លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤
យ៉ូហាន ២១:១៧-២៤
បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ។ យ៉ូហាន ២១:២២
មានពេលមួយខ្ញុំប្រាប់កូនស្រីខ្ញុំ ឲ្យសម្អាតបន្ទាប់ខាងមុខ មុនពេលចូលគេង។ គាត់ក៏បានឆ្លើយតបភ្លាមៗ ដោយសួរខ្ញុំថា ហេតុអ្វីខ្ញុំមិនប្រាប់ប្អូនស្រីគាត់ឲ្យទៅសម្អាតបន្ទប់នោះដែរ?
ការប្រចាំគ្នាយ៉ាងដូចនេះ ជាការប្រឆាំងតិចតួចដែលកើតឡើងជាញឹកញាប់ នៅក្នុងគ្រួសារខ្ញុំ កាលកូនស្រីខ្ញុំនៅក្មេង។ ខ្ញុំតែងតែឆ្លើយតបទៅពួកគេវិញ ដូចសព្វមួយដងថា “កូនកុំបារម្ភអំពីបងប្អូនរបស់កូនអី។ ម៉ាក់ប្រគល់ភារកិច្ចនេះ ឲ្យកូនធ្វើហើយ”។
ក្នុងបទគម្ពីរយ៉ូហានជំពូក ២១ យើងឃើញថា បញ្ហាដ៏សាមញ្ញនេះ ក៏បានកើតឡើងក្នុងចំណោមពួកសាវ័កផងដែរ។ ព្រះយេស៊ូវទើបតែបានស្អាងលោកពេត្រុសឡើងវិញ បន្ទាប់ពីគាត់បានបដិសេធន៍ព្រះអង្គបីដង(មើល យ៉ូហាន ១៨១៥-១៨,២៥-២៧)។ ព្រះអង្គក៏បានមានបន្ទូលទៅកាន់គាត់ថា “ចូរមកតាមខ្ញុំចុះ!”(២១:១៩) ដែលជាព្រះរាជបញ្ជាដ៏សាមញ្ញ តែនាំឲ្យមានការឈឺចាប់។ ព្រះយេស៊ូវក៏បានពន្យល់លោកពេត្រុសថា គាត់នឹងដើរតាមព្រះអង្គរហូតដល់អស់ជីវិត(ខ.១៨-១៩)។
លោកពេត្រុសមិនបានយល់ព្រះបន្ទូលព្រះយេស៊ូវច្បាស់ទេ បានជាគាត់ទូលសួរព្រះអង្គ អំពីសាវ័កម្នាក់ទៀតដែលនៅក្រោយគាត់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?”(ខ.២១)។ ព្រះយេស៊ូវក៏បានឆ្លើយថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(ខ.២២)។
ជាញឹកញាប់ យើងក៏មានបញ្ហានេះដូចសាវ័កពេត្រុសផងដែរ! យើងចង់ដឹងអំពីការធ្វើដំណើរខាងវិញ្ញាណរបស់អ្នកដទៃ ហើយមិនបានគិតអំពីការអ្វីដែលព្រះកំពុងធ្វើក្នុងជីវិតយើង។ នៅចុងបញ្ចប់នៃជីវិតរបស់សាវ័កពេត្រុស កាលសេចក្តីស្លាប់របស់គាត់ជិតដល់ពេលកំណត់ តាមបទទំនាយរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរយ៉ូហាន ជំពូក២១ គាត់ក៏បានបកស្រាយព្រះរាជបញ្ជាដ៏សាមញ្ញរបស់ព្រះយេស៊ូវ ឲ្យយើងរស់នៅ “ដូចជាពួកកូនដែលស្តាប់បង្គាប់ ឥតបណ្តោយតាមសេចក្តីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ”(១ពេត្រុស ១:១៤-១៥)។ ការបង្រៀននេះគឺគ្រប់គ្រាន់ល្មមនឹងឲ្យយើងផ្តោតទៅលើព្រះយេស៊ូវ ជាជាងផ្តោតទៅលើមនុស្សនៅជុំវិញយើង។—Matt Lucas
តើអ្នកធ្លាប់ជួបការល្បួងឲ្យប្រៀបធៀបជីវិតខាងជំនឿរបស់អ្នក ជាមួយអ្នកដទៃទេ? តើអ្នកអាចបន្តផ្តោតចិត្តទៅលើព្រះយេស៊ូវ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបន្តកែប្រែទូលបង្គំ ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤