ព្រឹក

នៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ
ដោយLisa Samra
October 27, 2023
១ពេត្រុស ២:៤-១០ ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ។ ១ពេត្រុស ២:៤ តើអ្នកធ្លាប់ទៅកន្លែងលក់ទំនិញមួយទឹក មានតម្លៃថោកៗ ហើយស្រមៃថា អ្នកអាចរកបានវត្ថុដែលមានតម្លៃយ៉ាងខ្លាំង? រឿងនេះបានកើតឡើង ក្នុងរដ្ឋខុននែកធីខាត់ នៅពេលដែលគេបានទិញចានបុរាណចិនមួយ មានរូបផ្កា ក្នុងតម្លៃតែ៣៥ដុល្លា នៅកន្លែងលក់ទំនិញមួយទឹក ហើយនៅក្នុងការដាក់ដេញថ្លៃ នៅឆ្នាំ២០២១ គេបានលក់ចានបុរាណនោះ ក្នុងតម្លៃជាង៧០ម៉ឺនដុល្លា។ តាមពិត ចានមួយនោះ ជាចានគោមដ៏កម្រ និងជាវត្ថុបុរាណ ដែលមានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ដែលគេបានផលិតនៅសតវត្សរ៍ទី១៥។ រឿងនេះបានផ្តល់ឲ្យនូវការក្រើនរំឭកដ៏គួរឲ្យភ្ញាក់ផ្អើលថា របស់អ្វីដែលគេមិនសូវឲ្យតម្លៃ អាចជាវត្ថុដែលមានតម្លៃយ៉ាងខ្លាំង។ កាលសាវ័កពេត្រុសសរសេរសំបុត្រ ផ្ញើទៅអ្នកជឿ ដែលរស់នៅ ដោយការបែកខ្ញែកគ្នា ក្នុងសម័យដើម ជំនឿដែលពួកគេមានចំពោះព្រះយេស៊ូវ គឺជាជំនឿលើព្រះមួយអង្គ ដែលលោកិយបានបដិសេធន៍។ ទោះអ្នកដឹកនាំសាសនាយូដាភាគច្រើនបានស្អប់ខ្ពើមព្រះគ្រីស្ទ ហើយពួកអ្នកដឹកនាំរបស់ចក្រភពរ៉ូម៉ាំងបានឆ្កាងព្រះអង្គក៏ដោយ ក៏មនុស្សជាច្រើនមិនបានឲ្យតម្លៃព្រះអង្គ ព្រោះព្រះអង្គមិនបានធ្វើឲ្យត្រូវតាមការរំពឹងចង់បានរបស់ពួកគេ។ ទោះមនុស្សជាច្រើនមិនទទួលស្គាល់តម្លៃព្រះអង្គ ព្រះវរបិតាបានជ្រើសរើស និងរាប់ព្រះអង្គថាមានតម្លៃដ៏វិសេស(១ពេត្រុស ២:៤)។ តម្លៃដែលព្រះអង្គមានសម្រាប់យើង គឺលើសមាសប្រាក់ទៅទៀត(១:១៨-១៩)។ ហើយយើងមានការធានាថា អស់អ្នកដើរតាមព្រះយេស៊ូវ នឹងមិនមានសេចក្តីខ្មាស ដែលបានសម្រេចចិត្តជឿព្រះអង្គឡើយ(២:៦)។ ពេលអ្នកដទៃមិនឲ្យតម្លៃព្រះយេស៊ូវ ចូរយើងនឹកចាំអំពីតម្លៃដ៏វិសេស ដែលព្រះអង្គមាន។ ព្រះវិញ្ញាណនៃព្រះអាចជួយយើង ឲ្យមើលឃើញអំណោយដែលមិនអាចកាត់ថ្លៃបានរបស់ព្រះយេស៊ូវ ដែលបានប្រទានដល់មនុស្សទាំងអស់ ជាការអញ្ជើញដ៏មានតម្លៃ ឲ្យធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះអង្គ(ខ.១០)។—Lisa M. Samra
ហេតុអ្វីមនុស្សជាច្រើនមិនស្គាល់តម្លៃពិតរបស់ព្រះយេស៊ូវ? តើអ្នកអាចចែករំលែកដល់អ្នកដទៃ នូវព្រះពរដែលបានមកពីទទួលជឿព្រះយេស៊ូវ យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាគំរូនៃការរស់នៅ ដោយការស្តាប់បង្គាប់ ដើម្បីឲ្យទូលបង្គំអាចធ្វើជាផ្នែកមួយនៃគ្រួសារព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២
ប្រភេទ
ល្ងាច

អត្ថប្រយោជន៍ដ៏លើសលប់នៃភាពអត់ធ្មត់
ដោយJohn Piper
October 27, 2023
“អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ”(លោកុប្បត្តិ ៥០:២០)។ រឿងរបស់លោកយ៉ូសែប ក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក ៣៧ ដល់ ៥០ បានបង្រៀនយើង អំពីមូលហេតុដែលយើងគួរតែមានជំនឿ លើព្រះគុណដែលមានអធិបតេយ្យភាព ដែលព្រះទ្រង់នឹងបន្តប្រទាននៅពេលអនាគត។ ពួកបងៗរបស់លោកយ៉ូសែបបានលក់លោកយ៉ូសែប ធ្វើជាទាសករ ដែលបញ្ហានេះបានល្បងលគាត់ ឲ្យដឹងថាគាត់មានការអត់ធ្មត់ខ្លាំងប៉ុណ្ណា។ តែក្រោយមក គាត់ក៏មានការងារល្អមួយ ក្នុងផ្ទះរបស់លោកបូទីផា ក្នុងនគរអេស៊ីព្ទ។ ពេលដែលគាត់ប្រព្រឹត្តដោយទៀងត្រង់ ដោយការស្តាប់បង្គាប់ព្រះ ប្រពន្ធរបស់លោកបូទីផា ក៏បានចោទបង្ខូចភាពទៀតត្រង់របស់គាត់ ហើយក៏បានឲ្យគេចាប់គាត់ដាក់គុក ដែលនាំឲ្យគាត់ជួបការល្បងលដ៏ធំមួយទៀត មកលើភាពអត់ធ្មត់របស់គាត់។ ប៉ុន្តែ អ្វីៗមានភាពល្អប្រសើរឡើង ហើយមេគុកក៏បានឲ្យគាត់មានភារកិច្ច និងការគោរពនៅក្នុងគុក។ តែបន្ទាប់ពីគាត់បានកាត់ស្រាយសុបិន្ដឲ្យអ្នកថ្វាយពែងរបស់ស្តេចផារ៉ោន អ្នកនោះក៏បានមានភាពចម្រុងចម្រើនឡើងវិញ តែបានភ្លេចគាត់ អស់រយៈពេល២ឆ្នាំ។ នេះជាការល្បងលដ៏ឈឺចាប់មួយទៀត មកលើភាពអត់ធ្មត់របស់គាត់។ ទីបំផុត គាត់ក៏បានដឹងច្បាស់ អំពីមូលហេតុដែលគាត់បានជួបការពន្យារពេល និងការបង្វៀងផ្លូវទាំងអស់នេះ។ ក្នុងពេលដ៏ពិបាកនោះ លោកយ៉ូសែបកំពុងទទួលការបណ្តុះបណ្តាល ដោយមិនដឹងខ្លួន ឲ្យក្លាយជាអនាគតអ្នកដឹកនាំនគរអេស៊ីព្ទ ដែលជាអ្នកដឹកនាំកំពូលទី២ បន្ទាប់ពីស្តេចផារ៉ោន។ ទីបំផុត គាត់ក៏បានសង្រ្គោះមនុស្សជាច្រើនឲ្យរួចផុតពីគ្រោះអត់ឃ្លាន ដែលរាប់បញ្ចូលទាំងពួកបងប្រុសគាត់ ដែលបានលក់គាត់ឲ្យធ្វើជាទាករផងដែរ។ លោកយ៉ូសែបក៏បាននិយាយទៅកាន់ពួកបងប្រុសដែលបានបែកគ្នាជាយូរឆ្នាំថា “ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្តីប្រោសប្រាណយ៉ាងធំ … អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ” (លោកុប្បត្តិ ៤៥:៧ ៥០:២០)។ តើអ្វីជាគន្លឹះដែលនាំឲ្យលោកយ៉ូសែបមានចិត្តអត់ធ្មត់ ក្នុងអំឡុងពេលនៃការនិរទេស និងទារុណកម្មទាំងនោះ អស់ជាច្រើនឆ្នាំ? គាត់អាចអត់ធ្មត់បានដោយសារគាត់មានជំនឿលើព្រះគុណដែលមានអធិបតេយ្យភាព ដែលព្រះទ្រង់នឹងបន្តប្រទាននៅពេលអនាគត គឺព្រះគុណដែលមានអធិបតេយ្យភាព ដែលកែប្រែទីកន្លែង និងការបោះជំហានដែលគាត់មិនបានគ្រោងទុក ឲ្យក្លាយជាការបញ្ចប់ ដែលសប្បាយបំផុត ហួសក្តីស្រមៃ។ នោះក៏ជាគន្លឹះដែលជួយឲ្យយើងមានចិត្តអត់ធ្មត់ផងដែរ។ តើយើងជឿថា ព្រះទ្រង់កំពុងធ្វើការសម្រាប់ពេលអនាគតរបស់យើង ក្នុងរបត់នៃជីវិតរបស់យើង តាមរបៀបដែលចម្លែកបំផុត និងឈឺចាប់បំផុតដែរឬទេ?