ការជំនុំជម្រះសម្រាប់អ្នកជឿ

នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏បាន​បើក​ឡើង ហើយ​បញ្ជី១ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់ទុក​ក្នុង​បញ្ជី​ទាំងនោះ តាម​អំពើ​ដែលគេ​បាន​ប្រព្រឹត្ត​រៀងខ្លួន។ វិវរណៈ ២០:១២

តើ​ការ​ជំនុំជម្រះ​ចុងក្រោយ នឹង​មាន​លក្ខណៈ​ដូចម្តេច? តើ​ព្រះ​ទ្រង់​នឹង​នឹក​ចាំ អំពី​អំពើបាប​របស់​យើង​ទេ? តើ​ព្រះអង្គ​នឹង​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើបាប ដែល​យើង​បាន​ប្រព្រឹត្ត​ឬទេ? សម្រាប់​សំណួរ​ទាំងនេះ លោក​អ៊ែន​ថូ​នី ហូ​គេ​ម៉ា(Anthony Hoekema) បាន​ធ្វើការ​បកស្រាយ ប្រកបដោយ​ប្រាជ្ញា​ថា “កំហុស និង​ចំណុច​ខ្វះចន្លោះ​របស់ … អ្នកជឿ … នឹង​ត្រូវ​បើក​បង្ហាញ នៅ​ថ្ងៃ​ជំនុំជម្រះ។ ប៉ុន្តែ ដែល​សំខាន់​នោះ​គឺ អំពើបាប និង​ចំណុច​ខ្វះចន្លោះ​ទាំងនោះ នឹង​ត្រូវ​បាន​បើក​សម្ដែង នៅពេល​ជំនុំជម្រះ ថា​ជា​បាប​ដែល​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យហើយ គឺ​ទោសកំហុស ដែល​បាន​គ្រប​បាំង​ទាំងស្រុង ដោយ​ព្រះ​លោហិត​ព្រះយេស៊ូវ​គ្រីស្ទ”។

យើង​អាច​ធ្វើការ​ប្រៀបធៀប ដោយ​ឧបមា​ថា ៖ ព្រះ​ទ្រង់​មាន​បញ្ជី​មួយ ដែល​បាន​កត់ត្រា​អំពី​មនុស្ស​ម្នា​ក់ៗ (បញ្ជី ក្នុង​បទ​គម្ពីរ​វិវរណៈ ២០:១២)។ អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែ​បាន​កត់ទុក ដោយ​បាន​ដាក់​និទ្ទេស​រួចជាស្រេច(និទ្ទេស ពី “A” ដល់ “F”)។ ពេល​អ្នក​ឈរ​នៅ​ពីមុខ “បល្ល័ង្ក​ជំនុំជម្រះ​របស់​ព្រះគ្រីស្ទ”(២កូរិនថូស ៥:១០) ដើម្បី​ទទួលការ​ជំនុំជម្រះ “តាម​ការដែល​បាន​ធ្វើ ពី​កាល​នៅក្នុង​រូបកាយ​រៀងខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី” ព្រះ​ទ្រង់​នឹង​បើក​បញ្ជី ហើយក៏​បាន​ដាក់​និទ្ទេស​ឲ្យ​ការប្រព្រឹត្ត​នី​មួយៗ។ ព្រះអង្គ​នឹង​ដក​ការប្រព្រឹត្ត​ទាំងអស់ ដែល​មាន​និទ្ទេស F យក​ទៅ​ដាក់​មួយគំនរ។ បន្ទាប់មក ព្រះអង្គ​ក៏​ដក​ការប្រព្រឹត្ត​ទាំងអស់ ដែល​មាន​និទ្ទេស D និង C រួច​ព្រះអង្គ​ក៏​ដក​ផ្នែក​ដែល​ល្អ យក​ទៅ​ដាក់ជា​មួយ​ក្រុម​ដែល​មាន​និទ្ទេស A ហើយ​ដាក់​ផ្នែក​ដែល​អាក្រក់​ជាមួយ​ក្រុម​ដែល​មាន​និទ្ទេស F។ បន្ទាប់មក​ព្រះអង្គ​ដក​ការប្រព្រឹត្ត​ទាំងអស់​ដែល​មាន​និទ្ទេស B និង A ហើយ​ដក​ផ្នែក​ទាំងអស់​ដែល​អាក្រក់​ចេញពី​ក្រុម​ទាំងនោះ ដាក់ពីលើ​គំនរ​នៃ​និទ្ទេស F រួច​ដាក់​ផ្នែក​ល្អ ពីលើ​គំនរ​នៃ​និទ្ទេស A។

បន្ទាប់​មក ព្រះអង្គ​ក៏បាន​បើក​បញ្ជី​មួយទៀត (គឺ “បញ្ជី​ជីវិត”) ឃើញ​ឈ្មោះ​អ្នក ព្រោះ​អ្នក​នៅក្នុង​ព្រះគ្រីស្ទ ដោយសារ​ជំនឿ។ នៅ​ពីក្រោយ​ឈ្មោះ​អ្នក មាន​ឈើគូស​មួយ ធ្វើពីឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ។ ព្រះអង្គ​នឹង​យក​ឈើគូស​នោះ មក​ដុត​បំផ្លាញ​គំនរ​នៃ​និទ្ទេស F ដែល​មាន​ទៅ​ដោយ​រាល់​អំពើបាប និង​ចំណុច​ខ្វះចន្លោះ​របស់​អ្នក។ អំពើបាប និង​ចំណុច​ខ្វះ​ចន្លោះ​ទាំងនោះ នឹង​មិន​ថ្កោលទោស​អ្នក ហើយក៏​មិន​ឲ្យ​រង្វាន់​អ្នក​ឡើយ។

បន្ទាប់មក ព្រះអង្គ​នឹង​ដក​ស្រោម​សំបុត្រ​មួយ ចេញពី​សំណុំ​ឯកសារ​របស់​អ្នក ក្នុង “បញ្ជី​ជីវិត” ដែល​មាន​បិទ​ត្រា និង​អក្សរ​សំគាល់​ពីលើ​ថា “រង្វាន់​បន្ថែម ដែល​បាន​ប្រទាន​មក​ឥតគិតថ្លៃ ដោយ​ព្រះគុណ​របស់​ព្រះ ៖ គឺជា​ជីវិត!” ហើយក៏​បាន​យក​វា​ទៅ​ដាក់​នៅ​លើ​គំនរ​នៃ​និទ្ទេស A ( មើល​ម៉ាកុស ៤:២៤ និង លូកា ៦:៣៨)។ រួច​ព្រះអង្គ​ក៏បាន​លើក​គំនរ​ទាំងមូល ហើយ​ប្រកាស​ថា “ផ្អែក​ទៅលើ​គំនរ​និទ្ទេស​នេះ ជីវិត​របស់​អ្នក​បាន​ធ្វើ​បន្ទាល់ ចំពោះ​ព្រះគុណ​នៃ​ព្រះវរបិតា​ខ្ញុំ ភាព​សក្តិ​សម​នៃ​ព្រះ​លោហិត​ខ្ញុំ និង​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​ខ្ញុំ។ គំនរ​និទ្ទេស​នេះ​ធ្វើ​បន្ទាល់​ថា អ្នកមាន​ជីវិត​អស់​កល្ប ហើយ​អ្នក​នឹង​បាន​ទទួល​រង្វាន់។ ចូរ​ឲ្យ​អ្នក​ប្រកបដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​អ្នក​ចុះ”។

More articles