យ៉ាកុប ១:១-១២
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២
លីអាឌាននេស(Lee Adianez) ជាក្មេងស្រីអាយុ១២ឆ្នាំ មានការព្រួយបារម្ភថា នាងនឹងមានការយឺតយ៉ាវ នៅក្នុងការរត់ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រ។ នៅសល់១៥នាទីទៀត នាងនឹងត្រូវចាប់ផ្តើមចូលរួមការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន(ចម្ងាយ២០គីឡូម៉ែត្រ) តែការថប់បារម្ភរបស់នាង បាននាំឲ្យនាងចាប់ផ្តើមរត់ នៅក្នុងការរត់ប្រណាំងមួយផ្សេងទៀត។ លីអាឌានេសបានរត់ទាន់អ្នករត់ប្រណាំងដទៃទៀត។ ពេលដែលនាងរត់បានចម្ងាយ ៦គីឡូម៉ែត្រ នាងមើលមិនឃើញទី ដូចនេះ នាងដឹងថា នាងកំពុងស្ថិតក្នុងការរត់ប្រណាំងដែលឆ្ងាយជាង និងពិបាកជាងការរំពឹងគិត។ នាងមិនបានបោះបង់ការប្រកួតឡើយ ហើយក៏បានបន្តរត់ទៅមុខទៀត។ នាងក៏បានចូលរួមការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនដោយមិនដឹងខ្លួន ហើយក៏បានបញ្ចប់ការរត់ប្រណាំងចម្ងាយ២០គីឡូម៉ែត្រ ស្ថិតក្នុងលេខរៀង១៨៨៤ ក្នុងចំណោមមនុស្ស២១១១ ដែលបានរត់ទៅដល់ទី។ ដោយសារការស៊ូទ្រាំ នាងអាចរត់ប្រណាំងក្នុងចម្ងាយដ៏ឆ្ងាយនេះ រហូតដល់ទី។
ខណៈពេលដែលពួកជំនុំដំបូងនៅសតវត្ស៍ទី១កំពុងជួបការបៀតបៀនខ្លាំង អ្នកជឿព្រះយេស៊ូវជាច្រើនចង់បោះបង់ការរត់ប្រណាំងខាងវិញ្ញាណ ថ្វាយព្រះគ្រីស្ទ តែសាវ័កយ៉ាកុបបានលើកទឹកចិត្តពួកគេឲ្យបន្តរត់ប្រណាំងទៀត។ ពួកគេត្រូវមានការស៊ូទ្រាំនឹងការល្បងលសេចក្តីជំនឿ ព្រោះទ្រង់បានសន្យាថា នឹងប្រទានរង្វាន់២យ៉ាងដល់ពួកគេ(យ៉ាកុប ១:៤,១២)។ ទីមួយ ការស៊ូទ្រាំយ៉ាងខ្ជាប់ខ្ជួននឹងជួយឲ្យពួកគេរត់ទៅដល់ទី ដោយជួយឲ្យពួកគេ “បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(ខ.៤)។ ទី២ ព្រះទ្រង់នឹងប្រទាន “មកុដនៃជីវិត” ដល់ពួកគេ គឺជីវិតនៅលើផែនដី និងនៅក្នុងព្រះវត្តមានព្រះអង្គក្នុងនគរស្ថានសួគ៌ តាមព្រះបន្ទូលសន្យា(ខ.១២)។
នៅពេលខ្លះ យើងមានអារម្មណ៍ថា ការរត់ប្រណាំងរបស់គ្រីស្ទបរិស័ទ ហាក់ដូចជាការប្រកួតដែលយើងមិនបានចុះឈ្មោះចូលរួម ដោយវាមានចម្ងាយឆ្ងាយ និងពិបាកលើសការរំពឹងគិតរបស់យើង។ ប៉ុន្តែ ព្រះអម្ចាស់ប្រទានអ្វីដែលយើងត្រូវការ បានជាយើងអាចស៊ូទ្រាំការលំបាក ហើយបន្តរត់ទៅមុខទៀតរហូតដល់ទី។—Marvin Williams
តើអ្នកកំពុងស៊ូទ្រាំនឹងការលំបាកអ្វីខ្លះ ក្នុងពេលបច្ចុប្បន្ន? ខណៈពេលដែលអ្នកកំពុងជួបការល្បងល តើអ្នកអាចបន្តរក្សាភាពស្មោះត្រង់ចំពោះព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ជើងទូលបង្គំមានការចុករោយ ហើយទូលបង្គំមានអារម្មណ៍ថា ចង់បោះបង់ចោលការរត់ប្រណាំង។ សូមព្រះអង្គចម្រើនកម្លាំងទូលបង្គំឲ្យរឹងមាំឡើង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៩-១២ និង វិវរណៈ ២០