សុភាសិត ១៧:១២-២២
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។ សុភាសិត ១៧:២២
រៀងរាល់ថ្ងៃ ដែលកូនៗរបស់អ្នកស្រីខូលីន(Colleen)ត្រូវទៅរៀន គាត់តែងតែស្លៀកពាក់ខោអាវឈុត ឬពាក់ម៉ាសខុសៗគ្នា ដើម្បីទៅទទួលកូនៗរបស់គាត់ ខណៈពេលដែលពួកគេចេញពីរថយន្តដឹកសិស្ស រៀងរាល់ពេលរសៀល។ គាត់បានធ្វើដូចនេះ៣ឆ្នាំហើយ ហើយបាននាំមកនូវភាពសប្បាយរីករាយ ដល់គ្រប់គ្នានៅក្នុងរថយន្តដឹកសិស្ស រាប់បញ្ចូលទាំងអ្នកបើកបរផងដែរ។ អ្នកបើកបរបាននិយាយថា “អ្នកស្រីខូលីនបាននាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់ក្មេងៗនៅលើឡាន។ ពិតជាអស្ចារ្យណាស់។ ខ្ញុំចូលចិត្តអ្វីដែលគាត់កំពុងធ្វើ”។ កូនៗរបស់អ្នកស្រីខូលីនក៏យល់ឃើញដូចនេះដែរ។
រឿងនេះបានចាប់ផ្តើម នៅពេលដែលអ្នកស្រីខូលីនចាប់ផ្តើមទទួលចិញ្ចឹមក្មេងកំព្រា។ គាត់ដឹងថា ពួកគេមានការពិបាកយ៉ាងណា ពេលដែលពួកគេបានបាត់បង់ឪពុកម្តាយ ហើយត្រូវទៅរៀននៅសាលារៀនថ្មី ដូចនេះ គាត់ក៏បានចាប់ផ្តើមស្លៀកពាក់ខោអាវឈុត ដើម្បីស្វាគមន៍ពួកគេជាប្រចាំ។ បន្ទាប់ពីគាត់បានធ្វើដូចនេះបាន៣ថ្ងៃហើយ ក្មេងៗមិនចង់ឲ្យគាត់ឈប់ទេ។ ដូចនេះ អ្នកស្រីខូលីនក៏បានបន្តធ្វើដូចនេះទៀត។ ការធ្វើដូចនេះ តម្រូវឲ្យគាត់លះបង់ពេលវេលា និងប្រាក់កាសជាច្រើន នៅហាងលក់ខោអាវឈុត។ គឺដូចដែលអ្នកស្រី មេរេឌីត ធ័រហា(Meredith TerHaar)ជាអ្នកកាសែតបានពិពណ៌នាថា ការធ្វើដូចនេះបាននាំមកនូវភាពសប្បាយរីករាយ ដែលជាលទ្ធផលមិនអាចកាត់ថ្លៃបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំយោបល់ប្រកបដោយប្រាជ្ញា ដែលស្តេចសាឡូម៉ូនបានកត់ទុកក្នុងព្រះគម្ពីរថា “ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ”(សុភាសិត ១៧:២២)។ តែអ្នកស្រីខូលីនបាននាំមកនូវភាពសប្បាយរីករាយដល់កូនៗរបស់គាត់(ទាំងកូនបង្កើត និងកូនចិញ្ចឹម) ដោយសង្ឃឹមថា ពួកគេនឹងបានរួចផុតពីវិញ្ញាណដែលប្រេះបែក។
ព្រះទ្រង់ជាប្រភពនៃក្តីអំណរដ៏ពិត និងស្ថិតស្ថេរ ដែលយើងអាចរកបានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ(លូកា ១០:២១ កាឡាទី ៥:២២)។ ព្រះវិញ្ញាណជួយយើងឲ្យអាចបញ្ចេញពន្លឺរបស់ព្រះអង្គ ពេលណាយើងព្យាយាមនាំក្តីអំណរដល់អ្នកដទៃ គឺក្តីអំណរដែលនាំមកនូវក្តីសង្ឃឹម និងកម្លាំង សម្រាប់ប្រឈមមុខដាក់ទុក្ខលំបាក។—Alyson Kieda
តើមាននរណាម្នាក់បានធ្វើអ្វីមួយ ដែលនាំឲ្យអ្នកមានក្តីអំណរ នៅពេលណា? តើអ្នកទទួលបានអ្វីជាលទ្ធផល?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទូលបង្គំនូវក្តីអំណរ។ សូមព្រះអង្គជួយទូលបង្គំឲ្យចែកចាយក្តីអំណរដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៤-១៥ និង យ៉ាកុប ២