យ៉ូហាន ៨:២-១១
ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? យ៉ូហាន ៨:១០
ថ្ងៃមួយ មិត្តភក្តិរបស់មែកគី(Maggie) បានមកចូលរួមកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ដោយមានសំលៀកបំពាក់ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ គេមិនគួរមានការភ្ញាក់ផ្អើលទេ ព្រោះនាងជាស្ត្រីរកស៊ីផ្លូវភេទ។ នាងក៏បានដើរទៅរកកន្លែងអង្គុយ ដោយមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ នាងពិបាកអង្គុយ ដោយសារនាងបានស្លៀកសំពត់ខ្លីពេក ហើយនាងក៏បានអង្គុយឱបដៃ ក្នុងកម្មវិធីថ្វាយបង្គំ។
មែកគីក៏បានសួរនាង ក្រែងលោនាងរងា ហើយក៏បានប្រគល់កន្សែងបង់ករមួយ ឲ្យនាងគ្របពីលើជើង ដើម្បីកុំឲ្យគេមានការចាប់អារម្មណ៍ចំពោះការស្លៀកពាក់របស់នាង។
មែកគីបាននាំមនុស្សរាប់សិបនាក់ ឲ្យទទួលជឿព្រះយេស៊ូវ ដោយគ្រាន់តែបានអញ្ជើញពួកគេឲ្យមកព្រះវិហារ ហើយជួយពួកគេមានអារម្មណ៍កក់ក្តៅ នៅក្នុងព្រះវិហារ។ ពន្លឺនៃដំណឹងល្អបានបង្ហាញចេញមក តាមរយៈរបៀបដែលនាងឈោងចាប់វិញ្ញាណបាត់បង់។ នាងបានប្រព្រឹត្តចំពោះអ្នកដទៃដោយភាពថ្លៃថ្នូរ ដែលនាំឲ្យគេបើកចិត្តស្តាប់ដំណឹងល្អ។
ព្រះគម្ពីរបានចែងថា ពួកអ្នកដឹកនាំសាសនាបានអូសស្រ្តីម្នាក់នៅចំពោះព្រះយេស៊ូវ ដោយការចោទប្រកាន់នាងថា បានផិតក្បត់។ ពេលនោះ ព្រះអង្គក៏បានមានបន្ទូល ធ្វើឲ្យពួកគេដើរចេញពីនាង ដោយមិនហ៊ានកាត់ទោសនាង។ នៅពេលដែលពួកគេចេញទៅអស់ ព្រះអង្គអាចស្តីបន្ទោសឲ្យនាង។ តែផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែបានសួរសំណួរពីរប៉ុណ្ណោះ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? (យ៉ូហាន ៨:១០)។ នាងក៏បានឆ្លើយថា គ្មាននរណានៅកាត់ទោសនាងទេ។ ដូចនេះ ព្រះយេស៊ូវក៏បានចែកចាយដំណឹងល្អដល់នាង ដោយព្រះបន្ទូលដ៏ខ្លីថា “ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ”(ខ.១១)។
ចូរយើងកុំមើលស្រាលអំណាចនៃសេចក្តីស្រឡាញ់ដ៏ពិត ដែលព្រះអង្គ ជាប្រភេទនៃសេចក្តីស្រឡាញ់ ដែលមិនថ្កោលទោស ហើយថែមទាំងប្រទាននូវសេចក្តីថ្លៃថ្នូរ និងការអត់ទោសដល់មនុស្សម្នាក់ៗ។—Tim Gustafson
តើអ្នកនឹងមានប្រតិកម្មដូចម្តេច ពេលអ្នកឃើញនរណាម្នាក់រស់នៅ ក្នុងអំពើបាប ដែលគេស្អប់ខ្ពើម? តើអ្នកអាចអញ្ជើញនរណា ទៅព្រះវិហារសប្តាហ៍នេះដោយរបៀបណា?
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមានវិញ្ញាណកាត់ទោសអ្នកដទៃ ហើយសូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ ដល់អ្នកដទៃ។
To learn more about the importance of extending forgiveness, visit https://ODBU.org/courses/SF107.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣៦-៣៩ និង ម៉ាថាយ ២៣:១-២២