ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ។ អេភេសូរ ២:៤-៦
ព្រះទ្រង់បានកែប្រែជីវិតយើង ឲ្យជោគជ័យ ដោយព្រះអង្គ “ប្រោសឲ្យយើងបានរស់ ជាមួយព្រះគ្រីស្ទ” ក្នុងកាលដែល “យើងនៅស្លាប់ក្នុងការរំលងនៅឡើយ”។ អាចនិយាយបានម្យ៉ាងទៀតថា កាលពីមុន យើងស្លាប់នៅចំពោះព្រះ។ យើងមិនអាចឆ្លើយតប យើងមិនមានរស់ជាតិ ឬចំណាប់អារម្មណ៍ខាងវិញ្ញាណពិតប្រាកដ យើងគ្មានភ្នែកខាងវិញ្ញាណ សម្រាប់មើលភាពស្រស់ស្អាតនៃព្រះគ្រីស្ទ ពោលគឺយើងគ្រាន់តែបានស្លាប់ ខាងឯសេចក្តីដែលសំខាន់បំផុត។
បន្ទាប់មក ព្រះទ្រង់ក៏បានធ្វើកិច្ចការទ្រង់ ដោយគ្មានលក្ខខ័ណ្ឌ មុនពេលយើងអាចធ្វើអ្វីមួយ ដើម្បីក្លាយជាភាជនៈដែលសក្តិសមនឹងទទួលព្រះវត្តមានព្រះអង្គ។ ព្រះអង្គធ្វើឲ្យយើងមានជីវិតឡើង។ ព្រះអង្គដាស់យើង ដោយអធិបតេយ្យភាពរបស់ព្រះអង្គ ឲ្យយើងភ្ញាក់ឡើង ពីការលង់លក់ក្នុងសេចក្តីស្លាប់ខាងវិញ្ញាណ ឲ្យបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ(២កូរិនថូស ៤:៤)។ ញាណខាងវិញ្ញាណដែលស្លាប់កាលពីមុន ក៏មានជីវិតឡើង ដោយការអស្ចារ្យ។
បទគម្ពីរអេភេសូរ ២:៤ បានចែងថា ព្រះអង្គបានធ្វើការនេះ ដោយ “សេចក្តីមេត្តា”។ បានសេចក្តីថា ព្រះអង្គបានទតឃើញយើង ជាប់ក្នុងសភាពស្លាប់ ហើយអាណិតយើង។ ព្រះទ្រង់ទតឃើញឈ្នួលដ៏គួរឲ្យភ័យខ្លាចនៃអំពើបាប ដែលនាំទៅរកសេចក្តីស្លាប់ និងទុក្ខវេទនាអស់កល្បជានិច្ច។ “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ … បានប្រោសឲ្យយើងរាល់គ្នាបានរស់”។ ហើយភាពលើសលប់នៃសេចក្តីមេត្តាកុរណារបស់ព្រះអង្គ បានហូរហៀរមកលើយើង ដើម្បីបំពេញតម្រូវការយើង។ ប៉ុន្តែ បទគម្ពីរនេះមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់ នៅត្រង់ចំណុចដែលសាវ័កប៉ុលធ្វើឲ្យប្រយោគបាត់ភាពរលូន ដោយបានបញ្ចូលឃ្លា “ដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ”។ “ព្រះ…បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ”។
សាវ័កប៉ុលប្រើឃ្លានេះម្តងទៀត ក្នុងខ.៨។ ដូចនេះ តើហេតុអ្វីគាត់ធ្វើឲ្យសំណេររបស់គាត់បាត់ភាពរលូន ដើម្បីបញ្ចូលឃ្លាមួយនេះ? ជាងនេះទៅទៀត ខនេះផ្ដោតទៅលើសេចក្តីមេត្តារបស់ព្រះ ដែលឆ្លើយតប ចំពោះទុក្ខវេទនានៃសភាពស្លាប់របស់យើង។ ដូចនេះ ហេតុអ្វីសាវ័កប៉ុលហាក់ដូចជាចាកប្រធាន ដោយនិយាយថា គឺដោយព្រះគុណ ដែលយើងបានសង្គ្រោះ?
ខ្ញុំយល់ឃើញថា ចម្លើយនោះគឺ សាវ័កប៉ុលបានទទួលស្គាល់ថា បទគម្ពីរនេះបានផ្តល់ឱកាសដ៏ឥតខ្ចោះ ដើម្បីនិយាយសង្កត់ធ្ងន់ អំពីភាពឥតគិតថ្លៃនៃព្រះគុណព្រះ។ គាត់ដឹងថា មនុស្សស្លាប់មិនអាចបំពេញលក្ខខ័ណ្ឌទាំងនោះបានឡើយ គឺដូចដែលគាត់បានពិពណ៌នា អំពីសភាពស្លាប់ ដែលយើងមាន មុនពេលយើងប្រែចិត្តជឿព្រះ។ បើពួកគេមានជីវិតរស់ នោះគឺរស់ ដោយសារព្រះទ្រង់ធ្វើការជួយសង្គ្រោះពួកគេ ឲ្យរួចពីបាប ដោយគ្មានលក្ខខ័ណ្ឌ និងឥតគិតថ្លៃមួយរយភាគរយ។ សេរីភាពនេះ គឺជាចំណុចស្នូលនៃព្រះគុណទ្រង់។
តើមានទង្វើអ្វីដែលអាចមានលក្ខណៈឥតគិតថ្លៃ និងមិនអាចតថ្លៃបាន ជាងទង្វើដែលបុគ្គលម្នាក់ប្រោសបុគ្គលម្នាក់ទៀត ឲ្យរួចពីស្លាប់? នេះហើយជាអត្ថន័យនៃព្រះគុណព្រះ។