មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

សា​ស្តា ៤:៩-១២

មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​។ សា​ស្តា ៤:៩-១០

លោក​សូរិន សូលឃ័រ(Søren Solkær ) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ថតរូប​សត្វ​ទៀវ ជា​បក្សី​ដ៏​ស្រស់​ស្អាត និង​ទិដ្ឋភាព​ដែល​ពួកវា​បង្កើត គួរ​ឲ្យ​ពេចពិល​រមិល​មើល ដោយ​បញ្ចេញ​សម្លេង​ដ៏​ពីរោះ ក្នុង​ការហោះហើរ​ផ្លាស់ទី​យ៉ាង​រលូន​ជា​ហ្វូង​មាន​គ្នា​រាប់​សែន​ក្បាល រេរាំ​នៅ​លើមេឃ​។ ការ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺ​ប្រៀប​ដូចជា​ការ​អង្គុយ​មើល​ផ្ទាំងគំនូរ​ ដែល​មាន​ស្នាម​ជក់​ធំ​មួយ ដែលគេ​គ្រវាស​ទឹក​ខ្មៅ​ចុះ​ឡើង​នៅ​លើមេឃ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ នៅ​ប្រទេស​ដាណឺម៉ាក គេ​បាន​ហៅ​ទស្សនីយភាព​របស់​សត្វ​ទៀវ​ថា ព្រះ​អាទិត្យ​ពណ៌​ខ្មៅ(ដែល​ជា​ចំណង​ជើង​សៀវភៅ​ថតរូប​ដ៏​ល្បី​ល្បាញ​របស់​លោក​សូលឃ័រ)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​បំផុត​នោះ គឺ​របៀប​ដែល​សត្វ​ទៀវ​ហោះ​ហើរ​តាម​គ្នា នៅ​កៀក​គ្នា​ខ្លាំង​ណាស់ បើសិន​ជា​សត្វ​ទៀវ​ណា​មួយ​ហើរ​ខុស​ចង្វាក់​តែ​បន្តិច ពួកគេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​មិនខាន​។ ទោះជា​យ៉ាងណា​ក៏ដោយ សត្វ​ទៀវ​បាន​ប្រើ​ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ខ្លួន​ពួកវា​។ ពេលណា​សត្វ​ស្ទាំងហើរ​ចុះ​មក​រក​ពួកវា សត្វ​បក្សី​តូចៗ​ទាំង​នោះ​បាន​ហើរ​ជា​ក្បួន​យ៉ាង​ណែន ហើយ​ផ្លាស់ទី​ព្រម​គ្នា ដោយ​បណ្តេញ​សត្វ​ប្រមាញ់​នោះ ដែល​ងាយ​នឹង​ចាប់​ពួកវា​ធ្វើ​ជា​ចំណី បើសិន​ជា​ពួកវា​នៅ​តែឯង​។

ការ​នៅ​ជុំ​គ្នា នោះ​ប្រសើរ​ជាង​ការ​នៅ​ម្នាក់ឯង​។ គឺ​ដូច​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១១)។ បើ​យើង​នៅ​តែឯង នោះ​ខ្មាំង​សត្រូវ​ងាយ​នឹង​ឆក់​យក​យើង​។ យើង​ក៏​ខ្វះ​ការ​កម្សាន្ត​ចិត្ត និង​ការពារ​របស់​អ្នក​ដទៃ​។

ប៉ុន្តែ កាលណា​យើង​មាន​គ្នា យើង​អាច​ជួយ​យក​អសារ​គ្នា​ទៅវិញ​ទៅមក​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ២នាក់​នឹង​អាច​ទប់ទល់​បាន ឯពួរ៣ធ្លុង​មិន​ងាយ​ដាច់​ទេ”(ខ.១២)។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ដឹកនាំ​យើង ការ​ដែល​យើង​នៅ​ជុំ​គ្នា​ គឺប្រសើរ​ជាង​នៅ​តែឯង​។—Winn Collier

តើ​ការ​នៅ​ម្នាក់ឯង ងាយ​រង​គ្រោះ​ជាង​ការ​នៅ​ជុំ​គ្នា​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចូល​ទៅ​ជិត​អ្នក​ដទៃ ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ប្ដេជ្ញា​ចិត្ត ក្នុង​ការ​រស់នៅ​ជា​សហគមន៍ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៩-១១ និង ម៉ាកុស ៥:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles