កែប្រែ​វត្ថុ​គ្មាន​តម្លៃ ឲ្យ​មាន​ភាព​ស្រស់​ស្អាត

និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០

មីកា ៤:១-៥

នោះ​គេ​នឹង​ដំដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ​។ មីកា ៤:៣

ភរិយា​ខ្ញុំ ឈ្មោះ​មីសកា(Miska) បាន​ទិញ​ខ្សែ​ករ និង​ក្រវិល​កង ពី​ប្រទេស​អេត្យូពី​។ ភាព​ប្រណិត​ដ៏​សាមញ្ញ​របស់​គ្រឿង​អលង្ការ​ទាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្នាដៃ​សិល្បៈ​ពិតៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រវត្តិ​របស់​គ្រឿង​អលង្ការ​នេះ គឺជា​ចំណុច​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​។ ដោយសារ​មាន​ការ​ប៉ះ​ទង្គិច​ដ៏​សាហាវ និង​សង្គ្រាម​ស៊ីវិល ដែល​បាន​កើត​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍ ទឹកដី​របស់​ប្រទេស​អេត្យូពី មាន​សម្បក​កន្ទុះ​របស់​គ្រាប់​កាំភ្លើង និង​គ្រាប់​ផ្លោង នៅ​រាត់រាយ​ស្ទើរ​គ្រប់​ទី​កន្លែង​។ ជនជាតិ​អេត្យូពី​ក៏​បាន​ស្តារ​ទឹកដី​របស់​ខ្លួន​ឡើង​វិញ ដោយ​សម្អាត​កម្ទេច​អំបែង ដោយ​មាន​សង្ឃឹម​ក្នុង​ចិត្ត​។ ហើយ​សិល្បៈ​ករ​ក៏​បាន​កែ​ច្នៃ​សម្បក​កន្ទុះ​គ្រាប់​កាំភ្លើង ធ្វើ​ជា​គ្រឿង​អលង្ការ​លក់​។

ពេល​ដែល​ខ្ញុំ​បានឮ​អំពី​រឿង​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ព្រះបន្ទូល​សន្យា ដែល​ហោរា​មីកា​បាន​ប្រកាស ដោយ​ចិត្ត​ក្លាហាន ទៅ​កាន់​រាស្រ្ត​របស់​ព្រះ យ៉ាង​ដូចនេះ​ថា គេ“នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ”(៤:៣)។ ដាវ​និង​លំពែង ត្រូវ​បាន​គេ​ផលិត​មក សម្រាប់​សម្លាប់​ជីវិត​មនុស្ស តែ​ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ព្រះ​ចេ​ស្តា ដោយ​កែ​ប្រែ​ពួកវា​ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដែល​ជួយ​ទ្រទ្រង់​ជីវិត​វិញ​។ លោក​ហោរា​ក៏បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ដែល​ព្រះ​ទ្រង់​យាង​មកវិញ “អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ”(ខ.៣)។

ការ​ប្រកាស​របស់​លោក​មីកា នៅ​សម័យ​មុន មិន​ពិបាក​ឲ្យ​មនុស្ស​សម័យ​បច្ចុប្បន្ន​យល់​ឡើយ​។ ពិភពលោក​នៅតែ​មាន​សង្រ្គាម និង​អំពើ​ហិង្សា មិន​ខុសពី​ទឹកដី​អ៊ីស្រាអែល​ពី​សម័យ​ដើម​ទេ ហើយ​ពិភពលោក​ហាក់​ដូចជា​មិន​អាច​ផ្លាស់​ប្តូរ ឲ្យ​ល្អ​ឡើង​វិញ​។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា ថ្ងៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នឹង​មកដល់​។ ដូច​នេះ យើង​ត្រូវ​ចាប់​ផ្តើម​រស់នៅ​ស្រប​តាម​សេចក្តី​ពិត​នេះ​។ ព្រះ​ទ្រង់​កំពុង​ជួយ​យើង ឲ្យ​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ ក្នុង​ពេល​សព្វថ្ងៃ ដោយ​កែ​ប្រែ​ជីវិត​មនុស្ស​ជា​ច្រើន ឲ្យ​ក្លាយ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ល្អឯក​។—Winn Collier

តើ​អ្នក​បាន​ឃើញ​ការ​អាក្រក់​បាន​ផ្លាស់​ប្តូរ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ទីណា? តើ​ព្រះ​ទ្រង់​បាន​កែ​ប្រែ​ជីវិត​អ្នក​ឲ្យ​មាន​តម្លៃ និង​ភាព​ស្រស់​ស្អាត ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​កែ​ប្រែ​ជីវិត​យើង​ខ្ញុំ​។ សូម​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​ទូល​បង្គំ ដើម្បី​នាំមក​នូវ​ភាព​ស្រស់​ស្អាត​នៅ​ទីនេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles