បាន​ចុះ​ចូល​ព្រះយេស៊ូវ​ទាំងស្រុង

និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-២៤

ម៉ាកុស ៨:៣៤-៣៨

ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ម៉ាកុស ៨:៣៦

កាលពី​ឆ្នាំ១៩២០ លោក​ចន ស៊ុង(John Sung) ជា​កូនទី៦ របស់​គ្រូ​គង្វាល​ជនជាតិ​ចិន បាន​ទទួល​អាហារ​រូបករណ៍ ទៅរៀន​នៅ​សាកល​វិទ្យាល័យ​មួយ ក្នុង​សហរដ្ឋអាមេរិក​។ គាត់​បាន​បញ្ចប់​ការ​សិក្សា ដោយ​ទទួល​សញ្ញា​ប័ត្រ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ព្រម​ទាំង​ថ្នាក់​បណ្ឌិត​ផង​ដែរ​។ ខណៈ​ពេល​ដែល​គាត់​កំពុង​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ខ្ពស់ គាត់​ក៏បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់​។ ក្រោយមក នៅ​ពេលយប់​មួយ ក្នុង​ឆ្នាំ១៩២៧ គាត់​ក៏បាន​ថ្វាយ​ជីវិត​គាត់​ដាច់​ដល់​ព្រះគ្រីស្ទ ហើយក៏​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​គ្រូ​អធិប្បាយ​។

គាត់​មាន​ឱកាស​ជា​ច្រើន ដើម្បី​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​កំរៃ​ខ្ពស់ ក្នុង​ប្រទេស​ចិន តែ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​លះចោល​បំណង​ប្រាថ្នា​របស់​គាត់​។ គាត់​ក៏​បាន​បោះ​សញ្ញា​ប័ត្រ​ទាំង​អស់​ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ ជា​និមិត្ត​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ទុក​តែ​សញ្ញា​ប័ត្រ​បណ្ឌិត​ជូន​ឪពុក​ម្តាយ​របស់​គាត់ ដោយ​ការ​គោរព​។

លោក​ចន ស៊ុង បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ក្លាយ​ជា​សិស្ស​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?”(ម៉ាកុស ៨:៣៦)។ ពេលណា​យើង​បដិសេធន៍​ខ្លួនឯង ហើយ​បោះបង់ចោល​ជីវិត​ចាស់ ដើម្បី​ដើរ​តាម​ព្រះគ្រីស្ទ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ(ខ.៣៤-៣៥) គឺ​អាច​មានន័យថា យើង​លះបង់​ចោល​ក្តី​បំណង និង​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​រា​រាំង​យើង​មិន​ឲ្យ​ដើរ​តាម​ព្រះអង្គ​។

ក្នុង​អំឡុង​ពេល១២ឆ្នាំ​ក្រោយមក លោក​ចន​បាន​បំពេញ​បេសកកម្ម​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន អស់ពី​ចិត្ត ដោយ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ទូ​ទាំង​ប្រទេស​ចិន និង​តំបន់​អាស៊ី​អាគ្នេយ៍​។ ចុះ​ចំណែក​យើង​វិញ? យើង​ប្រហែល​មិន​បានឮ​ព្រះ​អង្គ​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​ជា​គ្រូ​អធិប្បាយ ឬ​បេសកជន​ទេ តែ​ទោះ​ព្រះ​ទ្រង់​ត្រាស់ហៅ​យើង​ឲ្យ​បម្រើ​ព្រះអង្គ នៅ​កន្លែងណា​ក៏ដោយ ចូរ​យើង​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​ទាំងស្រុង ដោយ​អំណាច​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ការ​ក្នុង​យើង​។—Jasmine Goh

តើ​អ្នក​ត្រូវ​លះបង់​អ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​អាច​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ពិត​ត្រង់? តើ​អ្នក​មាន​ក្តី​ប្រាថ្នា​ធំ​អ្វី​ខ្លះ ដែល​កំពុង​រា​រាំង​អ្នក​មិន​ឲ្យ​ដើរ​តាម​ព្រះអង្គ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​លះបង់​ចោល​ការ​អ្វី​ក៏ដោយ ដែល​រារាំង​ទូល​បង្គំ​មិន​ឲ្យ​ចុះ​ចូល​នឹង​ព្រះអង្គ​ទាំងស្រុង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles