យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

ហេព្រើរ ៦:១៦-២០

យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូចជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំងនន​។ ហេព្រើរ ៦:១៩

មាន​ពេល​មួយ​ខ្ញុំ​បាន​យក​រូបថត​មួយ​សន្លឹក បង្ហាញ​សិស្ស​សាលា​រៀន​ថ្ងៃ​អា​ទិត្យ ថ្នាក់ទី៦​។ ក្នុង​រូបថត​នោះ យើង​អាច​ឃើញ​ជន​អនាថា​ដេក​នៅ​ក្រោម​ដំបូល​ធ្វើ​ក្រដាស​ឡាំង នៅ​ច្រក​ផ្លូវឌឿងហែម​ដែល​មិន​សូវ​មាន​ពន្លឺ​។ ខ្ញុំ​ក៏បាន​សួរ​ពួក​គេ​ថា តើ​ជន​អនាថា​ទាំង​នោះ​កំពុងតែ​ត្រូវ​ការ​អ្វី? ខ្លះ​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​អាហារ”។ ខ្លះ​ទៀត​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​លុយ”។ ក្មេង​ប្រុស​ម្នាក់​ក៏បាន​ឆ្លើយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា “ពួកគេ​ត្រូវ​ការ​កន្លែង​រស់នៅ​មាន​សុវត្ថិភាព”។ បន្ទាប់មក ក្មេង​ស្រី​ម្នាក់​ក៏​បាន​និយាយ​ថា “ពួកគេ​ត្រូវ​ការ​សេចក្តី​សង្ឃឹម”។

នាង​ក៏​បាន​ពន្យល់​ថា “សេចក្តី​សង្ឃឹម គឺជា​ការ​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​សម្ដី​របស់​នាង ពេល​ដែល​នាង​​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង ព្រោះ​មនុស្ស​យើង​ងាយ​នឹង​ឈប់​រំពឹង​ថា ការ​ល្អ​នឹង​កើត​មាន​ឡើង ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។ ពាក្យ​សម្ដី​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បក​ស្រាយ​ក្នុង​ព្រះ​គម្ពីរ​។ “បើ​សេចក្តី​ជំនឿ គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម”(ហេព្រើរ ១១:១) នោះ​មានន័យថា អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ អាច​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង​ផង​ដែរ​។

តើមាន​ការ​អ្វី​ដែល​ល្អ​បំផុត ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​សង្ឃឹមថា នឹង​ទទួល​បាន ដោយ​សេចក្តី​ជំនឿ? គឺ “ព្រះ​បន្ទូល​សន្យា​ថា នឹង​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ”(៤:១)។ សម្រាប់​អ្នកជឿ ការ​សម្រាក​របស់​ព្រះអង្គ​រាប់​បញ្ចូល សន្តិភាព​របស់​ព្រះអង្គ ការ​ទុក​ចិត្ត​ថា​បាន​សង្គ្រោះ ការ​ពឹង​ផ្អែក​ទៅលើ​កម្លាំង​របស់​ព្រះអង្គ និង​ការ​ដឹង​ច្បាស់​ថា នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​នៅពេល​អនាគត​។ ការ​ធានា និង​សេចក្តី​សង្គ្រោះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន គឺជា​មូល​ហេតុ​ដែល​យើង​អាច​មាន​សេចក្តី​សង្ឃឹម ធ្វើ​ជា​យុថ្កា ដោយ​ឈរ​យ៉ាង​មាំមួន នៅ​ក្នុង​ទុក្ខ​លំបាក(៦:១៨-២០)។ ជា​ការ​ពិត​ណាស់ លោកិយ​ត្រូវ​ការ​សេចក្តី​សង្ឃឹម ដោយ​ការ​ធានា​ពិត​ប្រាកដ​ពី​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​សម្រេច​លទ្ធផល​ចុង​ក្រោយ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដែល​ល្អ ឬ​អាក្រក់​យ៉ាងណា​ក៏ដោយ​។ ពេលណា​យើង​ទុកចិត្ត​ព្រះអង្គ យើង​ដឹង​ថា ព្រះអង្គ​នឹង​សម្រេច​អ្វីៗ​ទាំង​អស់ យ៉ាង​ត្រឹម​ត្រូវ តាម​ពេល​វេលា​របស់​ព្រះអង្គ​។—Karen Huang

តើ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត ហើយ​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ឃឹម និង​ទំនុក​ចិត្ត​ដូច​ម្តេច​ខ្លះ? តើមាន​ការ​អ្វី​ខ្លះ ដែល​អ្នក​អាច​អរ​ព្រះគុណ​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ សេចក្តី​សង្ឃឹម​ដែល​ទូល​បង្គំ​មាន​ក្នុង​ព្រះអង្គ មាន​ភាព​រឹងមាំ និង​ស្ថិត​ស្ថេរ មិនមែន​ដោយសារ​ទូល​បង្គំ​មាន​ជំនឿ​ខ្លាំង តែ​ដោយសារ​ព្រះអង្គ​មាន​ព្រះទ័យ​ស្មោះ​ត្រង់ ក្នុង​ការ​អ្វី​ដែល​ព្រះអង្គ​បាន​សន្យា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥០-៥២ និង ១ថែស្សាឡូនិច ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles