ស្គាល់សម្លេងអ្នកគង្វាល

យ៉ូហាន ១០:១-១០

ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់​។ យ៉ូហាន ១០:៤

កាលពី​ក្មេង ខ្ញុំ​បាន​ធ្លាប់​រស់នៅ ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គោមួយ​កន្លែង ក្នុង​រដ្ឋ​ថេនេស៊ី​។ នៅពេល​រសៀល​ខ្ញុំ​បាន​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ល្អ​បំផុត​របស់​ខ្ញុំ យ៉ាង​សប្បាយ​រីករាយ​។ យើង​បាន​ចូល​ក្នុង​ព្រៃ ជិះ​កូន​សេះ និង​ទៅ​មើល​គេ​ប្រកួត​ជិះ​គោ​ឡើងក ហើយក៏​បាន​ចូល​ទៅ​ក្នុង​ក្រោល​សេះ ដើម្បី​មើល​អ្នក​ចិញ្ចឹម​គោ កំពុង​ថែ​ទាំ​សេះ​របស់​ពួកគេ​។ ប៉ុន្តែ ពេលណា​ខ្ញុំ​បានឮ​ឪពុក​ខ្ញុំ​បញ្ចេញ​សម្លេង​ហួច​ពី​ចម្ងាយ លាន់ឮ​ខ្លាំង​ដូច​កញ្ចែ ខ្ញុំ​ក៏​បាន​ឈប់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​មិន​អាច​ស្តាប់​ច្រឡំ​សម្លេង​ស៊ីញ៉ូ​នោះ​បាន​ឡើយ ហើយក៏​ដឹង​ច្បាស់​ថា ឪពុក​ខ្ញុំ​កំពុង​តែ​ហៅ​ខ្ញុំ​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ខ្ញុំ​នៅតែ​ស្គាល់​សម្លេង​ហួច​នោះ​ដដែល​។

ព្រះយេស៊ូវ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​គង្វាល ហើយ​អ្នក​ដើរ​តាម​ព្រះអង្គ គឺជា​សត្វ​ចៀម​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ”(យ៉ូហាន ១០:៣)។ ព្រះ​យេស៊ូវ​ជ្រាប​ថា គ្រូ​ខុស​ឆ្គង និង​ព្រះគ្រីស្ទ​ក្លែងក្លាយ​ជា​ច្រើន ដែល​នឹង​លេច​ឡើង ក្នុង​លោកិយ ដែល​នឹង​នាំ​សិស្ស​ព្រះ​អង្គ​ឲ្យ​វង្វេង តែ​ព្រះអង្គ​បាន​ប្រកាស​ថា សម្លេង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅតែ​លាន់ឮ​ច្បាស់ ខុសពី​សម្លេង​ផ្សេង​ទៀត​។ “ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់”(ខ.៤)។

ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​យើង​ស្តាប់​សម្លេង​ព្រះយេស៊ូវ គឺ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​សម្លេង​ព្រះអង្គ​ឡើយ ព្រោះ​សេចក្តី​ពិតជា​មូល​ដ្ឋាន​បាន​ចែង​ច្បាស់​ថា : ព្រះ​ដ៏​ជា​អ្នក​គង្វាល​បាន​បញ្ចេញ​សម្លេង​ច្បាស់​ហើយ ហើយ​ចៀម​របស់​ព្រះអង្គ ក៏​ឮ​សម្លេង​ព្រះអង្គ​។ ព្រះបន្ទូល​ព្រះអង្គ​មាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ សម្រាប់​ឲ្យ​យើង​ស្តាប់​តាម​ស្រាប់​ហើយ ដូច​នេះ យើង​នៅតែ​អាច​ឮ​ព្រះ​សូរសៀង​ព្រះអង្គ ដោយ​ជំនួយ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ​។—Winn Collier

តើ​អ្នក​មាន​ឧបសគ្គ​អ្វី​ខ្លះ ក្នុង​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះអម្ចាស់? តើ​ព្រះ​ដ៏​ជា​អ្នក​គង្វាល​កំពុង​មាន​បន្ទូល​អ្វី​ខ្លះ មក​កាន់​អ្នក នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ក្រើន​រំឭក​ទូល​បង្គំ ឲ្យ​ធ្វើ​តាម​ព្រះបន្ទូល​ព្រះអង្គ ដែល​ទូល​បង្គំ​បាន​ស្តាប់​ឮ​ហើយ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្តាប់ ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ឆ្លើយតប​ចំពោះ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៣-៤៥ និង ហេព្រើរ ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles