ការចុះចូលស្តាប់បង្គាប់ព្រះយេស៊ូវ

យេរេមា ៣៨:១៧-២៣

សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ​។ យេរេមា ៣៨:២០

កាលពី​ឆ្នាំ១៩៥១ វេជ្ជ​បណ្ឌិត​របស់​លោក យ៉ូសែប ស្តាលីន(Joseph Stalin) បាន​ដាស់តឿន​គាត់​ ឲ្យ​កាត់​បន្ថយ​បន្ទុក​ការងារ ដើម្បី​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​។ អ្នក​ដឹកនាំ​សហភាព​សូវៀត​រូប​នេះ ក៏​បាន​ចោទ​ប្រកាន់​គ្រូ​ពេទ្យ​នោះ​ថា ជា​គិញ​សម្ងាត់​របស់​សត្រូវ ហើយក៏​បាន​ឲ្យ​គេ​ចាប់​ខ្លួន​គាត់​។ អ្នក​ដឹកនាំ​ផ្តាច់​ការ​នេះ​បាន​កៀប​សង្កត់​មនុស្ស​ជា​ច្រើន ដោយ​ការ​កុហក​របស់​ខ្លួន បានជា​មិន​អាច​ទទួលយក​ការ​ពិត ហើយក៏​បាន​កម្ចាត់​មនុស្ស​ដែល​និយាយ​ការ​ពិត អស់​ច្រើន​នាក់​ហើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តី​ពិត​នៅតែ​មាន​ជ័យ​ជម្នះ​មក​លើ​គាត់​។ លោក​ស្តាលីន​ក៏បាន​បាត់បង់​ជីវិត ក្នុង​ឆ្នាំ១៩៥៣​។

ហោរា​យេរេមា​ក៏​ត្រូវ​គេ​ចាប់​ខ្លួន ដោយសារ​គាត់​បាន​ថ្លែង​ទំនាយ​ជា​សេចក្តី​ពិត ហើយក៏​បាន​ជាប់​ច្រវាក់(យេរេមា ៣៨:១-៦ ៤០:១)។ កាល​នោះ គាត់​បាន​ទូល​ស្តេច​សេដេគា ជា​ស្តេច​យូដា​ថា “សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ”(៣៨:២០)។ ការ​ដែល​ស្តេច​អង្គ​នេះ​មិន​បាន​ចុះ​ចាញ់​កងទ័ព​សត្រូវ​ដែល​កំពុង​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ទ្រង់ បាន​បណ្តាល​ឲ្យ​ទ្រង់​ជួប​រឿង​កាន់តែ​អាក្រក់​។ គឺ​ដូច​ដែល​ហោរា​យេរេមា​បាន​ព្រមាន​ទ្រង់​ថា “គេ​នឹង​នាំ​ភរិយា និង​ព្រះរាជ្យ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញទៅ​ឯពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួចពី​កណ្តាប់​ដៃគេ​ដែរ”(ខ.២៣)។

ស្តេច​សេដេគា​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​តាម​សេចក្តី​ពិត​នេះ​។ ទី​បំផុត ពួក​សាសន៍​បាប៊ីឡូន​ក៏បាន​ចាប់​ព្រះ​កាយ​ទ្រង់ សម្លាប់​បុត្រា​របស់​ទ្រង់​ទាំង​អស់ ហើយ​ក៏​បាន​ដុត​បំផ្លាញ​ទីក្រុង​ទ្រង់​ចោល(ជំពូក៣៩)។

រឿង​នេះ​បាន​បង្រៀន​យើង​ថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត ដូច​ស្តេច​សេដេគា​ផង​ដែរ​។ យើង​ជាប់​អន្ទាក់ ដែល​ឃុំ​ឃាំង​ខ្លួន​យើង ក្នុង​ជីវិត​ដែល​មាន​បាប និង​ការ​សម្រេច​ចិត្ត​ខុស​។ ជា​ញឹក​ញាប់ យើង​ធ្វើ​ឲ្យ​មាន​រឿង​កាន់តែ​ធ្ងន់ធ្ងរ ដោយ​បដិសេធន៍​មិន​ព្រម​ស្តាប់​តាម​មនុស្ស​ដែល​ប្រាប់​យើង​អំពី​ការ​ពិត ស្តី​អំពី​ខ្លួន​យើង​។ អ្វី​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ​ពិតតែ​មួយ ដែល​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ”(យ៉ូហាន ១៤:៦)។—Tim Gustafson

តើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​រស់នៅ មាន​ភាព​សម​ស្រប​នឹង​ព្រះបន្ទូល​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ចុះ​ចូល​ព្រះអង្គ?

ឱ​ព្រះ​ដែល​មាន​សេចក្តី​អាណិត សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​មាន​សេចក្តី​អំនួត ដែល​បាន​រា​រាំង​ទូល​បង្គំ​មិន​ឲ្យ​ស្តាប់​បង្គាប់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles