ស្រែក​រក​ព្រះ ដោយ​ទំនុក​ចិត្ត

លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨

ទំនុក​ដំកើង ២៥:១៦-២២

សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​នៅ​តែឯង ហើយ​មាន​សេចក្តី​វេទនា​។ ទំនុក​ដំកើង ២៥:១៦

ក្នុង​សៀវភៅ​ដែល​លោក​បណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ទទួល​ចិញ្ចឹម​អស់​មួយ​ជីវិត គាត់​បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​របស់​គ្រួសារ​គាត់ ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ដើម្បី​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់​។ ពេល​ពួកគេ​ដើរ​ចូល​ខាង​ក្នុង ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ជួប​ភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​នៅ​ក្នុង​អាគារ​។

ទារក​ទាំង​អស់​នៅ​លើ​គ្រែ មិន​ដែល​បញ្ចេញ​សម្លេង​យំ​ទាល់តែសោះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា តាម​ពិត ទារក​ទាំង​នោះ​មិន​យំ មិនមែន​ដោយសារ​ពួកគេ​មាន​ភាព​ស្កប់​ស្កល់​នោះ​ទេ តែ​ដោយសារ​ពួក​គេ​ដឹង​ថា គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក រៀង​រាល់​ពេល​ដែល​ពួក​គេ​ស្រែក​យំ​។

ខ្ញុំ​មាន​ការ​ឈឺ​ជាប់​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​អាន​រឿង​នេះ​។ ខ្ញុំ​នៅចាំ​ពេល​ដែល​កូន​ខ្ញុំ​នៅ​តូច​។ មាន​ពេល​ជា​ច្រើន​រាប់​មិន​អស់ ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​បាន​គេង​ពេញ​ភ្នែក ដោយសារ​សម្លេង​យំ​របស់​កូន​យើង ដោយសារ​ពួកគេ​មិន​ស្រួល​ខ្លួន ឬ​មាន​ការ​ភ័យ​ខ្លាច​។ យើង​ប្រញាប់​ក្រោក​ទៅ​មើល​ពួកគេ ដើម្បី​កម្សាន្ត​ចិត្ត និង​មើលថែ​ពួកគេ​ឲ្យ​អស់ពី​ចិត្ត​។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​កូន​យើង គឺជា​មូល​ហេតុ​ដែល​ពួក​គេ​ស្រែកយំ​ឲ្យ​យើង​ជួយ​។

ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មាន​ទំនុក​ជា​ច្រើន​លើស​លប់ ដែល​ជា​ទំនុក​នៃ​ការ​ទួញ​យំ និង​បទ​ទំនួញ ទៅ​កាន់​ព្រះអម្ចាស់​។ ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ពាក្យ​ទំនួញ​ដល់​ព្រះអង្គ ផ្អែក​ទៅលើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអង្គ​។ ពួកគេ​ជា​រាស្រ្ត ដែល​ព្រះអង្គ​បាន​ហៅថា “កូន​ច្បង”របស់​ព្រះអង្គ(និក្ខមនំ ៤:២២) ហេតុ​នេះ​ហើយ ពួក​គេ​ងាក​ទៅ​រក​ព្រះ​ដែល​ជា​ព្រះវរបិតា ពេល​មាន​ទុក្ខ​លំបាក​។ គឺ​ដូច​ដែល​ពួកគេ​បាន​បង្ហាញ​ការ​ទុកចិត្ត​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៥ យ៉ាង​ដូច​នេះ​ថា “សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង​ ដ្បិត​ទូល​បង្គំ​នៅ​តែឯង … ឱ​សូម​នាំ​ទូល​បង្គំ​ចេញពី​ទុក្ខ​លំបាក​នៃ​ទូល​បង្គំ”(ខ.១៦-១៧)។ ក្មេង​ៗ​យំ ដោយសារ​ពួកគេ​មាន​ទំនុក​ចិត្ត​មក​លើ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ថែរក្សា​ពួកគេ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ និង​ជា​កូន​របស់​ព្រះ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ហេតុផល ដែល​ត្រូវ​ស្រែក​រក​ព្រះអង្គ​។ ព្រះ​អង្គ​ស្តាប់​ឮ ហើយ​យក​ព្រះទ័យ​ទុកដាក់ ព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​។—John Blasé

តើអ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ស្រែក​រក​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ហេតុ​អ្វី? តើ​អ្នក​អាច​ពោល​ទំនួញ​របស់​អ្នក​ដល់​ព្រះ​នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ខ្លាំង​ណាស់ សម្រាប់​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន ចំពោះ​ការ​ស្រែកយំ​របស់​ទូល​បង្គំ ព្រម​ទាំង​ឆ្លើយតប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles