១របាក្សត្រ ២៩:១៤-២០
តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន? ១របាក្សត្រ ២៩:១៤
ក្នុងនាមខ្ញុំជាសមាជិករបស់ក្រុមអ្នកដឹកនាំ ក្នុងការងារព្រះវិហារក្នុងតំបន់ ខ្ញុំក៏មានតួនាទីអញ្ជើញអ្នកដទៃ ឲ្យចូលរួមជាមួយយើង ក្នុងការពិភាក្សារបស់អ្នកដឹកនាំផងដែរ។ ការអញ្ជើញរបស់ខ្ញុំ មានការរៀបរាប់អំពីពេលវេលាដែលត្រូវលះបង់ និងមានការបង្រៀនជាចំណុចៗ អំពីវិធីសាស្ត្រដែលអ្នកដឹកនាំត្រូវការ ដើម្បីទំនាក់ទំនងជាមួយក្រុមតូចរបស់ពួកគេ ទាំងក្នុងការជួបប្រជុំដោយផ្ទាល់ ក៏ដូចជាតាមទូរស័ព្ទ។ ជាញឹកញាប់ ខ្ញុំមានការស្ទាក់ស្ទើរមិនហ៊ានណែនាំអ្នកដទៃឲ្យអនុវត្តតាម ព្រោះខ្ញុំបានដឹងអំពីការលះបង់ ដែលពួកគេត្រូវមាន ដើម្បីក្លាយជាអ្នកដឹកនាំ។ ហើយជួនកាល ពួកគេបានឆ្លើយតបថា ពួកគេមានព្រះពរណាស់ ដែលបានចូលរួមការជួបជុំនោះ។ ការឆ្លើយតបដូចនេះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ពួកគេមិនបានបដិសេធការអញ្ជើញនេះទេ តែផ្ទុយទៅវិញ ពួកគេបានពិពណ៌នា អំពីការដឹងគុណចំពោះព្រះអម្ចាស់ សម្រាប់ការគ្រប់យ៉ាងដែលព្រះអង្គបានធ្វើក្នុងជីវិតពួកគេ ជាហេតុផលដែលពួកគេមានចិត្តឆេះឆួលចង់ធ្វើការថ្វាយព្រះអង្គ។
នៅពេលដែលគេដល់ពេលត្រូវថ្វាយធនធានផ្ទាល់ខ្លួន ដើម្បីធ្វើការសាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ស្តេចដាវីឌក៏មានការឆ្លើយតបស្រដៀងនេះផងដែរ។ ទ្រង់ពោលថា “តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន?” (១របាក្សត្រ ២៩:១៤)។ ការដែលស្តេចដាវីឌបានថ្វាយដោយស្ម័គ្រពីចិត្ត ក៏បានទទួលការបណ្តាល ពីចិត្តដែលដឹងគុណព្រះអម្ចាស់ ដែលបានធ្វើការក្នុងជីវិតទ្រង់ និងប្រជាជនអ៊ីស្រាអែល។ ការឆ្លើយតបរបស់ទ្រង់បានបង្ហាញការបន្ទាបខ្លួន និងការទទួលស្គាល់សេចក្តីល្អរបស់ព្រះអម្ចាស់ ចំពោះអ្នកដទៃ និងជនបរទេស ក្នុងទឹកដីទ្រង់ផងដែរ(ខ.១៥)។
ការលះបង់របស់យើង សម្រាប់ការងារបម្រើព្រះ ទោះជាពេលវេលា អំណោយទាន ឬទ្រព្យសម្បត្តិក្តី គឺបានឆ្លុះបញ្ចាំង អំពីការដឹងគុណដល់ព្រះមួយអង្គ ដែលប្រទានយើងនូវជីវិត និងអ្វីៗគ្រប់យ៉ាង។ អ្វីៗដែលយើងមាន គឺបានមកពីព្រះហស្តព្រះអង្គ(ខ.១៤) បានជាយើងអាចឆ្លើយតបចំពោះព្រះអង្គ ដោយថ្វាយដង្វាយដល់ព្រះអង្គ ដោយការដឹងគុណ។ —Kirsten Holmberg
តើព្រះទ្រង់បានធ្វើការយ៉ាងណាខ្លះ ក្នុងជីវិតអ្នក? តើអ្នកអាចថ្វាយដង្វាយដល់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយចិត្តសប្បុរស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣