វិញ្ញាណ​ដែល​តប់​ប្រមល់ និង​ការ​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់

យ៉ូហាន ១២:២៧-៣២

ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង​។ យ៉ូហាន ១២:២៨

រយៈ​ពេល៣ថ្ងៃ មុន​ពេល​គ្រាប់បែក​មួយ​គ្រាប់​ផ្ទុះ​ នៅ​ក្នុង​ផ្ទះ​របស់​លោក​បណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King Jr.) គាត់​បាន​ជួប​រឿង​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​អស់​មួយ​ជីវិត​។ បន្ទាប់ពី​មាន​គេ​ទូរស័ព្ទ​គំរាម​គាត់ គាត់​ក៏បាន​រិះរក​យុទ្ធ​សាស្ត្រ​ចាក​ចេញពី​ចលនា​ទាមទារ​សិទ្ធិ​ពលរដ្ឋ​។ គាត់​ក៏​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​សូម​ប្រកាន់​គោល​ជំហរ ដើម្បី​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​។ តែ​ពេល​នេះ ទូល​បង្គំ​មាន​ការ​ភ័យ​ខ្លាច​។ ទូល​បង្គំ​មិន​មាន​សល់​អ្វី​ទៀត​ទេ​។ ទូល​បង្គំ​បាន​ឈាន​ដល់​ចំណុច​ដែល​ទូល​បង្គំ​មិន​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​នេះ​តែ​ម្នាក់ឯង​បានទេ”។ បន្ទាប់ពី​គាត់​បាន​អធិស្ឋាន​ចប់ សេចក្តី​ជំនឿ​ដ៏​រឹងមាំ​ក៏បាន​កើត​មាន​ក្នុង​ចិត្ត​គាត់ យ៉ាង​ស្ងាត់​ស្ងៀម​។ លោក​បណ្ឌិត​ម៉ាទីន​បាន​កត់សំ​គាល់​ថា “ភ្លាមៗ​នោះ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​រលាយ​បាត់​។ ការ​សង្ស័យ​របស់​ខ្ញុំ​ក៏​លែង​មាន​ទៀត​។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​ដាក់​រឿង​គ្រប់​យ៉ាង”។

ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១២ ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ថា ព្រះអង្គ​មាន​ចិត្ត​តប់​ប្រមល់(ខ.២៧)។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​អារម្មណ៍​ពិត​ដល់​ព្រះវរបិតា ដោយ​ព្រះទ័យ​ស្មោះ​ត្រង់​។ ការ​អធិស្ឋាន​របស់​ព្រះអង្គ នៅ​តែ​យក​ព្រះវរបិតា​ជាធំ​។ “ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង”(ខ.២៨)។ ការ​អធិស្ឋាន​របស់​ព្រះយេស៊ូវ គឺជា​ការ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះវរបិតា​។

លក្ខណៈ​របស់​យើង​ជា​មនុស្ស មាន​អារម្មណ៍​ភ័យ​ខ្លាច និង​តប់​ប្រមល់​ជា​ធម្មតា ពេលណា​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​ត្រូវ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ឬ​អត់ ពេលណា​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក នៅ​ក្នុង​ទំនាក់​ទំនង ឬ​ត្រូវ​កែ​ប្រែ​ទម្លាប់ ឬ​ផ្នត់​គំនិត(ល្អ ឬ​អាក្រក់)។ ទោះ​យើង​ប្រឈម​មុខ​ដាក់​អ្វី​ក៏ដោយ ពេលណា​យើង​អធិស្ឋាន​ដោយ​ចិត្ត​ក្លាហាន ព្រះអង្គ​នឹង​ប្រទាន​កម្លាំង ឲ្យ​យើង​ជម្នះ​ការ​ភ័យ​ខ្លាច និង​ភាព​រសាប់រសល់​ក្នុង​ចិត្ត ហើយ​ធ្វើ​ការ​អ្វី​ដែល​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង និង​អ្នក​ដទៃ​។—Arthur Jackson

តើ​អ្នក​ជួប​បញ្ហា​អ្វី​ខ្លះ ដែល​បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​អធិស្ឋាន សូម​ឲ្យ​ព្រះ​នាម​ព្រះអង្គ​ដំកើង​ឡើង?
តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ សម្រាប់​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ដូច​នេះ​ដែរ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ដោយ​ការ​អធិស្ឋាន​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សា​ការី ១៣-១៤ និង វិវរណៈ ២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles