ព្រះពរនៅទិវាអរព្រះគុណព្រះ

លូកា ១៤:១២-១៤

បើ​កាលណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នកក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត​។ លូកា ១៤:១៣-១៤

កាលពី​ឆ្នាំ២០១៦ អ្នក​ស្រីវេនដា ដេញ(Wanda Dench) បាន​ផ្ញើ​សារ​អញ្ជើញ​ចៅ​ប្រុស​គាត់ មក​ចូល​រួម​ការ​ញាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា នៅ​ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ដោយ​មិន​បាន​ដឹង​ថា គាត់​បាន​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​របស់​គាត់ កាលពី​ពេល​ថ្មីៗ​នេះ​ទេ​។ សារ​នោះ​ក៏បាន​ផ្ញើ​ទៅដល់​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ស្គាល់ ឈ្មោះ​ចាម៉ល(Jamal)។ ចាម៉ល​មិន​មាន​គម្រោង​ទៅណា​ទេ នៅ​ថ្ងៃ​នោះ។ ដូច​នេះ បន្ទាប់ពី​គាត់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា គាត់​ជា​នរណា គាត់​ក៏បាន​សួរ​អ្នក​ស្រី​វេដា​ថា តើ​គាត់​អាច​ទៅ​ចូល​រួម​អាហារ​ពេល​ល្ងាច​បានទេ​។ អ្នក​ស្រី​វេនដា​ក៏បាន​ឲ្យ​គាត់​ចូល​រួម​។ លោក​ចាម៉ល​ក៏បាន​ទៅ​ចូល​រួម​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​នោះ ហើយក៏​បាន​បន្ត​ចូល​រួម​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។ ដូច​នេះ ការ​ផ្ញើ​សារ​ច្រឡំ​មនុស្ស បាន​ក្លាយ​ជា​ព្រះពរ​ប្រចាំ​ឆ្នាំ​សម្រាប់​លោក​ចាម៉ល​។

ចិត្ត​សប្បុរស​របស់​អ្នក​ស្រី​វេនដា ក្នុង​ការ​អញ្ជើញ​មនុស្ស​ដែល​គាត់​មិន​ស្គាល់ ឲ្យ​ចូល​រួម​អាហារ​ពេល​ល្ងាច បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត​របស់​ព្រះយេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា​។ ក្នុង​អំឡុង​ពេល​ពិធីជប់លៀង នៅ​ក្នុង​ផ្ទះ​របស់​ពួក​ផារិ​ស៊ី​ម្នាក់ ដែល​មាន​ឥទ្ធិពល(លូកា ១៤:១) ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ឃើញ​គាត់​អញ្ជើញ​នរណា​ខ្លះ ឲ្យ​ចូល​រួម ហើយក៏​ឃើញ​ភ្ញៀវ​ទៅ​រក​កន្លែង​អង្គុយ​ដែល​ល្អ​ជាងគេ​ផង​ដែរ(ខ.៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រាប់​ពួក​ផារិ​ស៊ី​ជា​ម្ចាស់​ផ្ទះ​ថា ការ​អញ្ជើញ​មនុស្ស ផ្អែក​ទៅលើ​លទ្ធ​ភាព​ដែល​គេ​អាច​តប​ស្នង(ខ.១២) នឹង​នាំ​ឲ្យ​គាត់​បាន​ទទួល​ព្រះពរ​តិច​ទេ​។ ផ្ទុយ​ទៅវិញ គាត់​ត្រូវ​អញ្ជើញ​មនុស្ស​ដែល​គ្មាន​លទ្ធ​ភាព​តប​ស្នង​គាត់​វិញ នឹង​នាំ​ឲ្យ​គាត់​ទទួល​ព្រះពរ​កាន់តែ​ច្រើន​ឡើង(ខ.១៤)។

សម្រាប់​អ្នក​ស្រី​វេនដា ការ​អញ្ជើញ​លោក​ចាម៉ល ឲ្យ​ចូល​រួម​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ​គាត់ នៅ​ទិវា​អរ​ព្រះគុណ​ព្រះ បាន​នាំមក​នូវ​ទំនាក់​ទំនង​ដ៏​ជាប់​លាប់​មួយ ជា​ព្រះពរ​មិន​នឹក​ស្មាន​ដល់ ដែល​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់ បន្ទាប់ពី​ស្វាមី​គាត់​បាន​លាចាក​លោក​។ ពេល​យើង​ឈោង​ទៅ​រក​អ្នក​ដទៃ មិនមែន​ដោយសារ​ចង់​បាន​ការ​តប​ស្នង តែ​ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​បង្ហូរ​ចេញ​តាមរយៈ​យើង នោះ​យើង​នឹង​ទទួល​បាន​ព្រះពរ និង​ការ​លើក​ទឹក​ចិត្ត​លើស​ពី​ការ​រំពឹង​គិត​របស់​យើង​ទៅទៀត​។—Lisa M. Samra

តើ​ការ​អញ្ជើញ​ដោយ​មិន​បាន​រំពឹង​គិត បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ? តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​ព្រះពរ​អ្វី​ខ្លះ ពី​ការ​អញ្ជើញ​នោះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ដឹក​នាំ​ទូល​បង្គំ​ឲ្យ​អញ្ជើញ​អ្នក​ដទៃ ដោយ​ចិត្ត​ដែល​ចង់​នាំ​គេ​ទទួល​ព្រះពរ មិនមែន​ដើម្បី​ឲ្យ​គេ​តប​ស្នង​ទូល​បង្គំ​វិញ​ឡើយ​។

For further study, read Giving It Away at DiscoverySeries.org/Q0920.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២០-២១ និង យ៉ាកុប ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles