លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២
ម៉ាកុស ១០:៣៥-៤៥
អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ។ ម៉ាកុស ១០:៤៣
តួសម្ដែងស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មានគេនឹកចាំអំពីគាត់ ភាគច្រើនដោយសារគាត់បានសម្ដែងតួអនុសេនីយ៍ទោអ៊ូរ៉ា(Uhura) ក្នុងរឿងការធ្វើដំណើរក្នុងភពផ្កាយ។ ការដើរតួក្នុងរឿងនេះ បាននាំឲ្យគាត់ទទួលបានជោគជ័យ ក្នុងអាជីព ដោយធ្វើឲ្យគាត់ក្លាយជាស្រ្តីអាមេរិកស្បែកខ្មៅមុនគេ ដែលបានដើរតួសម្ដែង ក្នុងកម្មវីធីទូរទស្សន៍ធំៗ។ តែរឿងនេះក៏បាននាំឲ្យគាត់ជោគជ័យលើសពីនេះទៀត។
អ្នកស្រីនីស៊ែលបានលាឈប់ពីការសម្ដែង ក្នុងខ្សែភាពយន្តការធ្វើដំណើរក្នុងភពផ្កាយ ក្នុងរដូវកាលទី១ ដើម្បីវិលត្រឡប់ទៅរកអាជីពក្នុងសាលមហោស្រពវិញ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានជួបលោកម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែលបានជំរុញគាត់ មិនឲ្យចាកចេញពីការសម្ដែងនោះ។ លោកម៉ាទីន លូស័រ ឃីង បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលជនជាតិអាមេរិកស្បែកខ្មៅមានមុខ នៅលើកញ្ចក់ទូរទស្សន៍ ក្នុងការដើរតួជាមនុស្សមានបញ្ញា ដែលអាចធ្វើអ្វីៗក៏បាន សូម្បីតែការធ្វើដំណើរនៅក្នុងភពផ្កាយក៏ដោយ។ តាមរយៈការសម្ដែងជាឧត្តមសេនីយ៍អ៊ូរ៉ា អ្នកស្រីនីស៊ែលទទួលបានជោគជ័យដែលសំខាន់ជាងនេះទៀត ដែលជាការបង្ហាញស្ត្រី និងកុមារជាជនជាតិស្បែកខ្មៅ នូវការអ្វីដែលពួកគេអាចធ្វើបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកយ៉ាកុប និងលោកយ៉ូហាន ដែលបានទូលសូមមុខតំណែងល្អជាងគេពីរកន្លែង នៅក្នុងនគរព្រះអង្គ(ម៉ាកុស ១០:៣៧)។ ពួកគេប្រហែលជាគិតថា ការទទួលបានមុខតំណែងនោះ គឺជាជោគជ័យផ្ទាល់ខ្លួនដ៏អស្ចារ្យបំផុតហើយ! តែព្រះយេស៊ូវមិនគ្រាន់តែបានបកស្រាយអំពីការពិតដ៏ឈឺចាប់ នៃការស្នើសុំរបស់ពួកគេ(ខ.៣៨-៤០) តែក៏បានត្រាស់ហៅពួកគេ ឲ្យមានគោលដៅដែលខ្ពស់ជាងនេះទៀត។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ”(ខ.៤៣)។ ដូចនេះ សិស្សព្រះអង្គមិនត្រូវស្វែងរកជោគជ័យសម្រាប់ខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវប្រើមុខនាទីរបស់ខ្លួន ដើម្បីបម្រើអ្នកដទៃវិញ(ខ.៤៥)។
ដូចនេះ អ្នកស្រីនីស៊ែល នីកូលបានបន្តការដើរតួសម្ដែង ក្នុងរឿងការធ្វើដំណើរក្នុងភពផ្កាយ ដើម្បីប្រយោជន៍ជនជាតិអាមេរិកស្បែកខ្មៅ។ ចូរយើងកុំស្វែងរកភាពជោគជ័យសម្រាប់តែខ្លួនឯងឡើយ តែត្រូវប្រើមុខនាទីអ្វីក៏ដោយដែលយើងមាន ដើម្បីបម្រើអ្នកដទៃ ក្នុងព្រះនាមព្រះអង្គ។—Sheridan Voysey
តើសព្វថ្ងៃនេះ អ្នកមានគោលដៅអ្វី សម្រាប់អាជីពរបស់អ្នក? តើអ្នកអាចបើកទ្វារអ្វីខ្លះ សម្រាប់អ្នកដទៃ ក្នុងពេលសព្វថ្ងៃ?
ឱព្រះយេស៊ូវ សូមព្រះអង្គបង្ហាញទូលបង្គំ អំពីរបៀបប្រើតួនាទីទូលបង្គំ ដើម្បីបម្រើអ្នកដទៃ ដោយនូវព្រះនាមព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២