ធ្វើការបម្រើ ដើម្បីព្រះអង្គ

ជន​គណនា ៣:៥-៩

ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់​ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូនចៅ​អ៊ីស្រាអែលផង ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ​។ ជន​គណនា ៣:៨

ពេល​ដែល​ក្សត្រី​អេលី​ហ្សាប៊ែត(Elizabeth) នៃ​ចក្រភព​អង់គ្លេស​បាន​សោយទិវង្គត នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ទាហាន​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​ជាជួរ ដើម្បី​ដង្ហែ​ព្រះ​សព​។ តួនាទី​របស់​ពួក​គេ​ម្នាក់ៗ​ស្ទើរតែ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹក តែ​មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ការ​ចូល​រួម​របស់​ទាហាន​ទាំង​នោះ ជា​កិត្តិយស​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​។ ទាហាន​ម្នាក់​បាន​និយាយ​ថា “វា​ជា​ឱកាស សម្រាប់​ឲ្យ​ពួក​គាត់​បំពេញ​ភារៈ​កិច្ច​ចុង​ក្រោយ សម្រាប់​ក្សត្រី​អេលី​ហ្សាប៊ែត”។ សម្រាប់​គាត់ កិច្ចការ​នេះ​សំខាន់ មិនមែន​ដោយសារ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នោះ​ទេ តែ​ដោយសារ​មនុស្ស​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការ​នោះ​ជូន​។

ពួក​លេវី​ដែល​បាន​ទទួល​ការ​ចាត់​តាំង ឲ្យ​ចាត់ចែង​ការ​តុប​តែង​លម្អ​រោង​ឧបោសថ ក៏​មាន​គោលដៅ​ស្រដៀង​នេះ​ផង​ដែរ​។ កូនចៅ​របស់​គ្រួសារ​គើសុន កេហាត់ និង​ម្រ៉ារី មិន​មាន​តួនាទី​ដូច​ពួក​សង្ឃ​នោះ​ទេ តែ​មាន​តួនាទី​ដែល​ហាក់​ដូច​ជា​សាមញ្ញ ដូចជា ការ​លាង​សម្អាត​គ្រឿង​សង្ហា​រឹម ជើង​ចង្កៀង វាំងនន បង្គោល ត្រសាល និង​ខ្សែពួរ​ជាដើម(ជន​គណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែ​ការងារ​របស់​ពួកគេ​បាន​ទទួល​ការ​ចាត់​តាំង​យ៉ាង​ជាក់​លាក់​ពី​ព្រះអម្ចាស់ “ឲ្យ​ធ្វើ​ការងារ​ផ្នែក​រោង​ឧបោសថ”(ខ.៨) ហើយ​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​។

រឿង​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់​។ សព្វថ្ងៃ​នេះ កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ ឬ​នៅ​ព្រះ​វិហារ​ក្តី ប្រហែល​ហាក់​ដូចជា​មិន​សំខាន់ ចំពោះ​លោកិយ​ដែល​ឲ្យ​តម្លៃ​មក​លើ​មុខ​តំណែង និង​ប្រាក់ខែ​ខ្ពស់​។ តែ​ព្រះ​ទ្រង់​មិន​បាន​ទត​ឃើញ​ដូច​នេះ​ទេ​។ បើ​យើង​ធ្វើ​ការ និង​បម្រើ ដោយ​យល់​ដល់​ព្រះអង្គ ដោយ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​អស់ពី​ចិត្ត ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ សូម្បីតែ​ក្នុង​កិច្ចការ​ដែល​តូច​បំផុត​ក៏ដោយ នោះ​កិច្ចការ​របស់​យើង​សំខាន់ ព្រោះ​យើង​កំពុង​ធ្វើ ដើម្បី​បម្រើ​ព្រះ​ដ៏​ធំ​ប្រសើរ​។—Leslie Koh

តើ​ការ​ដឹង​ថា អ្នក​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​អ្នក​ធ្វើ​ការ​ងារ​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ធ្វើ​កិច្ចការ​នោះ ដោយ​ចិត្ត​ក្លាហាន អស់ពី​ចិត្ត​ថ្វាយ​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ទូល​បង្គំ នូវ​ឱកាស​បម្រើ​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​អំណោយ​ទាន និង​កម្លាំង​ដែល​ព្រះអង្គ​បាន​ប្រទាន​ទូល​បង្គំ ឲ្យ​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣០-៣២ និង ១ពេត្រុស ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles