ម៉ាថាយ ១១:២៧-៣០
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨
ឌែន ហ្គីល(Dan Gill) ជាក្មេងប្រុសអាយុ៩ឆ្នាំ បានទៅចូលរួមពិធីខួបកំណើតជាមួយមិត្តជិតស្និទ្ធបំផុតរបស់គាត់ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេលដែលម្តាយរបស់ក្មេងប្រុសជាម្ចាស់ខួបកំណើត ឃើញអាឈី គាត់បានបដិសេធន៍មិនឲ្យអាឈីចូលរួមពិធីខួបកំណើតឡើយ។ គាត់ថា មិនមានកៅអីទំនេរ សម្រាប់ឲ្យអាឈីអង្គុយទេ។ ពេលនោះឌែនសុខចិត្តអង្គុយនៅលើកម្រាលឥដ្ឋ ដើម្បីឲ្យមិត្តភក្តិគាត់ ដែលជាជនជាតិស្បែកខ្មៅបានអង្គុយនៅលើកៅអី តែម្តាយក្មេងនោះនៅតែបដិសេធន៍មិនឲ្យអាឈីចូលរួម។ ដូចនេះឌែនក៏បានប្រគល់អំណោយរបស់គាត់ និងអំណោយរបស់អាឈី ទៅស្រ្តីនោះ ហើយក៏បានត្រឡប់ទៅផ្ទះវិញជាមួយអាឈី។ ថ្ងៃនោះ ការបដិសេធន៍ដែលមិត្តភក្តិគាត់បានទទួលរង បានធ្វើឲ្យគាត់មានការឈឺចិត្តយ៉ាងខ្លាំង។
ប៉ុន្មានទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ ឌែនបានក្លាយជាគ្រូបង្រៀន ដែលតែងតែដាក់កៅអីទំនេរមួយ ក្នុងថ្នាក់រៀនរបស់គាត់។ ពេលសិស្សរបស់គាត់សួរអំពីមូលហេតុដែលគាត់ធ្វើដូចនេះ គាត់ក៏បានពន្យល់ថា គាត់ធ្វើដូចនេះ ដើម្បីរំឭកខ្លួនឯងថា ថ្នាក់រៀនគាត់តែងតែមានកន្លែងទំនេរសម្រាប់មនុស្សគ្រប់គ្នា ដោយគ្មានការរើសអើង។
ព្រះយេស៊ូវមានព្រះទ័យបើកចំហសម្រាប់មនុស្សទាំងអស់ គឺដូចដែលព្រះអង្គមានបន្ទូលស្វាគមន៍ថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ការអញ្ជើញនេះមិនបានប្រាសចាកគោលដៅនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវឡើយ(រ៉ូម ១:១៦)។ អំណោយនៃសេចក្តីសង្រ្គោះ គឺមានសម្រាប់មនុស្សទាំងអស់ ដែលទទួលជឿព្រះយេស៊ូវ គឺ “សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ”(៣:២២)។
ដូចនេះ យើងអាចអរសប្បាយ ចំពោះការអញ្ជើញរបស់ព្រះគ្រីស្ទដល់មនុស្សទាំងអស់ យ៉ាងដូចនេះថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះទ័យព្រះអង្គតែងតែបើកចំហ សម្រាប់មនុស្សទាំងអស់ដែលកំពុងស្វែងរកការសម្រាកដ៏ពិត។—Patricia Raybon
តើអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបណា ពេលដែលអ្នកទទួលអំណោយនៃសេចក្តីសង្គ្រោះរបស់ព្រះអង្គ? តើអ្នកដឹងថា ព្រះយេស៊ូវកំពុងមានបន្ទូលត្រាស់ហៅមកកាន់ចិត្តមនុស្សណាខ្លះ?
ឱព្រះយេស៊ូវ ព្រះអង្គបានហៅទូលបង្គំ ពេលដែលអ្នកដទៃមិនរាប់រកទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទូលបង្គំ នូវសេចក្តីសង្គ្រោះ និងសេចក្តីស្រឡាញ់។
For further study, read Keeping the Faith: The Cost of Following Christ at DiscoverySeries.org/Q0614.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤០-៤១ និង ២ពេត្រុស ៣