអ្នកមានអ្វីដែលព្រះទ្រង់អាចប្រើប្រាស់? តើអ្នកអាចមានការលើកទឹកចិត្តប៉ុណ្ណា ពេលដែលអ្នកពិចារណា អំពីរបៀបដែលព្រះអង្គអាចប្រើអ្នក?
ឱព្រះវរបិតា ទូលបង្គំមានព្រះអង្គ ដូចនេះទូលបង្គំមិនខ្វះអ្វីឡើយ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។
To learn more about finding and following your God-given calling, visit ODBU.org/topic/SF010-01-lecture.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៧-៤៩ និង ១ថែស្សាឡូនិច ៤