ភីលីព ៤:៤-៧
ព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ។ ភីលីព ៤:៥-៦
អ្នកស្រីលត(Lourdes) បានធ្វើការជាគ្រូបង្រៀន ក្នុងថ្នាក់ចម្រៀង នៅទីក្រុងម៉ានីលប្រទេសភីលីពីន ជាង៣០ឆ្នាំហើយ។ គាត់បានបង្រៀនសិស្សដោយផ្ទាល់ តែគាត់មានការថប់បារម្ភ ពេលដែលគេស្នើឲ្យគាត់បង្រៀនតាមអនឡាញ។ គាត់ថា គាត់មិនសូវចេះប្រើកុំព្យូទ័រ។ កុំព្យូទ័រយួរដៃរបស់គាត់ចាស់ ហើយគាត់ក៏មិនមានទម្លាប់ជួបជុំគ្នាតាមអនឡាញដែរ។
អ្នកខ្លះប្រហែលជាគិតថា វាជារឿងតូចតាចទេ តែវាបានធ្វើឲ្យគាត់មានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង។ គាត់ថា គាត់រស់នៅម្នាក់ឯង គ្មាននរណាជួយគាត់។ គាត់មានការព្រួយបារម្ភ ខ្លាចសិស្សឈប់រៀនជាមួយគាត់ ហើយគាត់នឹងបាត់បង់ប្រាក់ចំណូល។
មុនពេលគាត់ចាប់ផ្តើមការបង្រៀន គាត់តែងតែអធិស្ឋាន សូមឲ្យកុំព្យូទ័រយួរដៃរបស់គាត់ មានដំណើរការល្អ។ គាត់ថា គាត់បានដាក់ បទគម្ពីរភីលីព ៤:៥-៦ នៅលើរូបផ្ទៃខាងក្រោយ ក្នុងអេក្រង់កុំព្យូទ័ររបស់គាត់ ហើយក៏បាននឹកចាំខគម្ពីរនេះនៅក្នុងចិត្ត។
សាវ័កប៉ុលបានលើកទឹកចិត្តយើង កុំឲ្យមានការថប់បារម្ភ អំពីរឿងអ្វីឡើយ ព្រោះព្រះអម្ចាស់តែងតែគង់នៅក្បែរយើងជានិច្ច។ ចូរយើងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ ដែលបានធានាថា ព្រះអង្គនឹងគង់នៅក្បែរយើងគ្រប់ពេល។ ពេលណាយើងសម្រាកដោយទុកចិត្តថា ព្រះអង្គគង់នៅក្បែរយើង ហើយទូលថ្វាយបញ្ហាទាំងអស់ គឺគ្រប់ទាំងបញ្ហាតូចធំ នោះសេចក្តីសុខសាន្តរបស់ព្រះអង្គ នឹងការពារចិត្តនិងគំនិតយើង ក្នុងព្រះគ្រីស្ទយេស៊ូវ(ខ.៧)។
អ្នកស្រីលតក៏បានប្រាប់ខ្ញុំថា ព្រះអម្ចាស់បានដឹកនាំគាត់ ទៅរកវិបសាយដែលណែនាំ អំពីវិធីជួសជុលកុំព្យូទ័រគាត់។ ព្រះអង្គក៏បានប្រទានឲ្យគាត់មានសិស្សដែលមានចិត្តអត់ធ្មត់ និងមានការយោគយល់ ចំពោះការខ្វះខាតរបស់គាត់ ក្នុងការយល់ដឹង ផ្នែកបច្ចេកវិទ្យា។ យើងនឹងបានអរសប្បាយនឹងព្រះវត្តមាន ជំនួយ និងសេចក្តីសុខសាន្តរបស់ព្រះអង្គ ពេលណាយើងខិតខំដើរតាមព្រះអង្គ ពេញមួយជីវិត។ បានជាយើងអាចនិយាយដោយទំនុកចិត្តថា “ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង”(ខ.៤)។—Karen Huang
តើការដឹងថា ព្រះទ្រង់គង់នៅក្បែរយើង បានផ្លាស់ប្តូរការព្រួយបារម្ភ ទៅជាមានសន្តិភាពក្នុងចិត្ត ដូចម្តេចខ្លះ?
តើអ្នកមានបញ្ហាអ្វីខ្លះដែលចង់ទូលថ្វាយព្រះអង្គនៅថ្ងៃនេះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការគង់នៅក្បែរទូលបង្គំ។ ទូលបង្គំមិនចាំបាច់ត្រូវថប់បារម្ភទៀតឡើយ
ព្រោះព្រះវត្តមាននៃសេចក្តីស្រឡាញ់ ជំនួយ និងសេចក្តីសុខសាន្តរបស់ព្រះអង្គ តែងតែមានសម្រាប់ទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អូបាឌា និង វិវរណៈ ៩