លូកា ១៨:៣៥-៤៣
នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ លូកា ១៨:៤០
គេបានយកកូនឆ្មាដែលមានសភាពទន់ខ្សោយដាក់ក្នុងកេស យកមកទុកចោលនៅក្បែរកន្លែងធ្វើការខ្ញុំ ជាច្រើនថ្ងៃហើយ។ គេបានបោះបង់សត្វឆ្មានេះ ឲ្យរស់នៅអនាថា ហើយមនុស្សជាច្រើនមិនចាប់អារម្មណ៍ចំពោះវា ពេលដើរកាត់ពីមុខវា តែលោកជូន(Jun)បានយកចិត្តទុកដាក់ចំពោះវា។ អ្នកបោសថ្នល់រូបនោះក៏បានយកសត្វមួយក្បាលនេះទៅផ្ទះ ជាកន្លែងដែលគាត់កំពុងរស់នៅជាមួយសត្វឆ្កែពីរក្បាល ដែលជាឆ្កែអនាថាផងដែរ។
លោកជូនក៏បាននិយាយថា គាត់ថែរក្សាសត្វទាំងនោះ ព្រោះពួកវាជាសត្វដែលគ្មាននរណាយកចិត្តទុកដាក់។ គាត់ថា គាត់មើលឃើញជីវិតគាត់ដូចសត្វអនាថាទាំងនោះផងដែរ ហើយគ្មាននរណាយកចិត្តទុកដាក់ចំពោះអ្នកបោសថ្នល់ដូចគាត់ទេ។
កាលព្រះយេស៊ូវដើរទៅទីក្រុងយេរីខូរ តាមផ្លូវទៅទីក្រុងយេរូសាឡិម មានជនពិការភ្នែកម្នាក់កំពុងអង្គុយសុំទាន នៅលើចិញ្ចើមផ្លូវ។ គាត់ក៏មានអារម្មណ៍ថា គ្មាននរណាយកចិត្តទុកដាក់ចំពោះគាត់ទេ។ ហើយនៅថ្ងៃនោះ ជាពិសេស នៅពេលដែលមនុស្សមួយហ្វូងដើរកាត់តាមនោះ ហើយគ្រប់គ្នាផ្ដោតចិត្តទៅលើព្រះគ្រីស្ទ គ្មាននរណាម្នាក់ឈប់ ដើម្បីជួយអ្នកសុំទាននោះទេ។
មានតែព្រះយេស៊ូវទេ ដែលបានស្តាប់ឮសម្លេងបុរសនោះស្រែកហៅព្រះអង្គ ក្នុងកណ្តាលហ្វូងមនុស្ស។ ព្រះអង្គក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” គាត់ទូលថា “ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង”។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលថា “ឲ្យភ្លឺចុះ សេចក្តីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ”។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម(លូកា ១៨:៤១-៤២)។
តើយើងមានអារម្មណ៍ថា គេមិនយកចិត្តទុកដាក់ចំពោះយើង នៅពេលខ្លះទេ? តើយើងស្រែកមិនឮ ដោយសារមានមនុស្សជាច្រើន ដែលហាក់ដូចជាសំខាន់ជាងយើងឬ? ព្រះអង្គសង្គ្រោះយើងយកព្រះទ័យទុកដាក់ចំពោះមនុស្ស ដែលលោកីយមិនយកចិត្តទុកដាក់។ ចូរស្រែរកព្រះអង្គ។ ខណៈពេលដែលអ្នកដទៃដើរហួសយើង ព្រះអង្គនឹងឈប់ ដើម្បីជួយយើង។—Karen Huang
តើការដឹងថា ព្រះយេស៊ូវទតឃើញអ្នក បានកែប្រែរបៀបដែលអ្នកគិតអំពីខ្លួនឯង និងជីវិតអ្នកដូចម្តេចខ្លះ? ក្នុងចំណោមអ្នក មាននរណាខ្លះ ដែលត្រូវការការយកចិត្តទុកដាក់ពីអ្នកដទៃ ហើយតើអ្នកអាចឈប់ ដើម្បីលើកទឹកចិត្តពួកគេ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្តាប់ឮទូលបង្គំ ពេលណាទូលបង្គំស្រែករកព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យដើរតាម និងសរសើរដំកើងព្រះអង្គ ពេញមួយជីវិត ដូចមនុស្សខ្វាក់ដែលព្រះអង្គបានប្រោសឲ្យមើលឃើញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១៧-១៩ និង ម៉ាកុស ៦:៣០-៥៦