នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អត្ថន័យ​នៃ​ដង្វាយ​របស់​ពួក​ហោរ

អត្ថន័យ​នៃ​ដង្វាយ​របស់​ពួក​ហោរ

ដោយTim Gustafson

January 6, 2024

លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨

ម៉ាថាយ ២:៩-១៣

ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង​ទេស ដល់​បុត្រ​នោះ​។ ម៉ាថាយ ២:១១

ថ្ងៃ​នេះ ជា​ទិវា​រំឭក​អំពី​ពេល​ដែល​ពួក​ហោ​រទាំង​បី ជា​អ្នក​ប្រាជ្ញា​ដ៏​សុភាព ដែល​បាន​ចូល​គាល់​ព្រះ​ឱរស​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​ក្នុង​បទ​ចម្រៀង​ទំនុក​សកល​លេខ​៤០ មាន​ចំណង​ជើង​ថា “យើង​ហោ​រទាំង​បី​មក​ពី​ទិស​បូព៌”។ តាម​ពិត ពួកគេ​មិនមែន​ជា​ស្តេច មក​ពី​ទិស​ខាង​កើត ដូច​អ្នក​ខ្លះ​បាន​ពិពណ៌នា​នោះ​ទេ ហើយ​អាច​មាន​គ្នា​លើស​ពី​៣នាក់​។

ទោះជា​យ៉ាងណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ពួកគេ​បាន​នាំ​យក​ដង្វាយ​បី​យ៉ាង​មក​ថ្វាយ​ព្រះអង្គ ហើយ​បទ​ចម្រៀង​នេះ​ក៏​បាន​រៀបរាប់​អំពី​ដង្វាយ​ទាំង​បី​ផង​ដែរ​។ ព្រះ​គម្ពីរ​បាន​ចែងថា ពេល​ដែល​ពួក​ហោរ​មកដល់​ភូមិ​បេថ្លេហិម ពួកគេ​ក៏បាន “បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង​ទេស ដល់​បុត្រ​នោះ”(ម៉ាថាយ ២:១១)។ ដង្វាយ​ទាំង​នោះ​ជា​និមិត្តរូប​តំណាង​ឲ្យ​បេសកកម្ម​របស់​ព្រះយេស៊ូវ​។ មាស​ជា​តំណាង​ឲ្យ​តួនាទី​របស់​ព្រះ​អង្គ​ជា​ស្តេច​។ កំញាន​ដែល​គេ​ដុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ទី​បរិសុទ្ធ​ក្នុង​ព្រះវិហារ គឺ​ជា​តំណាង​ឲ្យ​ភាព​ជា​ព្រះ​របស់​ព្រះអង្គ​។ ហើយ​តាម​ធម្មតា គេ​ប្រើ​ជ័រ​ល្វីង​ទេស សម្រាប់​អប់សព​។ យើង​អាច​ឆ្ងល់​ថា ហេតុ​អ្វី​ពួក​គេ​ថ្វាយ​ជ័រ​ល្វីង​ទេស​ដល់​ព្រះអង្គ​។

ក្នុង​ល្បះទី៤ ក្នុង​ទំនុក​សកល​នេះ គេ​ច្រៀង​ថា “ជ័រ​ល្វីង​ទេស​ជា​ដង្វាយ​ផង​ខ្ញុំ នោះ​សំដែង​ការ​លំបាក​យ៉ាង​ធំ កើត​ព្រះទ័យ​ព្រួយ ឥត​អ្នកណា​នឹង​ជួយ ហើយ​សុគត​ទាំង​បង្គំ”។ បើ​យើង​ជា​អ្នក​និពន្ធ យើង​ប្រហែល​មិន​ចង់​សរសេរ​អំពី​ការ​ស្លាប់​ដ៏​សោកសៅ នៅ​ក្នុង​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​បាន​សរសេរ​។ ព្រោះ​ការ​សុគត​របស់​ព្រះយេស៊ូវ ជា​ចំណុច​ស្នូល​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង​។ ស្តេច​ហេរ៉ូឌ​ថែម​ទាំង​បាន​ព្យាយាម​តាម​ធ្វើ​គុត​ព្រះយេស៊ូវ កាល​ព្រះអង្គ​នៅ​ជា​ទារក(ខ.១៣)។

ល្បះ​ចុង​ក្រោយ​នៃ​បទ​ចម្រៀង​នេះ បាន​បង្រួម​ខ្លឹម​សា​រទាំង​បី​បញ្ចូល​គ្នា យ៉ាង​ដូច​នេះ​ថា “ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ផង គឺជា​ព្រះ​ពិតតែ​មួយ​ព្រះអង្គ”។ សូម​ឲ្យ​រឿង​ណូអែល​ដ៏​មានន័យ​ពេញលេញ​នេះ បណ្តាល​ចិត្ត​យើង​ឲ្យ​ច្រៀង​សរសើរ ជាមួយ​ពួក​ទេវតា​ថា “ហាលេលូយ៉ា ហាលេលូយ៉ា”។—Tim Gustafson

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​ពិចារណា​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​បាន​ប្រសូត ដើម្បី​សុគត​ជំនួស​អ្នក? តើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​អ្នក ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់នៅ ដោយ​ការ​ដឹង​គុណ​ព្រះរាជបុត្រា​ព្រះអង្គ ដែល​បាន​លះបង់​ព្រះ​ជន្ម ដើម្បី​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨

ល្ងាច

Devotional illustration

ព្រះគុណ​ព្រះ សម្រាប់​ឆ្នាំ​ថ្មី

ដោយJohn Piper

January 6, 2024

ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាងណា នោះ​គឺ​បាន​ដោយ​ព្រះគុណ​នៃ​ព្រះ​ទេ ហើយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិនមែន​ជា​អសារឥតការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិនមែន​ជា​ខ្ញុំ គឺជា​ព្រះគុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅនឹង​ខ្ញុំ​វិញ។ ១កូរិនថូស ១៥:១០

ព្រះគុណ​មិនគ្រាន់​តែ​ជា​អំណាច​របស់​ព្រះ ដែល​អាច​ធ្វើការល្អ​សម្រាប់​យើង នៅពេល​ដែល​យើង​មិន​សមនឹង​ទទួលការ​ល្អ​ប៉ុណ្ណោះទេ។ តែ​ព្រះគុណ​ក៏​ជា​អំណាច​ដ៏​ពិត​របស់​ព្រះ ដែល​ធ្វើសកម្មភាព ឬ​ធ្វើ​ឲ្យ​ការ​ល្អ​កើតឡើង ក្នុង​យើង និង​ដើម្បី​យើង​ផង​ដែរ។

ព្រះគុណ​របស់​ព្រះ គឺជា​ការដែល​ព្រះ​ទ្រង់​ធ្វើការ​ក្នុង​សាវ័ក​ប៉ុល ដែល​ធ្វើឲ្យ​គាត់​ខិតខំ​ធ្វើការ​បម្រើ​ព្រះអង្គ។ ហេតុនេះ​ហើយ គាត់​មានប្រសាសន៍​ថា “ដោយ​ព្រះគុណ​នៃ​ព្រះ … ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់”។ ដូចនេះ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នករាល់គ្នា” គាត់​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នករាល់គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យបាន​ប្រព្រឹត្ត​តាមបំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(ភីលីព ២:១២-១៣)។ សរុប​មក ព្រះគុណ​ជា​អំណាច​របស់​ព្រះ សម្រាប់​ធ្វើការល្អ នៅក្នុង និង​សម្រាប់​យើង។

ព្រះគុណ​ព្រះអង្គ​មាននៅ​ពេល​អតីតកាល ហើយ​ក៏​ស្ថិតនៅ​ក្នុង​ពេល​អនាគត​ផង​ដែរ។ ព្រះគុណ​ហូរ​ចុះ​មក​ឥត​ឈប់ឈរ លប់​ពីលើ​ទឹកជ្រោះ​ដ៏​តូច​នៃ​ពេល​បច្ចុប្បន្ន ចេញពី​ទន្លេ​ដែល​មិន​ចេះ​រីងស្ងួត​នៃ​ព្រះគុណ​នៃ​អនាគត​កាល ឆ្ពោះ​មករ​ក​យើង ចូល​ទៅ​ក្នុង​អាងស្តុកទឹក​នៃ​ព្រះគុណ​ក្នុង​ពេល​អតីត​កាល ដែល​កាន់តែ​រីក​ធំ​ឡើង​ជានិច្ច។

បាន​សេចក្តី​ថា ក្នុង​ពេល៥នាទី​ខាងមុខ អ្នក​នឹង​ទទួល​ព្រះគុណ​ដែល​ជួយ​ទ្រទ្រង់ ដែល​ហូរ​មករ​ក​អ្នក​ពី​ពេល​អនាគត ហើយ​អ្នក​នឹង​ទទួល​បាន​ព្រះគុណ​ដែល​មាន​រយៈពេល៥នាទី​ជា​បន្ថែម​ទៀត នៅក្នុង​អាង​ស្តុក​នៃ​ពេល​អតីតកាល។ ការ​ដឹងគុណ​ព្រះ គឺជា​ការ​ឆ្លើយតប​ដ៏​សមរម្យ ចំពោះ​ព្រះគុណ​ដែល​អ្នក​បាន​ទទួល ក្នុង​ពេល​អតីតកាល ហើយ​អ្នក​ក៏​ត្រូវ​ឆ្លើយតប ដោយ​ជំនឿ ចំពោះ​ព្រះគុណ ដែល​ព្រះ​បាន​សន្យា​ប្រទាន​ក្នុង​ពេល​អនាគត។ យើង​ដឹងគុណ​ព្រះ សម្រាប់​ព្រះគុណ​នៃ​ពេល​អតីតកាល ដែល​ព្រះអង្គ​បាន​ប្រទាន ក្នុង​ឆ្នាំ​ចាស់ ហើយ​យើង​ក៏​ទុកចិត្ត​ថា ព្រះអង្គ​នឹង​នៅតែ​ប្រទាន​ព្រះគុណ​នៃ​អនាគត​កាល សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ។

ប្រភេទ