នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អ្នកអាចទុកចិត្តព្រះអង្គបាន

អ្នកអាចទុកចិត្តព្រះអង្គបាន

ដោយKaren Huang

October 29, 2023

ទំនុក​ដំកើង ៩:៧-១០ ឯ​អស់អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៩:១០ កាល​ឆ្មា​ខ្ញុំ​ឈ្មោះ​មីគគី(Mickey) មាន​ជំងឺ​ឈឺ​ភ្នែក ខ្ញុំ​បាន​បន្តក់ថ្នាំ​ភ្នែក​ឲ្យ​វា​រៀង​រាល់​ថ្ងៃ​។ ពេល​ដែល​ខ្ញុំ​ដាក់​វា​នៅ​លើ​ឡាបូ​លាងដៃ ក្នុង​បន្ទប់​ទឹក វា​ក៏បាន​អង្គុយ​មើល​មក​ខ្ញុំ ដោយ​កែវ​ភ្នែក​បង្ហាញ​ការ​ភ័យ​ខ្លាច ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ថ្នាំ​បន្តក់​ភ្នែក​។ ខ្ញុំ​ក៏​បាន​សរសើរ​វា​ថា “ឆ្មា​ល្អ”។ ទោះ​វា​មិន​យល់ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ក៏ដោយ វា​មិន​បាន​លោត​ចុះ​ពី​ឡាបូ​លាងដៃ គ្រហឹម​ដាក់​ខ្ញុំ ឬ​ខ្វាច​ដៃ​ខ្ញុំ​ទេ។ ផ្ទុយ​ទៅវិញ វា​បាន​ត្រដុស​ខ្លួន​វា​នឹង​ខ្ញុំ​កាន់តែ​ខ្លាំង ព្រោះ​វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ​។ កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៩ ទ្រង់​ប្រាកដ​ជា​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ជា​ច្រើន​មក​ហើយ​។ ទ្រង់​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​ទទួល​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទ្រង់ ហើយ​ព្រះអម្ចាស់​ក៏​បាន​ជួយ​ទ្រង់(ខ.៣-៦)។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​ដាវីឌ​ត្រូវ​ការ​ជំនួយ ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ចិត្ត​ឡើយ​។ ជា​លទ្ធផល ស្តេច​ដាវីឌ​បាន​ស្គាល់​ព្រះអម្ចាស់​កាន់តែ​ច្បាស់​។ ទ្រង់​ជ្រាប​ថា ព្រះអម្ចាស់​មាន​ព្រះ​ចេ​ស្តា សុ​ចរិត មាន​សេចក្តី​ស្រឡាញ់ ហើយ​ស្មោះ​ត្រង់​។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​បាន​ទុកចិត្ត​ព្រះអម្ចាស់​។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន​។ ខ្ញុំ​បាន​មើលថែ​ឆ្មា​ខ្ញុំ ពេល​វា​មាន​ជំងឺ​ច្រើន​ដង​ហើយ ចាប់​តាំងពី​ពេលយប់​ដែល​ខ្ញុំ​បាន​ឃើញ​វា ជា​កូន​ឆ្មា​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ ទោះ​វា​មិន​យល់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​វា​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​ដែរ ការ​នឹក​ចាំ​ពី​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង និង​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ អាច​ជួយ​ឲ្យ​យើង​ទុកចិត្ត​ព្រះអង្គ ពេលណា​យើង​មិន​អាច​យល់​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​។ ចូរ​យើង​បន្ត​ទុកចិត្ត​ព្រះអង្គ ក្នុង​ពេល​ដ៏​ពិបាក​ក្នុង​ជីវិត​យើង​។—Karen Huang

ចូរ​នឹក​ឃើញ​ពេល​ដ៏​ពិបាក ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ​។ តើ​អ្នក​រៀន​សូត្រ​បាន​អ្វី​ខ្លះ​ទៀត អំពី​ចារិក​លក្ខណៈ​របស់​ព្រះអង្គ? តើ​ការ​នេះ​អាច​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា ព្រះអង្គ​តែងតែ​ស្មោះ​ត្រង់​ជានិច្ច​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​។ សូម​ឲ្យ​ពេល​ដ៏​ពិបាក​បាន​នាំ​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះអង្គ​កាន់តែ​ខ្លាំង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៨-១៩ និង ២ធីម៉ូថេ ៣

ល្ងាច

Devotional illustration

ពេលដែលព្រះទ្រង់មិនបានសម្រេចព្រះទ័យដែលទ្រង់បានបង្ហាញ

ដោយJohn Piper

October 29, 2023

គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល។(១សាំ​យ៉ូអែល ២:២៥) ពួក​កូនប្រុស​របស់​លោក​អេ​លី​មិនព្រម​ស្តាប់​បង្គាប់​តាម​គាត់ ពេល​ដែល​គាត់​ស្តី​បន្ទោស​ពួក​គេ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើបាប។ បទ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​បី​យ៉ាង សម្រាប់​ជីវិត​យើង។ ១) មនុស្ស​អាច​ប្រព្រឹត្ត​អំពើបាប​អស់​ពេល​យ៉ាង​យូរ និង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ព្រះអម្ចាស់​នឹង​មិន​ប្រទាន​ការ​ប្រែចិត្ត។ ហេតុនេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ប្រើ​យើង ឲ្យ​ប្រដៅ​តម្រង់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​យ៉ាងដូច​នោះ “ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែចិត្ត” តែ​គាត់​មិនបាន​ថា ព្រះអង្គ “មុខ​ជា​ប្រទាន​គេ​នូវ​ការ​ប្រែចិត្ត”នោះ​ឡើយ(២ធីម៉ូថេ ២:២៥)។ ជីវិត​ដែល​រស់នៅ​ក្នុង​អំពើបាប អាច“ហួសពេល” ដែល​ត្រូវ​ប្រែចិត្ត។ គឺ​ដូចដែល​បទ​គម្ពីរ​ហេព្រើរ ១២:១៧ បាន​ចែង​អំពី​លោក​អេសាវ​ថា “ទោះ​បើ​គាត់​ខំ​ស្វែងរក ទាំង​ស្រក់​ទឹកភ្នែក​ក៏ដោយ គង់តែ​រក​ផ្លូវ​ប្រែចិត្ត​មិនឃើញ​ទេ”។ គាត់​បាន​ហួសពេល មិន​អាច​ប្រែចិត្ត​បាន។ ការ​នេះ​មិន​មានន័យថា បុគ្គល​ដែល​ពិតជា​បាន​ប្រែចិត្ត បន្ទាប់ពី​បាន​រស់នៅ​ក្នុង​អំពើបាប​ពេញ​មួយ​ជីវិត មិន​អាច​ឲ្យ​ព្រះ​ទ្រង់​សង្រ្គោះ​នោះ​ទេ។ ពួក​គេ​ពិតជា​អាច ហើយនឹង​បាន​សង្រ្គោះ។ ព្រះ​ទ្រង់​មាន​សេចក្តី​មេត្តា​កុរ​ណា លើស​ពី​ការ​រំពឹងគិត​របស់​យើង។ ចូរ​យើង​នឹក​ចាំ អំពី​ចោរ​ដែល​ជាប់​ឆ្កាង ជាមួយ​ព្រះយេស៊ូវ​។ កាលនោះ ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ប្រាប់​អ្នកជា​ប្រាកដ​ថា ថ្ងៃនេះ អ្នក​នឹង​នៅក្នុង​ស្ថាន​បរមសុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(លូកា ២៣:៤៣)។ ២) ជួនកាល ព្រះ​ទ្រង់​បាន​បន្ត​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​បាប នៅ​បន្ត​ការប្រព្រឹត្ត​របស់​ខ្លួន​ទៀត។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។ កាល​ស្តាប់​តាម​ឪពុក​របស់​ពួក​គេ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ ពួក​គេ​មិនព្រម​ធ្វើ។ តើ​ហេតុអ្វី? គឺ​ពីព្រោះ “ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។ មូលហេតុ​ដែល​ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​តាម​ឪពុក​របស់​ពួក​គេ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​គោលបំណង​ផ្សេងទៀត សម្រាប់​ពួក​គេ ហើយក៏​បាន​បណ្តោយ​ឲ្យ​ពួក​គេ​បន្ត​ប្រព្រឹត្ត​អំពើបាប រហូតដល់​ស្លាប់។ ៣) ជួនកាល ការអធិស្ឋាន​សូម​ព្រះអង្គ​សម្រេច​តាមបំណង​ព្រះទ័យ​ដែល​ព្រះអង្គ​បាន​បង្ហាញ នឹង​មិនបាន​ទទួលការ​ឆ្លើយតប​ ព្រោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ធ្វើអ្វី​មួយ​ផ្សេង​ពី​នោះ ដើម្បី​សម្រេច​គោលបំណង​ដ៏​បរិសុទ្ធ និង​ប្រកបដោយ​ប្រាជ្ញា។ ខ្ញុំ​សន្និដ្ឋាន​ថា លោក​អេលី​បាន​អធិស្ឋាន​សូមឲ្យ​ពួក​កូន​ប្រុស​គាត់​ប្រែចិត្ត។ គាត់​គួរតែ​អធិស្ឋាន​ដូចនេះ​ឯង។ ប៉ុន្តែ ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ប្រហារជីវិត​ពួក​គេ បាន​ជា​ពួក​គេ​មិនបាន​ស្តាប់​បង្គាប់។ ពេលណា​មានរឿង​បែបនេះ​កើតឡើង (ដែល​យើង​មិនបាន​ដឹង​ជាមុន ជា​ធម្មតា) ខណៈ​ពេល​ដែល​យើង​ស្រែក​រក​ព្រះ សូមឲ្យ​គេ​ផ្លាស់​ប្រែ ពេលខ្លះ​ព្រះអង្គ​មិន​ឆ្លើយតប​ថា ព្រះអង្គ​មិន​មាន​ក្តី​ស្រឡាញ់​នោះ​ទេ តែ​ព្រះអង្គ​តប​ថា ព្រះអង្គ​មាន​គោលបំណង​ប្រកបដោយ​ប្រាជ្ញា និង​សេចក្តី​បរិសុទ្ធ នៅក្នុង​ការ​បណ្តោយ​ឲ្យ​គេ​បន្ត​ប្រព្រឹត្ត​បាប​នោះ​ទៀត ដោយ​គ្មាន​ការ​ប្រែចិត្ត។ យើង​ប្រហែល​មិន​យល់​អំពី​គោល​បំណង​របស់​ព្រះអង្គ តែ​ចូរ​យើង​ទុកចិត្ត​ថា ព្រះអង្គ​ជ្រាប​ថា ព្រះអង្គ​កំពុង​ធ្វើអ្វី ហើយ​ព្រះអង្គ​ស្រឡាញ់​យើង។  

ប្រភេទ