ជំនាញខាងអាណិត

រ៉ូម ១២:៩-២១

ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញ​ទៅមក​ចុះ … ចូ​រអរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន​។ រ៉ូម ១២:១០-១២

ក្នុង​សៀវភៅ​ដែល​អ្នក​ស្រី​ខាត់ធ័រីន ជា​អ្នក​ក្រុង​សេ​អ៊ីណា(Catherine of Sienna) បាន​និពន្ធ កាលពី​សតវត្សរ៍ទី១៤ គាត់​បាន​សរសេរ​ថា “មូល​ហេតុ​ដែល​អ្នក​យំ​នៅ​ពេលយប់ នៅពេល​ខ្លះ គឺ​ដោយសារ​បន្លា​បាន​ចូល​ក្នុង​ជើង​អ្នក​។ ក្នុង​ពិភពលោក មាន​អ្នក​ខ្លះ​អាច​ដក​បន្លា​នោះ​ចេញ​។ ហើយ​ពួកគេ​បាន​រៀន​ជំនាញ​ដក​បន្លា​នោះ ពី​ព្រះអម្ចាស់”។ ក្នុង​មួយ​ជីវិត​អ្នក​ស្រី​ខាត់ធើរីន គាត់​បាន​ប្តូរ​ផ្តាច់ ចំពោះ​ការ​រៀន “ជំនាញ”នោះ ហើយ​គេ​នៅ​នឹក​ចាំ​អំពី​គាត់​រហូត​មកដល់​ពេល​សព្វថ្ងៃ ដោយសារ​គេ​បាន​កត់​សំគាល់​ឃើញថា គាត់​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដែល​កំពុង​មាន​ការ​ឈឺ​ចាប់​។

ការ​ឈឺ​ចាប់​នោះ ប្រៀប​ដូចជា​បន្លា​ដែល​ចូល​ក្នុង​ជើង​យ៉ាង​ជ្រៅ ត្រូវ​ការ​ភាព​ទន់ភ្លន់ និង​ជំនាញ ដើម្បី​ដក​បន្លា​នោះ​ចេញ​។ បញ្ហា​នេះ​បាន​ក្រើន​រំឭក​យើង​យ៉ាង​ច្បាស់​ថា របួស​ក្នុង​ចិត្ត​យើង​មាន​ភាព​ស្មុគ​ស្មាញ និង​ធ្ងន់ធ្ងរ​ប៉ុណ្ណា បានជា​យើង​ចាំ​បាច់​ត្រូវ​វះ​កាត់​កាន់តែ​ជ្រៅ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អាណិត​ពិត​ប្រាកដ ចំពោះ​អ្នក​ដទៃ និង​ខ្លួន​យើង​។

គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រៀបរាប់ ការ​ប្រៀបធៀប​នេះ​បាន​រំឭក​យើង​ថា ការ​ស្រឡាញ់​អ្នក​ដទៃ មិន​គ្រាន់តែ​ទាមទារ​ឲ្យ​យើង​មាន​បំណង​ល្អ និង​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ជា​សះ​ស្បើយ​ប៉ុណ្ណោះ​ទេ តែ​ក៏​តម្រូវ​ឲ្យ “ប្ដេជ្ញា​ចិត្ត ឬ​ថ្មម​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក”(រ៉ូម ១២:១០) និង “អរ​សប្បាយ ដោយ​មាន​សង្ឃឹម អត់ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ហើយ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន”(ខ.១២)។ ការ​នេះ​តម្រូវ​ឲ្យ​យើង​មិន​គ្រាន់តែ​ស្ម័គ្រ​ចិត្ត “អរ​សប្បាយ​ជាមួយ​អ្នក​ដទៃ​អរ​សប្បាយ” តែ​ក៏ “សោក​សង្រេង​ជា​មួយ​អ្នក​សោក​សង្រេង”ផង​ដែរ(ខ.១៥)។ ការ​តម្រូវ​នេះ​គឺ​សម្រាប់​យើង​រាល់​គ្នា​។

ក្នុង​លោកិយ​ដែល​ប្រេះ​បែក គ្មាន​នរណា​ម្នាក់​អាច​គេច​ចេញ ដោយ​គ្មាន​របួស​បាន​ឡើយ ខណៈ​ពេល​ដែល​ការ​ឈឺ​ចាប់ និង​ស្នាម​សម្លាក​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ ក្នុង​យើង​ម្នាក់ៗ​។ តែ​សេចក្តី​ស្រឡាញ់​ដែល​យើង​រក​ឃើញ​ក្នុង​ព្រះគ្រីស្ទ មាន​ភាព​ជ្រាល​ជ្រៅ​ជាង គឺ​សេចក្តី​ស្រឡាញ់​ដែល​ទន់ភ្លន់​ល្មម​នឹង​អាច​ដក​បន្លា​ចេញ ដោយ​សេចក្តី​អាណិត ដែល​ហ៊ាន​ស្រឡាញ់​ទាំង​មិត្ត​ភក្តិ និង​ខ្មាំង​សត្រូវ(ខ.‌១៤) ដើម្បី​ស្វែងរក​ការ​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា​។—Monica La Rose

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយនឹង​អំណាច​នៃ​ក្តី​អាណិត​ដែល​ប្រោស​ឲ្យ​ជា នៅ​ពេលណា? តើ​អ្នក​អាច​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​ ក្នុង​​សហគមន៍​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​អាណិត​ដែល​ព្រះអង្គ​មាន​ចំពោះ​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​យ៉ាង​ដូច​នេះ​ផង​ដែរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៣-៣៤ និង ១ពេត្រុស ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles