នេហេមា ៤:៦-៩
យើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ។ នេហេមា ៤:៩
មានពេលមួយ លោកវ៉លលេស(Wallace) និងអ្នកស្រី ម៉ារី ប្រោន(Mary Brown) បានផ្លាស់ទៅរស់នៅ ក្នុងតំបន់ក្រីក្របំផុត នៃខេត្តបឺមីងហាម ប្រទេសអង់គ្លេស ដើម្បីទៅដឹកនាំព្រះវិហារ ដែលហៀបនឹងបិទទ្វារ។ នៅពេលនោះ ពួកគេខមិនដឹងទេថា មានក្រុមជើងកាងមួយក្រុម បានយកព្រះវិហារ និងផ្ទះថ្មីរបស់ពួកគេធ្វើជាទីស្នាក់ការ។ គេបានយកដុំឥដ្ឋគប់ចូលផ្ទះរបស់ពួកគេ និងបានដុតបំផ្លាញរបងផ្ទះ ហើយថែមទាំងបានគំរាមកំហែងកូនៗរបស់ពួកគេផងដែរ។ ការបៀតបៀននេះបានបន្តអស់ជាច្រើនខែ ដោយប៉ូលិសមិនអាចទប់ស្កាត់បាន។
កណ្ឌគម្ពីរនេហេមាបានរំឭកយើង អំពីរបៀបដែលពួកអ៊ីស្រាអែលបានជួសជុលកំផែងទីក្រុងយេរូសាឡិម ដែលបានបែកបាក់។ នៅពេលដែលពួកសត្រូវក្នុងតំបន់ជិតខាងបាននាំគ្នាបង្ករឿង ហើយក៏បានគំរាមថា នឹងប្រើហឹង្សា(នេហេមា ៤:៨) ពួកអ៊ីស្រាអែលក៏បានអធិស្ឋានទៅរកព្រះអម្ចាស់ ហើយក៏បានដាក់អ្នកយាមឲ្យនៅចាំការពារ(ខ.៩)។ ក្រុមគ្រួសារលោកប្រោន បានជឿថា ព្រះទ្រង់បានប្រើខគម្ពីរនេះដឹកនាំពួកគេ ដូចនេះ ពួកគេក៏បានដឹកនាំកូនៗ និងមនុស្សពីរបីនាក់ទៀត ឲ្យដើរជុំវិញព្រះវិហារ អធិស្ឋានសូមព្រះអង្គដាក់ពួកទេវតាឲ្យធ្វើជាអ្នកយាម ដើម្បីការពារពួកគេ។ ពួកជើងកាងបានជេរប្រទេចពួកគេ ហើយនៅថ្ងៃបន្ទាប់ ពួកជើងកាងបានមកគ្នាតិចជាងមុនពាក់កណ្តាល។ នៅថ្ងៃបន្ទាប់ មានតែ៥នាក់ទេ ដែលមក ហើយនៅថ្ងៃបន្ទាប់ទៀត គេមិនឃើញមានពួកជើងកាងណាម្នាក់មកគំរាមកំហែងទៀតទេ។ ក្រោយមក គ្រួសាររបស់លោកប្រោនក៏បានឮគេប្រាប់ថា ពួកជើងកាងបានឈប់បង្កការភ័យខ្លាចដល់ប្រជាជននៅទីនោះទៀតហើយ។
ការឆ្លើយតប ដោយការអស្ចារ្យ ចំពោះការអធិស្ឋាននេះ មិនមែនជារូបមន្តសម្រាប់ការពារខ្លួនយើងនោះទេ តែវាបានរំឭកយើងថា ការទាស់ប្រឆាំងនឹងកិច្ចការរបស់ព្រះនឹងកើតមានជាធម្មតា តែយើងត្រូវតយុទ្ធ ដោយការអធិស្ឋាន ធ្វើជាអាវុធរបស់យើង។ គឺដូចដែលលោកនេហេមាបានប្រាប់ប្រជាជនអ៊ីស្រាអែលថា “ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ”(ខ.១៤)។ ព្រះអង្គថែមទាំងអាចប្រោសចិត្តរបស់មនុស្ស ឲ្យឈប់ប្រព្រឹត្តហិង្សាផងដែរ។—Sheridan Voysey
បើអ្នកជាលោកប្រោនវិញ តើអ្នកនឹងធ្វើដូចម្តេច? តើនរណាខ្លះត្រូវការអ្នកអធិស្ឋាន សូមព្រះអម្ចាស់រំដោះឲ្យរួចផុតពីការភ័យខ្លាច?
ឱព្រះដ៏គួរស្ញែងខ្លាច សូមព្រះអង្គការពាររាស្រ្តព្រះអង្គ ដោយពួកទេវតាដ៏មានអំណាច ហើយរំដោះចិត្តរបស់អ្នកទាស់ប្រឆាំងព្រះអង្គ ឲ្យមានសេរីភាព។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ លេវីវិន័យ ១-៣ និង ម៉ាថាយ ២៤:១-២៨