ព្រឹក

កុំអស់សង្ឃឹម
ដោយCindy Hesskasper
October 23, 2023
២កូរិនថូស ៤:១៦-១៨ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ២កូរិនថូស ៤:១៦ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំមិនដែលឃើញម្តាយខ្ញុំមានសុខភាពល្អ ម្តងណាឡើយ។ គាត់បានកើតជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ ហើយជាតិស្ករក្នុងឈាមគាត់បានឡើងចុះ មិនដែលទៀងទាត់។ សុខភាពគាត់មានបញ្ហាកាន់តែស្មុគស្មាញ ហើយតម្រងនោមរបស់គាត់ក៏បានខូច បានជាគាត់ចាំបាច់ត្រូវទៅលាងឈាមជាប្រចាំ។ ការខូចប្រព័ន្ធប្រសាទ និងការបាក់ឆ្អឹងបានបណ្តាលឲ្យគាត់ត្រូវប្រើប្រាស់រទេះរុញ។ ភ្នែករបស់គាត់ក៏ចាប់ផ្តើមអន់ខ្សោយកាន់តែខ្លាំង ឆ្ពោះទៅរកភាពពិការភ្នែក។ ប៉ុន្តែ ខណៈពេលដែលរូបកាយគាត់មានការចុះខ្សោយឥតឈប់ឈរ ជីវិតនៃការអធិស្ឋានរបស់គាត់មានការចម្រើនឡើងយ៉ាងខ្លាំងក្លា។ គាត់បានចំណាយពេលរាប់ម៉ោង អធិស្ឋានឲ្យអ្នកដទៃ ឲ្យស្គាល់ និងដកពិសោធន៍ជាមួយក្តីស្រឡាញ់របស់ព្រះ។ ព្រះបន្ទូលដ៏មានតម្លៃក្នុងព្រះគម្ពីរ មានរស់ជាតិកាន់តែផ្អែមសម្រាប់គាត់។ មុនពេលភ្នែកគាត់ងងឹត គាត់បានសរសេរសំបុត្រផ្ញើទៅប្អូនស្រីគាត់ ដោយរាប់បញ្ចូលទាំងខគម្ពីរ២កូរិនថូស ជំពូក៤ ដែលបានចែងថា “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ”(ខ.១៦)។ សាវ័កប៉ុលដឹងថា មនុស្សងាយនឹងជួបភាពអស់សង្ឃឹម។ ក្នុងបទគម្ពីរ ២កូរិនថូស ជំពូក១១ គាត់បានពិពណ៌នា អំពីជីវិតរបស់គាត់ ដែលជួបគ្រោះថ្នាក់ ការឈឺចាប់ និងការខ្វះខាត(ខ.២៣-២៩)។ តែគាត់ដឹងថា ទុក្ខលំបាកទាំងនោះមិនស្ថិតស្ថេរឡើយ។ ហើយគាត់ក៏បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងអាចមើលឃើញ និងការអ្វីដែលយើងមិនអាចមើលឃើញ ដែលមានភាពស្ថិតស្ថេរអស់កល្ប(៤:១៧-១៨)។ ទោះមានរឿងអ្វីកើតឡើងចំពោះយើងក៏ដោយ ក៏ព្រះវរបិតានៃសេចក្តីស្រឡាញ់របស់យើង នៅតែបន្តកែប្រែវិញ្ញាណយើងឲ្យថ្មីឡើងជារៀងរាល់ថ្ងៃ។ ព្រះវត្តមានរបស់ព្រះអង្គគង់ក្នុងយើងជារៀងរហូត។ តាមរយៈការអធិស្ឋាន យើងអាចចូលទៅរកព្រះអង្គបានគ្រប់ពេល។ ហើយយើងនៅតែអាចជឿព្រះបន្ទូល ដែលបានសន្យាថា នឹងចម្រើនកម្លាំងយើង និងប្រទានយើងនូវក្តីសង្ឃឹម និងក្តីអំណរ។—Cindy Hess Kasper
តើមានអ្វីបណ្តាលឲ្យអ្នកបាក់ទឹកចិត្ត ឬអស់សង្ឃឹម? តើមានបទគម្ពីរណាដែលកំពុងលើកទឹកចិត្តអ្នកជាពិសេស?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលព្រះអង្គមានចំពោះទូលបង្គំ និងការធានាថា ព្រះអង្គនឹងគង់នៅជាមួយទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣-៥ និង ១ធីម៉ូថេ ៤
ប្រភេទ
ល្ងាច

ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?
ដោយUltimately with R.C. Sproul
October 23, 2023
ហេតុអ្វីគេហៅអង្គទី៣នៃព្រះត្រៃឯកថា ព្រះវិញ្ញាណបរិសុទ្ធ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីមូលហេតុមួយ ដែលគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ ដែលមូលហេតុនេះស្ថិតនៅក្នុងព្រះរាជកិច្ចប្រោសលោះរបស់ព្រះវិញ្ញាណ ដែលធ្វើឲ្យយើងបរិសុទ្ធ នៅក្នុងការញែកយើងជាបរិសុទ្ធ។ អត្ថបទ ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ? មានមូលហេតុមួយចំនួន ដែលគេបានហៅព្រះអង្គថាព្រះវិញ្ញាណបរិសុទ្ធ តែយ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែលគេបានប្រើសំដៅទៅលើព្រះវិញ្ញាណ គឺពិតជាបានឆ្លុះបញ្ចាំងអំពីព្រះរាជកិច្ចដ៏ជាក់លាក់មួយ ដែលព្រះអង្គបានធ្វើ ដើម្បីប្រោសលោះយើងឲ្យរួចពីបាប។ ក្នុងចំណោមព្រះត្រៃឯក ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គដែលមានតួនាទីដ៏សំខាន់ នៅក្នុងការញែកយើងជាបរិសុទ្ធ និងក្នុងការជួយឲ្យយើងអាចត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រា ជាព្រះគ្រីស្ទ ដែលការផ្លាស់ប្រែនេះធ្វើឲ្យយើងបរិសុទ្ធ។ ដូចនេះ ជាញឹកញាប់ ខ្ញុំបានឮគ្រីស្ទបរិស័ទសួរខ្ញុំថា “តើព្រះទ្រង់មានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ?” ពុំនោះទេ ពួកគេក៏បានសួរខ្ញុំអំពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំក៏បាននាំពួកគេបើកព្រះគម្ពីរមើល ហើយប្រាប់ពួកគេថា “សូមព្យាយាមមើលពាក្យដែលមានចែងក្នុងព្រះគម្ពីរ ហើយកុំស្តាប់តាមការលេងពាក្យ ឬការបង្រៀនប្លែកៗពីគ្រូណាមួយនោះឡើយ”។ ជាការពិតណាស់ មានពេលដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្ស ពីកន្លែងមួយទៅកន្លែងមួយទៀត ទៅកាន់ទីកន្លែង និងកិច្ចការដ៏ជាក់លាក់ណាមួយ។ តែតាមការបង្រៀនក្នុងព្រះគម្ពីរ តើព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សទៅរកអ្វី? គឺទៅរកសេចក្តីបរិសុទ្ធ។ តើព្រះអង្គមានគោលបំណងធំបំផុតយ៉ាងណាខ្លះ សម្រាប់ជីវិតអ្នក? តើដើម្បីរៀបការនារីម្នាក់នេះ ឬម្នាក់នោះឬ? ទេ បើអ្នកចង់ដឹងអំពីបំណងព្រះទ័យព្រះ សម្រាប់ជីវិតអ្នក ព្រះគម្ពីរបានចែងថា “ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ”(១ថែស្សាឡូនិច ៤:៣)។ នេះជាកិច្ចការធំបំផុតដែលដំណើរការ ដោយការប្រសព្វ និងការសហការណ៍ជាមួយ អំណាច និងព្រះវត្តមាន ព្រមទាំងព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។