ក្តី​សង្ឃឹម​សម្រាប់​គ្រីស្ទបរិស័ទ​ដែល​មិនល្អ​ឥត​ខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤

ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។

បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។

តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។

ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។

នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា “ទ្រង់​ធ្វើឲ្យ​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ”។

នេះ​មិនមែន​ជា​អំនួត​របស់​អ្នក​ខ្លាំងពូកែ​នោះ​ទេ។ តែ​ជា​ការ​ស្រែកយំ​របស់​មនុស្ស​ទន់ខ្សោយ ដែល​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​។

ខ្ញុំ​សូម​អញ្ជើញ ខ្ញុំ​សូម​ជំរុញ​អ្នក ឲ្យ​មាន​ភាព​ទន់ខ្សោយ ល្មម​នឹងអាច​ទុកចិត្ត​ព្រះគ្រីស្ទ​យ៉ាងដូច​នេះ​ដែរ។

More articles