នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ

នៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ

ដោយLisa Samra

October 28, 2023

១ពេត្រុស ២:៤-១០ ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះបង់ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ​។ ១ពេត្រុស ២:៤ តើ​អ្នក​ធ្លាប់​ទៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក មាន​តម្លៃថោកៗ ហើយ​ស្រមៃ​ថា អ្នក​អាច​រកបាន​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង? រឿង​នេះ​បាន​កើត​ឡើង ក្នុង​រដ្ឋ​ខុននែកធី​ខាត់ នៅពេល​ដែល​គេ​បាន​ទិញ​ចាន​បុរាណ​ចិន​មួយ មាន​រូប​ផ្កា ក្នុង​តម្លៃ​តែ​៣៥ដុល្លា នៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក ហើយ​នៅ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ នៅ​ឆ្នាំ២០២១ គេ​បាន​លក់​ចាន​បុរាណ​នោះ ក្នុង​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លា​។ តាម​ពិត ចាន​មួយ​នោះ ជា​ចាន​គោម​ដ៏​កម្រ និង​ជា​វត្ថុ​បុរាណ ដែល​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិ​សាស្រ្ត ដែលគេ​បាន​ផលិត​នៅ​សតវត្សរ៍ទី១៥​។ រឿង​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ក្រើន​រំឭក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា របស់​អ្វី​ដែលគេ​មិន​សូវ​ឲ្យ​តម្លៃ អាច​ជា​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​។ កាល​សាវ័ក​ពេត្រុស​សរសេរ​សំបុត្រ ផ្ញើ​ទៅ​អ្នកជឿ ដែល​រស់នៅ ដោយ​ការ​បែក​ខ្ញែក​គ្នា ក្នុង​សម័យ​ដើម ជំនឿ​ដែល​ពួកគេ​មាន​ចំពោះ​ព្រះយេស៊ូវ គឺជា​ជំនឿ​លើ​ព្រះ​មួយ​អង្គ ដែល​លោកិយ​បាន​បដិសេធន៍​។ ទោះ​អ្នក​ដឹកនាំ​សាសនា​យូដា​ភាគ​ច្រើន​បាន​ស្អប់​ខ្ពើម​ព្រះគ្រីស្ទ ហើយ​ពួក​អ្នក​ដឹកនាំ​របស់​ចក្រភព​រ៉ូម៉ាំង​បាន​ឆ្កាង​ព្រះអង្គ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​មិន​បាន​ឲ្យ​តម្លៃ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​ត្រូវ​តាម​ការ​រំពឹង​ចង់​បាន​របស់​ពួកគេ​។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​តម្លៃ​ព្រះអង្គ ព្រះវរបិតា​បាន​ជ្រើសរើស និង​រាប់​ព្រះ​អង្គ​ថា​មាន​តម្លៃ​ដ៏​វិសេស(១ពេត្រុស ២:៤)។ តម្លៃ​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង គឺ​លើស​មាស​ប្រាក់​ទៅទៀត(១:១៨-១៩)។ ហើយ​យើង​មាន​ការ​ធានា​ថា អស់អ្នក​ដើរ​តាម​ព្រះយេស៊ូវ នឹង​មិន​មាន​សេចក្តី​ខ្មាស ដែល​បាន​សម្រេច​ចិត្តជឿ​ព្រះអង្គ​ឡើយ(២:៦)។ ពេល​អ្នក​ដទៃ​មិន​ឲ្យ​តម្លៃ​ព្រះយេស៊ូវ ចូរ​យើង​នឹក​ចាំ​អំពី​តម្លៃ​ដ៏​វិសេស ដែល​ព្រះអង្គ​មាន​។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អាច​ជួយ​យើង ឲ្យ​មើល​ឃើញ​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ព្រះយេស៊ូវ ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់ ជា​ការ​អញ្ជើញ​ដ៏​មាន​តម្លៃ ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះអង្គ(ខ.‌១០)។—Lisa M. Samra

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​តម្លៃ​ពិត​របស់​ព្រះយេស៊ូវ? តើ​អ្នក​អាច​ចែករំលែក​ដល់​អ្នក​ដទៃ នូវ​ព្រះពរ​ដែល​បាន​មកពី​ទទួល​ជឿ​ព្រះយេស៊ូវ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ​ដែល​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​រស់នៅ ដោយ​ការ​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២

ល្ងាច

Devotional illustration

អត្ថប្រយោជន៍ដ៏លើសលប់នៃភាពអត់ធ្មត់

ដោយJohn Piper

October 28, 2023

“អ្នករាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជាការល្អ​វិញ ដើម្បីនឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្សជា​ច្រើន ដូចជា​បាន​កើតមាន​សព្វថ្ងៃ​នេះ”(លោ​កុប្បត្តិ ៥០:២០)។ រឿង​របស់​លោក​យ៉ូសែប ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ជំពូក ៣៧ ដល់ ៥០ បាន​បង្រៀន​យើង អំពី​មូលហេតុ​ដែល​យើង​គួរតែ​មាន​ជំនឿ លើ​ព្រះគុណ​ដែល​មាន​អធិបតេយ្យ​ភាព ដែល​ព្រះ​ទ្រង់​នឹង​បន្ត​ប្រទាន​នៅពេល​អនាគត។ ពួក​បងៗ​របស់​លោក​យ៉ូសែប​បាន​លក់​លោក​យ៉ូសែប ធ្វើជា​ទាសករ ដែល​បញ្ហា​នេះ​បាន​ល្បង​ល​គាត់ ឲ្យដឹង​ថា​គាត់​មានការ​អត់ធ្មត់​ខ្លាំង​ប៉ុណ្ណា។ តែ​ក្រោយមក គាត់​ក៏​មានការ​ងារ​ល្អ​មួយ ក្នុង​ផ្ទះ​របស់​លោក​បូ​ទី​ផា ក្នុង​នគរ​អេស៊ីព្ទ។ ពេល​ដែល​គាត់​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ប្រពន្ធ​របស់​លោក​បូ​ទី​ផា ក៏បាន​ចោទ​បង្ខូច​ភាព​ទៀត​ត្រង់​របស់​គាត់ ហើយក៏​បាន​ឲ្យ​គេ​ចាប់​គាត់​ដាក់គុក ដែល​នាំឲ្យ​គាត់​ជួប​កា​រល្បងល​ដ៏​ធំ​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ប៉ុន្តែ អ្វីៗ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​មេ​គុក​ក៏បាន​ឲ្យ​គាត់​មាន​ភារកិច្ច និង​ការគោរព​នៅក្នុង​គុក។ តែ​បន្ទាប់ពី​គាត់​បាន​កាត់​ស្រាយ​សុបិន្ដ​ឲ្យ​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ផារ៉ោន អ្នកនោះ​ក៏បាន​មាន​ភាព​ចម្រុងចម្រើន​ឡើងវិញ តែ​បាន​ភ្លេច​គាត់ អស់​រយៈពេល​២​ឆ្នាំ។ នេះ​ជា​ការ​ល្បងល​ដ៏​ឈឺចាប់​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ទីបំផុត គាត់​ក៏បាន​ដឹង​ច្បាស់ អំពី​មូលហេតុ​ដែល​គាត់​បាន​ជួប​ការ​ពន្យារ​ពេល និង​ការ​បង្វៀង​ផ្លូវ​ទាំងអស់​នេះ។ ក្នុង​ពេល​ដ៏​ពិបាក​នោះ លោក​យ៉ូសែប​កំពុង​ទទួលការ​បណ្តុះបណ្តាល ដោយ​មិន​ដឹង​ខ្លួន ឲ្យ​ក្លាយជា​អនាគត​អ្នកដឹកនាំ​នគរ​អេស៊ីព្ទ ដែល​ជា​អ្នកដឹកនាំ​កំពូល​ទី២ បន្ទាប់ពី​ស្តេច​ផារ៉ោន។ ទីបំផុត គាត់​ក៏បាន​សង្រ្គោះ​មនុស្សជា​ច្រើន​ឲ្យ​រួចផុត​ពី​គ្រោះ​អត់ឃ្លាន ដែល​រាប់បញ្ចូល​ទាំង​ពួក​បងប្រុស​គាត់ ដែល​បាន​លក់​គាត់​ឲ្យ​ធ្វើជា​ទា​ករ​ផង​ដែរ។ លោក​យ៉ូសែប​ក៏បាន​និយាយទៅ​កាន់​ពួក​បងប្រុស​ដែល​បាន​បែកគ្នា​ជា​យូរឆ្នាំ​ថា “ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នករាល់គ្នា ដើម្បីនឹង​រក្សា​អ្នករាល់គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយនឹង​ជួយសង្គ្រោះ​ជីវិត​នៃ​អ្នករាល់គ្នា ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ … អ្នករាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជាការល្អ​វិញ ដើម្បីនឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្សជា​ច្រើន ដូចជា​បាន​កើតមាន​សព្វថ្ងៃ​នេះ” (លោ​កុប្បត្តិ ៤៥:៧ ៥០:២០)។ តើ​អ្វី​ជា​គន្លឹះ​ដែល​នាំឲ្យ​លោក​យ៉ូសែប​មានចិត្ត​អត់ធ្មត់ ក្នុងអំឡុងពេល​នៃ​ការ​និរទេស និង​ទារុណកម្ម​ទាំងនោះ អស់​ជាច្រើន​ឆ្នាំ? គាត់​អាច​អត់ធ្មត់​បាន​ដោយសារ​គាត់​មាន​ជំនឿ​លើ​ព្រះគុណ​ដែល​មាន​អធិបតេយ្យ​ភាព ដែល​ព្រះ​ទ្រង់​នឹង​បន្ត​ប្រទាន​នៅពេល​អនាគត គឺ​ព្រះគុណ​ដែល​មាន​អធិបតេយ្យ​ភាព ដែល​កែប្រែ​ទីកន្លែង និង​ការ​បោះជំហាន​ដែល​គាត់​មិនបាន​គ្រោងទុក ឲ្យ​ក្លាយជា​ការ​បញ្ចប់ ដែល​សប្បាយ​បំផុត ហួស​ក្តី​ស្រមៃ។ នោះ​ក៏​ជា​គន្លឹះ​ដែល​ជួយ​ឲ្យ​យើង​មានចិត្ត​អត់ធ្មត់​ផង​ដែរ។ តើ​យើង​ជឿ​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​សម្រាប់​ពេល​អនាគត​របស់​យើង ក្នុង​របត់​នៃ​ជីវិត​របស់​យើង តាមរបៀប​ដែល​ចម្លែក​បំផុត និង​ឈឺចាប់​បំផុត​ដែរ​ឬទេ?

ប្រភេទ