រ៉ូម ១២:៩-២១
ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ … ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន។ រ៉ូម ១២:១០-១២
ក្នុងសៀវភៅដែលអ្នកស្រីខាត់ធ័រីន ជាអ្នកក្រុងសេអ៊ីណា(Catherine of Sienna) បាននិពន្ធ កាលពីសតវត្សរ៍ទី១៤ គាត់បានសរសេរថា “មូលហេតុដែលអ្នកយំនៅពេលយប់ នៅពេលខ្លះ គឺដោយសារបន្លាបានចូលក្នុងជើងអ្នក។ ក្នុងពិភពលោក មានអ្នកខ្លះអាចដកបន្លានោះចេញ។ ហើយពួកគេបានរៀនជំនាញដកបន្លានោះ ពីព្រះអម្ចាស់”។ ក្នុងមួយជីវិតអ្នកស្រីខាត់ធើរីន គាត់បានប្តូរផ្តាច់ ចំពោះការរៀន “ជំនាញ”នោះ ហើយគេនៅនឹកចាំអំពីគាត់រហូតមកដល់ពេលសព្វថ្ងៃ ដោយសារគេបានកត់សំគាល់ឃើញថា គាត់មានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដែលកំពុងមានការឈឺចាប់។
ការឈឺចាប់នោះ ប្រៀបដូចជាបន្លាដែលចូលក្នុងជើងយ៉ាងជ្រៅ ត្រូវការភាពទន់ភ្លន់ និងជំនាញ ដើម្បីដកបន្លានោះចេញ។ បញ្ហានេះបានក្រើនរំឭកយើងយ៉ាងច្បាស់ថា របួសក្នុងចិត្តយើងមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរប៉ុណ្ណា បានជាយើងចាំបាច់ត្រូវវះកាត់កាន់តែជ្រៅ ដើម្បីបង្កើតឲ្យមានការអាណិតពិតប្រាកដ ចំពោះអ្នកដទៃ និងខ្លួនយើង។
គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ ការប្រៀបធៀបនេះបានរំឭកយើងថា ការស្រឡាញ់អ្នកដទៃ មិនគ្រាន់តែទាមទារឲ្យយើងមានបំណងល្អ និងចិត្តដែលចង់ឲ្យគេជាសះស្បើយប៉ុណ្ណោះទេ តែក៏តម្រូវឲ្យ “ប្ដេជ្ញាចិត្ត ឬថ្មមចិត្តចំពោះគ្នាទៅវិញទៅមក”(រ៉ូម ១២:១០) និង “អរសប្បាយ ដោយមានសង្ឃឹម អត់ធន់ក្នុងសេចក្តីទុក្ខលំបាក ហើយខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន”(ខ.១២)។ ការនេះតម្រូវឲ្យយើងមិនគ្រាន់តែស្ម័គ្រចិត្ត “អរសប្បាយជាមួយអ្នកដទៃអរសប្បាយ” តែក៏ “សោកសង្រេងជាមួយអ្នកសោកសង្រេង”ផងដែរ(ខ.១៥)។ ការតម្រូវនេះគឺសម្រាប់យើងរាល់គ្នា។
ក្នុងលោកិយដែលប្រេះបែក គ្មាននរណាម្នាក់អាចគេចចេញ ដោយគ្មានរបួសបានឡើយ ខណៈពេលដែលការឈឺចាប់ និងស្នាមសម្លាកបានដក់ជាប់យ៉ាងជ្រៅ ក្នុងយើងម្នាក់ៗ។ តែសេចក្តីស្រឡាញ់ដែលយើងរកឃើញក្នុងព្រះគ្រីស្ទ មានភាពជ្រាលជ្រៅជាង គឺសេចក្តីស្រឡាញ់ដែលទន់ភ្លន់ល្មមនឹងអាចដកបន្លាចេញ ដោយសេចក្តីអាណិត ដែលហ៊ានស្រឡាញ់ទាំងមិត្តភក្តិ និងខ្មាំងសត្រូវ(ខ.១៤) ដើម្បីស្វែងរកការប្រោសឲ្យជាទាំងអស់គ្នា។—Monica La Rose
តើអ្នកបានដកពិសោធន៍ជាមួយនឹងអំណាចនៃក្តីអាណិតដែលប្រោសឲ្យជា នៅពេលណា? តើអ្នកអាចនាំមកនូវការប្រោសឲ្យជា ក្នុងសហគមន៍យ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីអាណិតដែលព្រះអង្គមានចំពោះទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់អ្នកដទៃយ៉ាងដូចនេះផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៣-៣៤ និង ១ពេត្រុស ៥