ចែកចាយ តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ

និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩

កាឡាទី ៥:១៤-១៥,២២-២៦

«ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួនឯង»។ កាឡាទី ៥:១៤

គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​មាន​ទម្លាប់​អធិស្ឋាន​រៀង​រាល់​ពេល​ព្រឹក ទូល​សូម​ព្រះ​ទ្រង់​ប្រើ​គាត់​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ ជា​ញឹក​ញាប់ គាត់​មាន​អំណរ ដែល​ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​គាត់​រស់នៅ​ជា​ព្រះពរ​។ ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​ទីពីរ​របស់​គាត់ គាត់​ក៏បាន​អង្គុយ​នៅ​ខាង​ក្រៅ ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់​ដែល​បាន​សួរ​គាត់​អំពី​ព្រះយេស៊ូវ​។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​សំណួរ​ទាំង​ប៉ុន្មាន ដែល​បុរស​នោះ​មាន​។ គាត់​មិន​បាន​ប្រកែក​គ្នា ឬ​និយាយ​ខ្លាំងៗ​ដាក់​គេ​ឡើយ​។ លោក​គ្រូ​គង្វាល​ក៏បាន​លើក​ឡើង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​គាត់ ឲ្យ​មាន​ឱកាស​ជជែក​គ្នា​ជាមួយ​អ្នក​ដទៃ​ នៅពេល​ខ្លះ ប្រកបដោយ​ប្រសិទ្ធភាព និង​សេចក្តី​ស្រឡាញ់​។ គាត់​ក៏​រកបាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​នៅ​ថ្ងៃ​នោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​។

ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​យើង ជា​វិធី​ល្អ​បំផុត​ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះយេស៊ូវ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា “កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”​(កិច្ចការ ១:៨)។

ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ “សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី ៥:២២-២៣)។ ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ លោក​គ្រូ​គង្វាល​វ័យ​ក្មេង​រូប​នោះ បាន​អនុវត្ត​តាម​ការ​បង្រៀន​របស់​កណ្ឌ​គម្ពីរ​ពេត្រុស​ដែល​បាន​បង្គាប់​យើង​ឲ្យ “ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

ទោះ​យើង​បាន​រង​ទុក្ខ ដោយសារ​យើង​ជឿ​ព្រះយេស៊ូវ​ក៏ដោយ ក៏​ពាក្យ​សម្តី​យើង​អាច​បង្ហាញ​លោកិយ​ឲ្យ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ដឹកនាំ​ជីវិត​យើង​។ ការ​រស់នៅ​ដែល​មាន​ទី​បន្ទាល់​ល្អ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះអង្គ​ផង​ដែរ​។—Patricia Raybon

តើ​អ្នក​មាន​​អាកប្ប​កិរិយា​យ៉ាង​ណា​ខ្លះ ក្នុង​ការ​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះយេស៊ូវ? ហេតុ​អ្វី​ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​ជីវិត​យើង ជួយ​ឲ្យ​ការ​ជជែក​របស់​យើង​កាន់តែ​មាន​ប្រសិទ្ធភាព?

ឱ​ព្រះអម្ចាស់ ពេល​ណា​ទូល​បង្គំ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ដឹកនាំ​ទូល​បង្គំ ឲ្យ​និយាយ​ដោយ​សេចក្តី​ស្រឡាញ់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles