និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩
កាឡាទី ៥:១៤-១៥,២២-២៦
«ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»។ កាឡាទី ៥:១៤
គ្រូគង្វាលវ័យក្មេងម្នាក់មានទម្លាប់អធិស្ឋានរៀងរាល់ពេលព្រឹក ទូលសូមព្រះទ្រង់ប្រើគាត់ជារៀងរាល់ថ្ងៃ ឲ្យធ្វើជាព្រះពរសម្រាប់អ្នកដទៃ។ ជាញឹកញាប់ គាត់មានអំណរ ដែលព្រះទ្រង់ប្រទានឱកាសឲ្យគាត់រស់នៅជាព្រះពរ។ ថ្ងៃមួយ ក្នុងអំឡុងពេលសម្រាកពីការងារទីពីររបស់គាត់ គាត់ក៏បានអង្គុយនៅខាងក្រៅ ជាមួយមិត្តរួមការងារម្នាក់ដែលបានសួរគាត់អំពីព្រះយេស៊ូវ។ លោកគ្រូគង្វាលក៏បានឆ្លើយសំណួរទាំងប៉ុន្មាន ដែលបុរសនោះមាន។ គាត់មិនបានប្រកែកគ្នា ឬនិយាយខ្លាំងៗដាក់គេឡើយ។ លោកគ្រូគង្វាលក៏បានលើកឡើងថា ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំគាត់ ឲ្យមានឱកាសជជែកគ្នាជាមួយអ្នកដទៃ នៅពេលខ្លះ ប្រកបដោយប្រសិទ្ធភាព និងសេចក្តីស្រឡាញ់។ គាត់ក៏រកបានមិត្តភក្តិថ្មីម្នាក់ទៀតនៅថ្ងៃនោះ ជាមនុស្សដែលមានចិត្តស្រេកឃ្លានចង់ស្វែងយល់បន្ថែមអំពីព្រះ។
ការអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំយើង ជាវិធីល្អបំផុតដើម្បីនាំអ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ។ គឺដូចដែលព្រះអង្គមានបន្ទូលប្រាប់ពួកសាវ័កថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។
ផលផ្លែនៃព្រះវិញ្ញាណនោះគឺ “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(កាឡាទី ៥:២២-២៣)។ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណ លោកគ្រូគង្វាលវ័យក្មេងរូបនោះ បានអនុវត្តតាមការបង្រៀនរបស់កណ្ឌគម្ពីរពេត្រុសដែលបានបង្គាប់យើងឲ្យ “ប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
ទោះយើងបានរងទុក្ខ ដោយសារយើងជឿព្រះយេស៊ូវក៏ដោយ ក៏ពាក្យសម្តីយើងអាចបង្ហាញលោកិយឲ្យដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងដឹកនាំជីវិតយើង។ ការរស់នៅដែលមានទីបន្ទាល់ល្អ នាំឲ្យអ្នកដទៃមានចិត្តចង់ចូលទៅរកព្រះអង្គផងដែរ។—Patricia Raybon
តើអ្នកមានអាកប្បកិរិយាយ៉ាងណាខ្លះ ក្នុងការនិយាយប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ? ហេតុអ្វីការអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំជីវិតយើង ជួយឲ្យការជជែករបស់យើងកាន់តែមានប្រសិទ្ធភាព?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ សូមព្រះអង្គដឹកនាំទូលបង្គំ ឲ្យនិយាយដោយសេចក្តីស្រឡាញ់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩