ជញ្ជាំង​បាន​ផ្តួល​រំលំ ការ​រួបរួម​កើត​មាន

អេភេសូរ ២:១១-២២

ដ្បិត​ទ្រង់​ជា​ស្ពានមេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង២រួម​គ្នាតែ១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ​។ អេភេសូរ ២:១៤

ចាប់​តាំងពី​ឆ្នាំ១៩៦១ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ជា​ច្រើន​បាន​បែក​ខ្ញែក​គ្នា ដោយសារ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង នៅ​ប្រទេស​អាឡឺម៉ង់​។ រដ្ឋាភិបាល​ប្រទេស​អាឡឺម៉ង់​ខាង​កើត​បាន​សាងសង់​ជញ្ជាំង​នោះ នៅ​ឆ្នាំ​នោះ ដើម្បី​រា​រាំង​ពលរដ្ឋ​របស់​ខ្លួន មិន​ឲ្យ​រត់​គេច​ទៅ​ប្រទេស​អាឡឺម៉ង់​ខាង​កើត​។ តាម​ពិត ចាប់​តាំងពី​ឆ្នាំ១៩៤៩ ដល់​ថ្ងៃ​ដែលគេ​ចាប់​ផ្តើម​សាង​សង់​ជញ្ជាំង​នោះ គេ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង២លាន​កន្លះ បាន​សម្រុក​ឆ្លង​ដែន​ពី​ប្រទេស​អាឡឺម៉ង់​ខាង​កើត ចូល​អាឡឺម៉ង់​ខាងលិច​។ ​លោក​ប្រធានាធិបតី​អាមេរិក រ៉ូណល រីហ្គិន(Ronald Reagan) ធ្លាប់​បាន​ឈរ​នៅ​ពីមុខ​ជញ្ជាំង​នោះ នៅ​ឆ្នាំ១៩៨៧ ហើយ​បាន​មាន​ប្រសាសន៍​ថា “ចូរ​យើង​ផ្តួល​រំលំ​ជញ្ជាំង​នេះ”។ ពាក្យ​សម្ដី​ដ៏​ល្បី​ល្បាញ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​របស់​ប្រជាជន​អាឡឺម៉ង់ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ហើយក៏​បាន​នាំ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​ជញ្ជាំង​នេះ នៅ​ឆ្នាំ១៩៨៩ ដែល​បាន​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ដ៏​រីករាយ សម្រាប់​ប្រទេស​អាឡឺម៉ង់​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ផ្តួល​រំលំ “ជញ្ជាំង​ដែល​ខាន់​កណ្តាល” ជាតិ​សាសន៍ (អេភេសូរ ២:១៤)។ ជញ្ជាំង​នោះ​បាន​កើត​មាន​រវាង​ជនជាតិ​យូដា(ជា​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះ) និង​សាសន៍​ដទៃ​។ ហើយ​ស្តេច​ហេរ៉ូឌ​ក៏បាន​ឲ្យ​គេ​សង់​ជញ្ជាំង ក្នុង​បរិវេណ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ចូល​ទី​ធ្លា​ខាង​ក្នុង​នៃ​ព្រះវិហារ តែ​ពួកគេ​អាច​មើល​ឃើញ​ទី​ធ្លា​ខាង​ក្នុង​។ តែ​ព្រះយេស៊ូវ​បាន​ប្រទាន “សន្តិភាព” និង​ការ​បង្រួប​បង្រួម​រវាង​ជនជាតិ​យូដា និង​សាសន៍​ដទៃ និង​បាន​ផ្សះផ្សា​ឲ្យ​មនុស្ស​ទាំង​អស់​ឲ្យ​ជា​នឹង​ព្រះ​។ ព្រះអង្គ​បាន​ផ្តួល​រំលំ​ជញ្ជាំង​ដែល​ខាន់​កណ្តាល ដោយ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង(ខ.‌១៤,១៦)។ ដំណឹង​ល្អ​នៃ​សន្តិភាព​របស់​ព្រះអង្គ បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ការ​រួបរួម​គ្នា ដោយ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ(ខ.១៧-១៨)។

សព្វថ្ងៃ​នេះ មនុស្ស​អាច​មាន​ការ​បែក​បាក់ ដោយសារ​កត្តា​ជា​ច្រើន​។ តែ​ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ចូរ​យើង​ខិតខំ​រស់នៅ ដោយ​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត និង​ការ​រួបរួម ដែល​មាន​ក្នុង​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​ប្រទាន​អ្វីៗ​ដែល​យើង​ត្រូវ​ការ (ខ.១៩-២២)។—Tom Felten

តើ​អ្នក​សង្កេត​ឃើញ​ជញ្ជាំង​អ្វី​ខ្លះ​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់? តើ​អ្នក​អាច​ជួយ​គេ​រំលំ​ជញ្ជាំង​នោះ ដោយ​ពឹង​អាង​កម្លាំង​ព្រះយេស៊ូវ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ផ្តួល​រំលំ​ជញ្ជាំង ដែល​បាន​បដិសេធន៍​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៦-៧ និង វិវរណៈ ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles