១យ៉ូហាន ៣:១-៣
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១
បន្ទាប់ពីលោកស័រមិន ស្មីត(Sherman Smith) បានជ្រើសរើសលោកដេលិន មែកឃូឡូ(Deland McCullough) ចូលប្រកួតកីឡាបាល់ទាល់អាមេរិក ឲ្យសកលវិទ្យាល័យម៉ៃអាមី គាត់ក៏បានចាប់ផ្តើមអាណិតស្រឡាញ់លោកដេលិន ហើយបានក្លាយជាឪពុកដ៏ល្អដែលដេលិនមិនធ្លាប់មាន។ លោកដេលិនមានការស្ញប់ស្ញែងចំពោះលោកស័រមិនយ៉ាងខ្លាំង ហើយមានបំណងចង់យកតម្រាប់តាមលោកស័រមិន។ ប៉ុន្មានទសវត្សរ៍ក្រោយមក លោកដេលិនក៏បានស្វែងរកម្តាយបង្កើតរបស់គាត់ ហើយម្តាយគាត់ក៏បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ដោយប្រាប់គាត់ថា ឪពុកបង្កើតរបស់គាត់ឈ្មោះស័រមិន ស្មីត។ លោកគ្រូបង្វឹកស្មីតមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខ្លួនមានកូនប្រុសបង្កើតម្នាក់ ហើយដេលិនក៏បានការភ្ញាក់ផ្អើលពេលដែលបានដឹងថា តាមពិត បុរសដែលបានធ្វើជាគំរូឪពុកសម្រាប់គាត់ គឺជាឪពុកបង្កើតរបស់គាត់។
ពេលពួកគេជួបគ្នាលើកក្រោយ លោកស័រមិន ក៏បានឱបលោកដេលិន ហើយក៏បានហៅគាត់ថា កូនប្រុសរបស់គាត់។ នេះជាលើកទីមួយ ដែលលោកដេលិនបានឮពាក្យនេះពីឪពុករបស់គាត់។ គាត់បានដឹងថា លោកស័រមិនប្រើពាក្យនេះ ដោយមោទនភាព ដូចនេះ គាត់មានចិត្តរីករាយក្រៃលែង។
យើងក៏គួរតែមានចិត្តរីករាយក្រៃលែង ចំពោះសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ។ សាវ័កយ៉ូហានបានបង្រៀនយើងថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។ យើងក៏មានការភ្ញាក់ផ្អើលដូចលោកដេលិនផងដែរ ពេលដែលយើងបានដឹងថា ព្រះអង្គបានហៅយើងថា កូនរបស់ព្រះអង្គ។ នេះជាការពិតមែន។
បើអ្នកជឿព្រះយេស៊ូវ នោះព្រះវរបិតារបស់ព្រះអង្គ ក៏ជាព្រះវរបិតារបស់អ្នកផងដែរ។ អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ឯកោ និងកំព្រាក្នុងលោកិយនេះ។ តែតាមពិត អ្នកមានព្រះវរបិតា ជាឪពុកដ៏ល្អឥតខ្ចោះ ហើយព្រះអង្គមានមោទនភាពក្នុងការហៅអ្នកថា កូនព្រះអង្គ។—Mike Wittmer
តើការដែលព្រះទ្រង់បានជ្រើសរើសអ្នក ធ្វើជាកូនព្រះអង្គ មានន័យយ៉ាងណាចំពោះអ្នក? តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ដល់នរណាខ្លះ ក្នុងនាមជាគ្រូបង្គោលរបស់ពួកគេ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាឪពុករបស់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅជាកូនព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៤-៣៦ និង ហេព្រើរ ២