តើខ្ញុំជាអ្វី?

១របាក្សត្រ ២៩:១៤-២០

តែ​តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ១របាក្សត្រ ២៩:១៤

ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​របស់​ក្រុម​អ្នក​ដឹកនាំ ក្នុង​ការងារ​ព្រះវិហារ​ក្នុង​តំបន់ ខ្ញុំ​ក៏​មាន​តួនាទី​អញ្ជើញ​អ្នក​ដទៃ ឲ្យ​ចូល​រួម​ជាមួយ​យើង ក្នុង​ការ​ពិភាក្សា​របស់​អ្នក​ដឹកនាំ​ផង​ដែរ​។ ការ​អញ្ជើញ​របស់​ខ្ញុំ មាន​ការ​រៀបរាប់​អំពី​ពេល​វេលា​ដែល​ត្រូវ​លះបង់ និង​មាន​ការ​បង្រៀន​ជា​ចំណុចៗ អំពី​វិធី​សាស្ត្រ​ដែល​អ្នក​ដឹកនាំ​ត្រូវ​ការ ដើម្បី​ទំនាក់​ទំនងជា​មួយ​ក្រុម​តូច​របស់​ពួកគេ ទាំង​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​ផ្ទាល់ ក៏​ដូចជា​តាម​ទូរស័ព្ទ​។ ជា​ញឹក​ញាប់ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ណែនាំ​អ្នក​ដទៃ​ឲ្យ​អនុវត្ត​តាម ព្រោះ​ខ្ញុំ​បាន​ដឹង​អំពី​ការ​លះបង់ ដែល​ពួកគេ​ត្រូវ​មាន ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​។ ហើយ​ជួនកាល ពួក​គេ​បាន​ឆ្លើយ​តប​ថា ពួកគេ​មាន​ព្រះពរ​ណាស់ ដែល​បាន​ចូល​រួម​ការ​ជួប​ជុំ​នោះ​។ ការ​ឆ្លើយតប​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​។ ពួកគេ​មិន​បាន​បដិសេធ​ការ​អញ្ជើញ​នេះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​បាន​ពិពណ៌នា អំពី​ការ​ដឹង​គុណ​ចំពោះ​ព្រះអម្ចាស់ សម្រាប់​ការ​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​បាន​ធ្វើ​ក្នុង​ជីវិត​ពួកគេ ជា​ហេតុផល​ដែល​ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ​។

នៅពេល​ដែលគេ​ដល់​ពេល​ត្រូវ​ថ្វាយ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​ការសាងសង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់ ស្តេច​ដាវីឌ​ក៏​មាន​ការ​ឆ្លើយ​តប​ស្រដៀង​នេះ​ផង​ដែរ​។ ទ្រង់​ពោល​ថា “តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន?” (១របាក្សត្រ ២៩:១៤)។ ការ​ដែល​ស្តេច​ដាវីឌ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏បាន​ទទួល​ការ​បណ្តាល ពី​ចិត្ត​ដែល​ដឹង​គុណ​ព្រះអម្ចាស់ ដែល​បាន​ធ្វើ​ការ​ក្នុង​ជីវិត​ទ្រង់ និង​ប្រជាជន​អ៊ីស្រាអែល​។ ការ​ឆ្លើយតប​របស់​ទ្រង់​បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន និង​ការ​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះអម្ចាស់ ចំពោះ​អ្នក​ដទៃ និង​ជន​បរទេស ក្នុង​ទឹកដី​ទ្រង់​ផង​ដែរ(ខ.១៥)។

ការ​លះបង់​របស់​យើង សម្រាប់​ការងារ​បម្រើ​ព្រះ ទោះជា​ពេល​វេលា អំណោយ​ទាន ឬ​ទ្រព្យ​សម្បត្តិ​ក្តី គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​ដឹង​គុណ​ដល់​ព្រះ​មួយ​អង្គ ដែល​ប្រទាន​យើង​នូវ​ជីវិត និង​អ្វីៗ​គ្រប់​យ៉ាង​។ អ្វីៗ​ដែល​យើង​មាន គឺ​បាន​មកពី​ព្រះ​ហស្ត​ព្រះអង្គ(ខ.‌១៤) បានជា​យើង​អាច​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយ​ថ្វាយ​ដង្វាយ​ដល់​ព្រះអង្គ ដោយ​ការ​ដឹង​គុណ​។ —Kirsten Holmberg

តើ​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាងណា​ខ្លះ ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ថ្វាយ​ដង្វាយ​ដល់​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ឆ្លើយតប ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ហើយ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ ដោយ​ចិត្ត​សប្បុរស​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles