ព្រះ​អង្គ​កែ​ប្រែ​ផេះ​ឲ្យ​ក្លាយ​ជា​ភួង​លម្អ

អេសាយ ៦១:១-៤

ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ … នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ។ អេសាយ ៦១:១,៣

បន្ទាប់ពី​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​បង្ក​វិនាស​កម្ម​ខ្លាំង​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ​រដ្ឋ​ខូឡូរ៉ាដូ មាន​អង្គការ​គ្រីស្ទបរិស័ទ​មួយ​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ក្រុម​គ្រួសារ​ទាំងឡាយ​រុករក​វត្ថុ​មាន​តម្លៃ នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ដែល​អគ្គីភ័យ​បាន​បំផ្លាញ​ទាំងស្រុង​។ សមាជិក​របស់​គ្រួសារ​ទាំង​នោះ ក៏បាន​លើក​ឡើង​អំពី​វត្ថុ​មាន​តម្លៃ ដែល​ពួក​គេ​សង្ឃឹមថា នៅ​សេសសល់​។ មាន​របស់​ទ្រព្យ​តិចតួច​ណាស់​ដែល​នៅសល់​។ បុរស​ម្នាក់​បាន​រៀបរាប់​យ៉ាង​ស្រទន់​អំពី​ចិញ្ចៀន​រៀប​ការ​របស់​គាត់​។ គាត់​បាន​ដាក់​វា​នៅ​លើ​ទូ​ដាក់​ខោអាវ ក្នុង​បន្ទប់​គេង​នៅ​ជាន់លើ​។ ផ្ទះ​របស់​គាត់​បាន​ទទួលរង​ការខូចខាត​ទាំងស្រុង ដោយ​អ្វីៗ​ដែល​ធ្លាប់​មាននៅ​ក្នុង​ផ្ទះ​នោះ បាន​ប្រែ​ក្លាយ​ជា​ធ្យូង និង​ផេះ ឬ​បាន​រលាយ​ចូល​ទៅ​ក្នុង​កម្ទេចកំទី នៅ​ជាន់​ក្រោម​ដី​ហើយ​។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត បាន​ស្វែងរក​ចិញ្ចៀន​នោះ នៅ​ក្នុង​ទីតាំង​ដែល​ធ្លាប់​មាន​បន្ទប់​គេង​នោះ តែ​មិន​មាន​លទ្ធផល​អ្វី​ទេ​។

ហោរា​អេសាយ​បាន​កត់​ត្រា​ដោយ​ការ​សោក​សង្រេង អំពី​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​នឹង​ហៀបនឹង​កើត​ឡើង​។ ដូច​គ្នា​នេះ​ដែរ មាន​ពេល​ខ្លះ​យើង​ក៏​មាន​អារម្មណ៍​ថា ជីវិត​ដែល​យើង​បាន​កសាង​ឡើង បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​នៅ​សល់​តែ​ផេះ។ យើង​មាន​អារម្មណ៍​ថា យើង​មិន​មាន​អ្វី​នៅសល់​ទៀត​ទេ ទាំង​ខាង​ផ្លូវ​អារម្មណ៍ និង​វិញ្ញាណ​។ តែ​កណ្ឌ​គម្ពីរ​អេសាយ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង … ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នកណា​ដែល​សោយ​សោក” (អេសាយ ៦១:១-២)។ ព្រះ​ទ្រង់​បាន​កែ​ប្រែ​សោក​នាដកម្ម​របស់​យើង ឲ្យ​ក្លាយ​ជា​សិរី​ល្អ ដោយ​ព្រះអង្គ “នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ”​(ខ.៣)។ ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ “នឹង​សង់​អស់​ទាំង​ទី ដែល​ខូច​បង់​ពីដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើងជា​ថ្មី”(ខ.៤)។

នៅ​កន្លែង​ដែល​មាន​ភ្លើង​ឆេះ​នោះ ស្រ្តី​ម្នាក់​បាន​កកាយ​ផេះ​នៅ​ក្រៅ​ជញ្ជាំង​បន្ទប់​នោះ ហើយ​ក៏​បាន​រក​ឃើញ​ចិញ្ចៀន​រៀប​ការ​របស់​បុរស​នោះ នៅ​ក្នុង​ប្រអប់​របស់​វា​។ ពេលណា​អ្នក​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម ព្រះ​ទ្រង់​បាន​លូក​ព្រះ​ហស្ត​ចូល​ទៅ​ក្នុង​ផេះ​របស់​អ្នក ហើយ​ចាប់​លើក​ខ្លួន​អ្នក​ចេញ​ពី​ផេះ ព្រោះ​អ្នក​ជា​ទ្រព្យ​ដែល​ពិតជា​មាន​តម្លៃ​ចំពោះ​ព្រះអង្គ​។—Kenneth Petersen

តើ​អ្នក​ធ្លាប់​បាន​ជួប​រឿង​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង? តើ​ព្រះ​ទ្រង់​បាន​ទាញ​អ្នក​ចេញពី​ទុក្ខ​លំបាក​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​កែ​ប្រែ​ផេះ​របស់​ទូល​បង្គំ​ឲ្យ​ក្លាយ​ជា​ភួង​លម្អ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៩-១១ និង ១ធីម៉ូថេ ៦

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles