ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”។ ម៉ាកុស ១០:២៧
ខាងក្រោមនេះ ជាមូលហេតុទាំងពីរយ៉ាងដែលព្រះយេស៊ូវបានប្រទាន ដើម្បីឲ្យយើងក្លាយជាគ្រីស្ទបរិស័ទ ដែលឈោងចាប់លោកិយ ហើយមានការប្តូរផ្តាច់ ចំពោះបុព្វហេតុនៃបេសកកម្មផ្សាយដំណឹងល្អ។ គឺក្នុងនាមជាអ្នកចេញទៅផ្សាយដំណឹងល្អ ឬអ្នកបញ្ជូនឲ្យទៅផ្សាយដំណឹងល្អ។
១. ការអ្វីដែលមនុស្សធ្វើមិនកើត ព្រះទ្រង់ធ្វើកើត(ម៉ាកុស ១០:២៧)។ ការកែប្រែមនុស្សមានបាបដែលរឹងទទឹង ឲ្យក្លាយជាគ្រីស្ទបរិស័ទ គឺជាការងាររបស់ព្រះ ហើយក៏ស្របទៅតាមផែនការ នៅក្រោមអធិបតេយ្យភាពរបស់ព្រះអង្គ។ យើងមិនចាំបាច់ត្រូវភ័យខ្លាច ឬព្រួយបារម្ភ ដោយសារភាពកម្សោយរបស់យើងនោះឡើយ។ ចម្បាំងនេះជាចម្បាំងរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងប្រទានជ័យជម្នះ។
២. ព្រះគ្រីស្ទសន្យាថា នឹងធ្វើការសម្រាប់យើង ហើយព្រះអង្គកាន់ខាងយើងខ្លាំងណាស់ បានជានៅពេលដែលជីវិតនៃបេសកកម្មរបស់យើងបញ្ចប់ នោះយើងនឹងមិនអាចនិយាយថា យើងបានលះបង់អ្វីសោះឡើយ(ម៉ាកុស ១០:២៩-៣០)។
ពេលណាយើងដើរតាមបទបញ្ជារបស់ព្រះអង្គ សម្រាប់ការធ្វើបេសកកម្ម យើងនឹងរកឃើញថា សូម្បីតែផលប៉ះពាល់ដ៏ឈឺចាប់ ដែលយើងបានជួប ក៏ព្រះអង្គបានប្រើ ដើម្បីធ្វើឲ្យស្ថានភាពយើង មានភាពល្អប្រសើរឡើងផងដែរ។ សុខភាពខាងវិញ្ញាណ ដែលជាក្តីអំណររបស់យើង មានភាពល្អប្រសើរឡើង ១០០ដង។ ហើយពេលណាយើងអស់ជីវិត នោះយើងមិនស្លាប់ទេ តែយើងទទួលបានជីវិតអស់កល្ប។
ដែលខ្ញុំលើកទឹកចិត្តដូចនេះ គឺមិនមែនដើម្បីបង្អាក់សេចក្តីក្លាហាន និងការលះបង់ដែលអ្នកមានសម្រាប់ព្រះគ្រីស្ទឡើយ។ ខ្ញុំសូមលើកទឹកចិត្តអ្នក ឲ្យលះបង់អ្វីៗទាំងអស់ដែលអ្នកមាន ដើម្បីទទួលបាននូវជីវិតដែលមានភាពស្កប់ស្កល់ ក្នុងជម្រៅចិត្តដែលជ្រៅបំផុតរបស់អ្នក។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យរាប់អ្វីៗទាំងអស់ ជាសំរាម ដើម្បីទទួលយកនូវតម្លៃដ៏ខ្ពង់ខ្ពស់ នៃការបម្រើស្តេចលើអស់ទាំងស្តេច។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យដោះខោអាវកណ្តាចចេញ ហើយពាក់សំលៀកបំពាក់នៃទូតរបស់ព្រះវិញ។
ខ្ញុំសូមសន្យាថា អ្នកនឹងជួបការបៀតបៀន និងការខ្វះខាត តែសូមនឹកចាំអំពីក្តីអំណរ ក្នុងបទគម្ពីរដែលចែងថា “មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:១០)។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥៦ នៅប្រទេសអេក្វាឌ័រ ជនជាតិដើម៥នាក់ មកពីកុលសម្ព័ន្ធ វ៉ៅរ៉ានី បានសម្លាប់លោកជីម អេលាត(Jim Elliot) និងបេសកជន៤នាក់ទៀត ដែលរួមដំណើរជាមួយគាត់ ខណៈពេលដែលពួកគេព្យាយាមនាំដំណឹងល្អ ចូលទៅក្នុងកុលសម្ព័ន្ធវ៉ៅរ៉ានី។
ស្ត្រីវ័យក្មេង៤នាក់ បានបាត់បង់ស្វាមីរបស់ខ្លួន ហើយក្មេង៩នាក់បានបាត់បង់ឪពុក។ អ្នកស្រីអេលីហ្សាបិត អេលាត(Elisabeth Elliot) ក៏បានសរសេរថា លោកិយបានហៅរឿងនេះថា សុបិនអាក្រក់ដ៏សោកសៅ។ បន្ទាប់មក គាត់ក៏បានសរសេរទៀតថា លោកិយមិនបានស្គាល់សេចក្តីពិត នៅក្នុងពាក្យសម្ដីដែលលោកជីម អេលាតបានមានប្រសាសន៍ថា “មនុស្សដែលបានលះបង់អ្វីដែលខ្លួនមិនអាចរក្សាទុក ដើម្បីទទួលនូវអ្វីដែលខ្លួនមិនអាចបាត់បង់ គឺមិនមែនជាមនុស្សល្ងង់ឡើយ”។