លោកុប្បត្ដិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧
នេហេមា ១:៤-១១
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌។ នេហេមា ១:៤
លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានប្រាប់រឿងអាថ៌កំបាំងមួយដល់មិត្តភក្តិរបស់គាត់ម្នាក់ថា គាត់បានទទួលការជំរុញចិត្តជាច្រើនលើកច្រើនសារ ឲ្យលត់ជង្គង់ចុះ ដោយការជឿជាក់មិនអាចប្រកែកបានថា គាត់មិនមានកន្លែងណាផ្សេងទៀតដែលត្រូវទៅទេ។ ក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក ដ៏គួរឲ្យភ័យតក់ស្លុត លោកប្រធានាធិបតី អាប្រាហាំ លីនខិនមិនគ្រាន់តែបានចំណាយពេលអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន តែក៏បានអំពាវនាវប្រជាជនទូទាំងផ្ទៃប្រទេសឲ្យចូលរួមអធិស្ឋានជាមួយគាត់ផងដែរ។ ក្នុងឆ្នាំ ១៨៦១ គាត់បានប្រកាសជ្រើសរើសយកថ្ងៃមួយ ធ្វើជា “ទិវាបន្ទាបខ្លួនអធិស្ឋានតម”។ ហើយគាត់ក៏បានប្រារព្ធទិវានេះម្តងទៀត នៅឆ្នាំ១៨៦៣ ដោយលើកឡើងថា ប្រទេសជាតិ និងមនុស្សម្នាក់ៗមានកាតព្វកិច្ចពឹងផ្អែកលើអំណាចនៃការគ្រប់គ្រងរបស់ព្រះ ដោយសារភាពបាប និងកំហុសរបស់ខ្លួន នៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន សោកស្តាយចំពោះបាបរបស់ខ្លួន តែមានក្តីសង្ឃឹមដ៏មុតមាំថា ការប្រែចិត្តពិតប្រាកដនឹងនាំទៅរកសេចក្តីមេត្តា និងការអត់ទោសបាប”។
បន្ទាប់ពីពួកអ៊ីស្រាអែលបានរស់នៅជាចំណាប់ខ្មាំង ក្នុងចក្រភពបាប៊ីឡូនបាន៧០ឆ្នាំ ស្តេចស៊ីរូស ក៏បានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។ ពួកសំណល់នៃសាសន៍អ៊ីស្រាអែលក៏បានវិលត្រឡប់។ ពេលដែលលោកនេហេមា(នេហេមា ១:៦) ដែលជាអ្នកថ្វាយពែងដល់ស្តេចបាប៊ីឡូន(ខ.១១) ដឹងថា អ្នកដែលបានវិលត្រឡប់ទៅវិញ “គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង”(ខ.៣) គាត់ក៏បាន “អង្គុយយំ” ហើយសោកសង្រេង និងអធិស្ឋានតម អស់ជាច្រើនថ្ងៃ(ខ.៤)។ គាត់ក៏បានតយុទ្ធក្នុងការអធិស្ឋាន ឲ្យប្រជាជាតិរបស់គាត់(ខ.៥-១១)។ ហើយក្រោយមក គាត់ក៏បានអំពាវនាវប្រជាជនគាត់ ឲ្យអធិស្ឋានតមផងដែរ(៩:១-៣៧)។
ជាច្រើនសតវត្សរ៍ក្រោយមក ក្នុងសម័យចក្រភពរ៉ូម សាវ័កប៉ុលក៏បានជំរុញគ្រីស្ទបរិស័ទ ឲ្យអធិស្ឋានឲ្យអ្នកដទៃ និងអ្នកកាន់អំណាចផងដែរ(១ធីម៉ូថេ ២:១-២)។ ព្រះនៃយើងនៅតែស្តាប់ការអធិស្ឋានរបស់យើង អំពីរឿងអ្វីដែលមានមានប្រយោជន៍សម្រាប់ជីវិតអ្នកដទៃ។—Alyson Kieda
ហេតុអ្វីព្រះទ្រង់បានបង្គាប់រាស្រ្តព្រះអង្គឲ្យអធិស្ឋានឲ្យប្រទេសជាតិរបស់ខ្លួន? តើថ្ងៃនេះអ្នកអាចអធិស្ឋានឲ្យនរណាខ្លះដែលអ្នកមិនស្គាល់?
ឱព្រះវរបិតា ពេលណាយើងមានបញ្ហា សូមព្រះអង្គជួយយើង និងប្រោសយើងខ្ញុំឲ្យជាផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧