កាឡាទី ៦:២-១០
កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ។ កាឡាទី ៦:៩
កាលលោកអ៊ីប្រាហ៊ីម(Ibrahim) មានអាយុ១២ឆ្នាំ គាត់បានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងលិច មកដល់ប្រទេសអ៊ីតាលី ដោយមិនចេះភាសាអ៊ីតាលីសូម្បីមួយម៉ាត់។ គាត់ក៏មានការពិបាកក្នុងការនិយាយ ដោយសារគាត់និយាយត្រដិត ហើយគាត់ក៏ត្រូវប្រឈមមុខដាក់ពាក្យសម្តីដែលប្រឆាំងនឹងជនអន្តោប្រវេសន៍។ ឧបសគ្គទាំងអស់នេះមិនអាចរារាំងយុវជនដ៏ឧស្សាហ៍ម្នាក់នេះ ឲ្យបើកហាងលក់នំភីហ្សា ក្នុងទីក្រុងត្រេនតូ ប្រទេសអ៊ីតាលី ពេលគាត់មានអាយុជាង២០ឆ្នាំ។ មានមនុស្សជាច្រើនមិនជឿថា គាត់អាចមានជោគជ័យក្នុងមុខរបរនេះឡើយ តែហាងលក់នំភីហ្សារបស់គាត់ត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមហាងលក់ភីហ្សា៥០កន្លែង ដែលល្បីបំផុតក្នុងពិភពលោក។
គាត់សង្ឃឹមថា គាត់នឹងអាចជួយក្មេងអនាថា កំពុងស្រេកឃ្លានអាហារ នៅតាមចិញ្ចើមផ្លូវ នៅប្រទេសអ៊ីតាលី។ ដូចនេះ គាត់ក៏បានបង្កើត “កម្មវិធីមនុស្សធម៌នំភីហ្សា” ដោយធ្វើបន្ថែមពីលើប្រពៃណីរបស់ខេត្តនេភល ដោយលើកទឹកចិត្តអតិថិជនឲ្យទិញកាហ្វេមួយកែវ បន្ថែមពីលើនំភីហ្សាដែលពួកគេបានបញ្ជាទិញ ហើយគាត់បានយកចំណែកនៃប្រាក់ចំណេញនោះទៅជួយក្មេងក្រីក្រទាំងនោះ។ គាត់ក៏បានជំរុញក្មេងអន្តោប្រវេសន៍ទាំងឡាយ ឲ្យជម្នះការរើសអើង ហើយឲ្យបន្តជួយយកអសារអ្នកដទៃ ដោយមិនរសាយចិត្ត។
ការតស៊ូយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅទីក្រុងកាឡាទី ឲ្យបន្តធ្វើការល្អ ដោយមិនរសាយចិត្តដល់មនុស្សទាំងអស់។ គឺដូចគាត់មានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(កាឡាទី ៦:៩)។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម”(ខ.១០)។
លោកអ៊ីប្រាហ៊ីម ជាជនអន្តោប្រវេសន៍ ដែលបានប្រឈមមុខដាក់ការរើសអើង និងបញ្ហាភាសា តែគាត់បានបង្កើតឱកាស ដើម្បីធ្វើការល្អ។ ការចែកអាហារដល់អ្នកក្រីក្រ បានធ្វើជា “ស្ពាន” ចម្លងទៅរកការទ្រាំទ្រ និងការយោគយល់។ ការតស៊ូដូចនេះ បានលើកទឹកចិត្តយើង ឲ្យស្វែងរកឱកាសធ្វើការល្អផងដែរ មិនមែនដើម្បីឲ្យគេសរសើរយើង តែដោយសារយើងមានក្តីស្រឡាញ់ ចំពោះព្រះអម្ចាស់ និងចំពោះអ្នកដទៃ។ ការធ្វើដូចនេះជាការថ្វាយសិរីល្អដល់ព្រះអង្គ ខណៈពេលដែលព្រះអង្គបានធ្វើការ តាមរយៈការខិតខំរបស់យើង។—Patricia Raybon
តើការដែលអ្នកបន្តធ្វើការល្អ បានថ្វាយសិរីល្អដល់ព្រះយ៉ាងដូចម្តេចខ្លះ? តើអ្នកបានខិតខំធ្វើការល្អ និងជួយយកអសារនរណាខ្លះ ដោយសេចក្តីស្រឡាញ់?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំមានការណាយចិត្ត ក្នុងការធ្វើការល្អ សូមព្រះអង្គបណ្តាលចិត្តទូលបង្គំ ឲ្យមានការស៊ូទ្រាំ ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៧-៣៩ និង ហេព្រើរ ៣