ព្រះបន្ទូលសន្យាដែលកម្សាន្តចិត្តបំផុត

យ៉ូស្វេ ១:១-៩

ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែងណា ដែល​ឯង​ទៅ​ផង​។ យ៉ូស្វេ ១:៩

កាល​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទៅ​លេង​តំបន់​ចតុកោណ ដែល​នៅ​សហរដ្ឋអាមេរិក​មានតែ​កន្លែង​នេះ​ប៉ុណ្ណោះ ដែល​មាន​រដ្ឋ៤ប្រសព្វ​គ្នា ក្នុង​ទីតាំង​តែមួយ​។ ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ទៅ​ឈរ​នៅ​ជ្រុង​ដែលគេ​ដាក់​ផ្លាក​ទឹកដី​រដ្ឋ​អារីហ្សូណា កូន​ប្រុស​ច្បង​របស់​ខ្ញុំ ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​យូតាហ​។ ចំណែក​កូនពៅ​របស់​ខ្ញុំ​ក៏​បាន​កាន់​ដៃ​ខ្ញុំ​ខណៈ​ពេល​ដែល​យើង​បោះ​ជំហាន​ចូល​រដ្ឋ​ខូឡូរ៉ាដូ​។ ពេល​ដែល​ខ្ញុំ​ស្ទុះ​រត់​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​ញ៉ូមិច​ស៊ីកូ កូនពៅ​របស់​ខ្ញុំ​ក៏បាន​លាន់​មាត់​ថា “ម៉ាក់ កូន​មិន​នឹក​ស្មាន​សោះ​ថា ម៉ាក់​ទុក​កូន​ចោល​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ!” ពេល​នោះ យើង​ឈរ​ជាមួយ​គ្នា នៅ​ក្នុង​រដ្ឋ​ផ្សេង​គ្នា ហើយ​សំណើច​របស់​យើង​បាន​លាន់ឮ​ក្នុង​រដ្ឋ​ទាំង៤ក្នុង​ពេល​តែមួយ​។ សព្វថ្ងៃ កូនៗ​របស់​ខ្ញុំ​ពេញវ័យ ហើយ​បាន​ចេញទៅ​រស់នៅ​ខាង​ក្រៅ​។ ខ្ញុំ​មាន​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​យាង​ទៅជា​មួយ​រាស្រ្ត​ព្រះអង្គ គ្រប់​ទី​កន្លែង​ដែល​ពួកគេ​ទៅដល់​។

បន្ទាប់ពី​លោក​ម៉ូសេ​លាចាក​លោក ព្រះ​ទ្រង់​ក៏​បាន​ត្រាស់ហៅ​លោក​យ៉ូស្វេ ឲ្យ​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ហើយ​បាន​ធានា​ដល់​គាត់​ថា ព្រះអង្គ​នឹង​មាន​ព្រះ​វត្ត​មាននៅ​ជាមួយ​គាត់​ជានិច្ច(យ៉ូស្វេ ១:១-៤)។ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូចជា​បាន​នៅ​ជាមួយនឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ”(ខ.៥)។ ព្រះ​អង្គ​ជ្រាប​ថា លោក​យ៉ូស្វេ​នឹង​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ថ្មី របស់​រាស្រ្ត​ព្រះអង្គ បានជា​ព្រះ​អង្គ​សង់​គ្រឹះ​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​គាត់ ផ្អែក​ទៅលើ​ព្រះ​បន្ទូល​ដែល​បាន​ធានា​ថា “តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែងណា ដែល​ឯង​ទៅ​ផង”(ខ.៩)។

ទោះ​ព្រះ​ទ្រង់​ដឹកនាំ​យើង ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ទៅ​កន្លែងណា​ ហើយ​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាងណា​ក៏ដោយ ក៏​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​នៅតែ​ធានា​ដល់​យើង​ថា ព្រះ​អង្គ​នៅ​តែ​គង់​ជាមួយ​យើង​ជានិច្ច​។—Xochitl Dixon

តើ​ព្រះបន្ទូល​សន្យា​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ បាន​កម្សាន្ត​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ? តើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ​អង្គ​ថា នឹង​គង់នៅ​ជាមួយ​បាន​កម្សាន្ត​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ ពេល​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​។

ឱ​ព្រះ​ដែល​តែងតែ​គង់នៅ​ជាមួយ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​កម្សាន្ត​ចិត្ត​ទូល​បង្គំ ដោយ​ព្រះ​បន្ទូល​សន្យា​ថា នឹង​គង់នៅ​ជា​មួយ​ទូល​បង្គំ​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles