ខ្មាំងសត្រូវ​ដែល​បាន​បាក់​ចង្កូម

ឯ​អ្នករាល់គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជាមួយនឹង​ទ្រង់ ដោយ​បាន​អត់ទោស​ចំពោះ​អស់ទាំង​ការ​រំលង​របស់​អ្នករាល់គ្នា ទាំង​លុបចោល​សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើកចោល ដោយ​បោះភ្ជាប់​នៅ​ឈើឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់គ្រង និង​ពួក​មានអំណាច ទាំង​ដាក់​ពួក​ទាំងនោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយមាន​ជ័យជំនះ ដោយសារ​ឈើឆ្កាង​នោះ​ឯង។ កូល៉ុស ២:១៣-១៥

មូលហេតុ​ដែល​ការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង សម្រាប់​អ្នកជឿ គឺ​ដោយសារ​ព្រះគ្រីស្ទ​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់ មក​លើ​អារក្ស​នៅ​កាល់​វ៉ា​រី។ ព្រះអង្គ​មិន​បាន​ដក​សាតាំង​ចេញពី​ពិភពលោក​ឡើយ តែ​ព្រះអង្គ​បាន​ដក​អាវុធ​ចេញពី​វា គឺ​ដក​អាវុធ​នៃ​ការ​ថ្កោលទោស​ចេញពី​ដៃ​របស់​វា។

វា​មិន​អាច​ចោទប្រកាន់​អ្នកជឿ​ថា មាន​អំពើ​បាប​ដែល​ព្រះ​មិនបាន​អត់ទោស​ឲ្យ​នោះ​ឡើយ។ មានតែ​ការចោទប្រកាន់​មួយ​នេះ​ប៉ុណ្ណោះ ដែល​អាច​បំផ្លាញ​យើង។ ដូចនេះ វា​មិន​អាច​ធ្វើឲ្យ​យើង​មាន​ភាព​ហិន​វិនាស​ទាំងស្រុង​ឡើយ។ វា​អាច​ធ្វើឲ្យ​យើង​មានការ​ឈឺចាប់​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍ ហើយ​ថែមទាំង​អាច​សម្លាប់​រូបកាយ​យើង​ទៀត។ វា​អាច​ល្បួង​យើង ហើយ​ញុះញង់​អ្នកដទៃ​ឲ្យ​មក​ទាស់​នឹង​យើង។ តែ​វា​មិន​អាច​បំផ្លាញ​យើង​បាន​ឡើយ។

ជ័យជម្នះ​ដ៏​ត្រ​ចេះ​ត្រចង់ ក្នុង​បទ​គម្ពីរ​កូល៉ុស ២:១៣-១៥ គឺ​ស្របតាម​ការពិត​ដែល​ថា “សេចក្តី​ដែល​កត់ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្តី​បញ្ញត្ត” ត្រូវ​បាន​ទ្រង់​យក​ទៅ​បោះភ្ជាប់​នៅ​ឈើឆ្កាង​ហើយ។ អារក្ស​បាន​ប្រើ​សេចក្តី​ដែល​បាន​កត់ទុក​នោះ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​មក​លើ​យើង។ ឥឡូវនេះ វា​គ្មាន​ការ​ចោទ​ប្រកាន់​ណាមួយ ដែល​អាច​យក​មក​ប្រើ ក្នុង​តុលាការ​នៃ​ស្ថានសួគ៌​នោះ​ឡើយ។ វា​មិន​អាច​ធ្វើ​នូវ​ការ​មួយ​ដែល​វា​ចង់​ធ្វើ​បំផុត​គឺ៖ ការ​ថ្កោលទោស​យើង។ ព្រះគ្រីស្ទ​បាន​ទទួលទោស​ជំនួស​យើង​ហើយ។ អារក្ស​បាន​បាត់បង់​អាវុធ​របស់​វា។

យើង​អាច​រក​ឃើញ​ការ​បកស្រាយ​ម្យ៉ាងទៀត អំពី​រឿង​នេះ ក្នុង​បទ​គម្ពីរ​ហេព្រើរ ២:១៤-១៥ ដែល​ចែងថា ៖ “ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បីឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មានអំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យបាន​ប្រោស​ដល់​ពួក​អ្នកនោះ ដែល​ជាប់​ជា​បាវបំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យបាន​រួច​ចេញ​វិញ”។

សេចក្តី​ស្លាប់​នៅតែ​ជា​ខ្មាំងសត្រូវ​ តែ​ចង្កូម​វា​បាន​បាក់​ហើយ។ វា​ក៏​អស់ពិស។ ទ្រនិច​ដែល​នាំឲ្យ​ស្លាប់​ក៏​លែង​មាន​ទៀត​ដែរ។ បាប​គឺជា​ទ្រនិច​នៃ​សេចក្តី​ស្លាប់។ ហើយ​អំណាច​នៃ​បាប ដែល​ថ្កោលទោស​យើង គឺ​មាននៅ​ក្នុង​ការ​តម្រូវ​របស់​ក្រឹត្យវិន័យ។ តែ​អរព្រះគុណ​ព្រះគ្រីស្ទ ដែល​បានសម្រេច​ក្រឹត្យវិន័យ។ «ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅឯណា សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅឯណា» (១កូរិនថូស ១៥:៥៥)។

More articles