និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦
លូកា ១០:១៧-២០
ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ លូកា ១០:២០
យើងបានស្គាល់លោកខា(Kha) ជាងមួយឆ្នាំហើយ។ គាត់ជាផ្នែកមួយនៃក្រុមតូចរបស់ព្រះវិហារ ដែលមានការជួបជុំរៀងរាល់សប្តាហ៍ ដើម្បីពិភាក្សាអំពីការអ្វីដែលយើងបានរៀនអំពីព្រះ។ នៅពេលល្ងាចមួយ ក្នុងអំឡុងពេលយើងជួបប្រជុំគ្នាដូចសព្វមួយដង គាត់បានចែកចាយអំពីពេលដែលគាត់បានទទួលរង្វាន់ នៅក្នុងការប្រកួតកីឡាអូឡាំពិក។ គាត់កម្រនិយាយអំពីរឿងដូចនេះណាស់ បានជាខ្ញុំស្ទើរតែមិនបានកត់សំគាល់។ ខ្ញុំមិននឹកស្មានសោះថា ខ្ញុំបានស្គាល់កីឡាករអូឡាំពិកម្នាក់ ដែលបានបញ្ចប់ការប្រកួតយកមេដាយសំរឹទ្ធ។ ខ្ញុំមិនយល់ថា ហេតុអ្វីគាត់មិនបាននិយាយអំពីរឿងនេះពីមុនមកទេ តែគាត់ដឹងថា ជោគជ័យក្នុងកីឡា ជាផ្នែកពិសេសមួយនៃរឿងជីវិតរបស់គាត់ តែគ្រួសារ សហគមន៍ និងសេចក្តីជំនឿរបស់គាត់ ជាផ្នែកដែលសំខាន់ជាង និងជាចំណុចស្នូលនៃអត្តសញ្ញាណរបស់គាត់។
រឿងដែលបានចែងក្នុងកណ្ឌគម្ពីរលូកា ១០:១-២៣ បានពិពណ៌នា អំពីសេចក្តីអ្វីដែលគួរតែបានធ្វើជាចំណុចស្នូលនៃអត្តសញ្ញាណរបស់យើង។ ព្រះយេស៊ូវបានចាត់សិស្ស៧២នាក់ ឲ្យចេញទៅប្រកាសប្រាប់អ្នកដទៃអំពីនគរព្រះ។ ពេលដែលពួកគេវិលត្រឡប់មកវិញ ពួកគេក៏បានរាយការណ៍ដល់ព្រះអង្គថា ទោះទាំងពួកអារក្សក៏ចុះចូលចំពោះពួកគេ ដោយព្រះនាមទ្រង់ដែរ(ខ.១៧)។ ព្រះយេស៊ូវបានទទួលស្គាល់ថា ព្រះអង្គបានប្រទានពួកគេនូវព្រះចេស្តា និងការការពារជាបរិបូរ តែព្រះអង្គមានបន្ទូលថា ពួកគេបានផ្តោតចិត្តទៅលើរឿងដែលមិនគួរផ្តោត។ ព្រះអង្គក៏បានបញ្ជាក់ថា ពួកគេគួរតែមានចិត្តអរសប្បាយ ដោយសារឈ្មោះពួកគេបានកត់ទុកក្នុងនគរស្ថានសួគ៌វិញ(ខ.២០)។
ទោះព្រះទ្រង់បានប្រទានជោគជ័យ ឬសមត្ថភាពច្រើនប៉ុណ្ណាក៏ដោយ ក៏យើងមានហេតុផលដែលត្រូវអរសប្បាយ ដោយសារឈ្មោះយើងបានកត់ទុកក្នុងនគរស្ថានសួគ៌ ហើយយើងបានអរសប្បាយនឹងព្រះវត្តមានព្រះអង្គ ក្នុងជីវិតយើងជារៀងរាល់ថ្ងៃ បើសិនជាយើងបានថ្វាយជីវិតយើងដល់ព្រះអង្គហើយ។—Kirsten Holmberg
តើអ្នកកំពុងផ្ដោតចិត្តទៅលើអ្វី? តើអ្នកអាចផ្លាស់ប្តូរការផ្ដោតចិត្តរបស់អ្នក ទៅរកការអ្វីដែលមានភាពអស់កល្ប យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកត់ឈ្មោះទូលបង្គំ ក្នុងនគរស្ថានសួគ៌។ ទូលបង្គំមានចិត្តអរសប្បាយ ដែលបានស្គាល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦