អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

អេភេសូរ ៤:៤-៨

តែ​មាន​ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ​។ អេភេសូរ ៤:៧

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​កែ​ក្រដាស​ប្រឡង​សំណេរ​អត្ថបទ​របស់​និស្សិត ដែល​ខ្ញុំ​បង្រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អត្ថបទ​ដែល​សិស្ស​ម្នាក់​បាន​សរសេរ​។ គាត់​សរសេរ​បាន​ល្អ​ណាស់! មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា សំណេរ​នោះ​ល្អ​ពេក គាត់​មិន​ទំនងជា​បាន​សរសេរ​ដោយ​សមត្ថ​ភាព​ខ្លួនឯង​ទេ​។ ខ្ញុំ​ក៏បាន​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​បន្តួច ក៏​បាន​ដឹង​ថា តាម​ពិត គាត់​បាន​ចម្លង​អត្ថបទ​នោះ​ពី​ប្រភព​នៅ​តាម​អនឡាញ​។

ខ្ញុំ​ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​សិស្ស​ម្នាក់​នោះ ដើម្បី​ឲ្យ​នាង​បាន​ដឹង​អំពី​កំហុស​របស់​នាង​។ នាង​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​អត្ថបទ​នោះ តែ​នាង​អាច​សរសេរ​អត្ថបទ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​បាន​ពិន្ទុ​ខ្លះ​។ នាង​ក៏​បាន​ឆ្លើយ​តប​ថា នាង​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​នាង ហើយក៏​បាន​អរគុណ​ខ្ញុំ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ទោះ​នាង​មិន​សមនឹង​ទទួល​ឱកាស​នោះ​ក៏ដោយ​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ព្រះ​គុណ​ពី​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដូច​នេះ ខ្ញុំ​មិន​អាច​បដិសេធន៍​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើយ​។

ព្រះគុណ​ព្រះ​បាន​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ប្រោស​លោះ​យើង​ឲ្យ​រួច​​ពី​បាប​។ លោក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូចជា​គេ​ដែរ”(កិច្ចការ ១៥:១១)។ ដូច​នេះ ព្រះគុណ​ព្រះ​បាន​នាំមក​នូវ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ”(រ៉ូម ៦:១៤)។ បាន​សេចក្តី​ថា ព្រះគុណ​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​រស់នៅ​ក្រោម​អំណាច​របស់​បាប​ទៀត​ទេ​។ ជាង​នេះ​ទៅទៀត ព្រះគុណ​ក៏​បាន​ជួយ​ឲ្យ​យើង​អាច​បម្រើ​ព្រះអង្គ​ផង​ដែរ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​បង្រៀន​ឲ្យ​ប្រើ “អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែកចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ”(១ពេត្រុស ៤:១០)។

ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​មក ឲ្យ​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ(អេភេសូរ ៤:៧)។ ចូរ​យើង​ប្រើ​ព្រះគុណ​ដែល​ជា​អំណោយ​នេះ ដើម្បី​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។—Dave Branon

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយ​ព្រះគុណ​ព្រះ​ខ្លាំង​បំផុត នៅ​ពេលណា ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​បង្ហាញ​ព្រះគុណ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​ព្រះគុណ​ព្រះអង្គ តាមរយៈ​ការ​ទំនាក់​ទំនងជា​មួយ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles