ព្រះយេស៊ូវជាក្សត្រល្អបំផុត

២របាក្សត្រ ២១:៤-៧,១៦-២០

ឯពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​ឰយុកោ​ទ្រង់​ទេ​។ ២របាក្សត្រ ២១:១៩

ក្នុង​បទ​ចម្រៀង​កាយ​វិការ មាន​ចំណង​ជើង​ថា ហាមីលតុន(Hamilton) មាន​ការ​បង្ហាញ​តួ​អង្គ​ស្តេច​ជច ទី៣(King George III) របស់​ប្រទេស​អង់​គ្លេស តាម​របៀប​កំប្លែង ជា​តួ​អង្គ​ដែល​ចិត្ត​អាក្រក់ និង​មាន​សតិ​មិន​ល្អ​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​សៀវភៅ​ជីវប្រវត្តិ​ថ្មី​មួយ​របស់​ស្តេច​ជច មាន​ការ​បក​ស្រាយ​ថា ទ្រង់​មិនមែន​ជា​អ្នក​ដឹកនាំ​ផ្តាច់​ការ ដូច​ដែល​គេ​បាន​ពិពណ៌នា នៅ​ក្នុង​បទ​ចម្រៀង​ហាមីលតុន ឬ​នៅ​ក្នុង​ការ​ប្រកាស​ឯករាជ​របស់​សហរដ្ឋអាមេរិក​នោះ​ឡើយ​។ បើសិន​ជា​ស្តេច​ជច ពិតជា​មនុស្ស​សាហាវ​ព្រៃ​ផ្សៃ ដូច​ដែល​ជនជាតិ​អាមេរិក​បាន​និយាយ​មែន នោះ​ទ្រង់​មុខ​ជា​បាន​ទប់​ស្កាត់​ការ​បះបោរ​ទាមទារ​ឯករាជ​របស់​ជនជាតិ​អាមេរិក ដោយ​ប្រើ​វិធី​សាស្ត្រ​បំផ្លិច​បំផ្លាញ​ទឹកដី​អាមេរិក​មិនខាន​។ តែ​ទ្រង់​មិន​បាន​អនុវត្ត​ដូច​នេះ​ទេ ដោយសារ​ទ្រង់​មាន​ចារិក​លក្ខណៈ​ថ្លៃថ្នូរ និង​ចិត្ត​ល្អ​។

តើ​ស្តេច​ជច​បាន​សោយ​ទីវង្គត ដោយ​វិប្បដិសារី​ឬ​ទេ? តើ​ការ​ដឹកនាំ​របស់​ទ្រង់​អាច​មាន​ជោគជ័យ​ជាង​នេះ​ទេ បើសិន​ជា​ទ្រង់​មាន​អត្ត​ចារិក​ផ្តាច់​ការ​ ​មក​លើ​ប្រជាជន​របស់​ទ្រង់?

ជា​ការ​ពិត​ណាស់ ការ​ដឹកនាំ​ផ្តាច់​ការ​មិន​ប្រាកដ​ថា អាច​នាំមក​នូវ​ជោគជ័យ​បាន​ឡើយ​។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ចែងថា ស្តេច​យ៉ូរ៉ាម​បាន​ពង្រឹង​រាជ​បល្ល័ង្ក​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ដោយ “សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដែរ”(២របាក្សត្រ ២១:៤)។ យ៉ូរ៉ាម​បាន “ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ​នេត្រ​នៃ​ព្រះយេហូវ៉ា”(ខ.៦)។ ការ​ដឹកនាំ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ប្រជា​រាស្រ្ត​ស្អប់​ខ្ពើម​ទ្រង់ បានជា​ពួកគេ​មិន​បាន​ទួញ​យំ ចំពោះ​ការ​ស្លាប់​របស់​ទ្រង់​ដោយ​រោគា​ដ៏​អាក្រក់ ហើយ​ក៏​មិន​ដុត​ភ្លើង​ថ្វាយ​ទ្រង់ ដើម្បី​ជា​ការ​គោរព ក្នុង​ពិធី​បុណ្យសព​ឡើយ(ខ.១៩)។

អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ជជែក​វែក​ញែក ដោយ​មិន​បាន​ដឹង​ច្បាស់​ថា ស្តេច​ជច​មាន​ភាព​ទន់​ជ្រាយ​ពេក​ឬ​យ៉ាងណា​ទេ តែ​យើង​អាច​ដឹង​ច្បាស់​ថា ស្តេច​យ៉ូរ៉ាម​ពិតជា​មាន​អត្ត​ចារិក​សាហាវ​ព្រៃ​ផ្សៃ​ពេក​ហើយ​។ ហើយ​យើង​ក៏បាន​ដឹង​ផង​ដែរ​ថា ព្រះយេស៊ូវ គឺជា​មហាក្សត្រ​ដែល​ល្អ​បំផុត ដែល “មាន​ពេញ​ដោយ​ព្រះគុណ និង​សេចក្តី​ពិត”(យ៉ូហាន ១:១៤)។ ព្រះគ្រីស្ទ​មាន​ការ​រំពឹង​ចង់​បាន​ដ៏​តឹង​រឹង​ពី​យើង(ព្រះ​អង្គ​ទាមទារ​ឲ្យ​យើង​ធ្វើ​តាម​សេចក្តី​ពិត) តែ​ព្រះ​អង្គ​មាន​សេចក្តី​មេត្តា​ចំពោះ​អ្នក​ដែល​ភ្លាត់​ដួល​ក្នុង​អំពើបាប(ព្រះអង្គ​ប្រទាន​ព្រះគុណ)។ ព្រះយេស៊ូវ​បាន​ត្រាស់ហៅ​យើង​ដែល​ជា​អ្នកជឿ​ព្រះអង្គ ឲ្យ​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ​។ ហើយ​យើង​អាច​ដើរ​តាម​ព្រះអង្គ​បាន ដោយ​ជំនួយ​មកពី​ព្រះ​វិញ្ញាណ​ព្រះអង្គ​។—Mike Wittmer

តើ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​នរណា​ខ្លះ? តើ​អ្នក​អាច​បង្ហាញ​ព្រះគុណ និង​សេចក្តី​ពិត​ដល់​ពួកគេ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ដើរ​តាម​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១២-១៤ និង ២ធីម៉ូថេ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles