ព្រឹក

ការចែកចាយអំពីភាពឆេះឆួលចំពោះព្រះគ្រីស្ទ
ដោយJennifer Benson Schuldt
March 8, 2024
រ៉ូម ១២:៩-១៦
ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់។ រ៉ូម ១២:១១
កាលយើងបានជួបលោកហេនរី(Henry) ជាអ្នកជិតខាង លើកដំបូង គាត់បានដកព្រះគម្ពីរចាស់ដាច់រហែកមួយក្បាល ចេញពីកាបូបដែលគាត់តែងតែស្ពាយជាប្រចាំ។ គាត់មើលមកយើងដោយទឹកមុខរីករាយ ហើយសួរយើងថា តើយើងចង់ជជែកគ្នាជាមួយគាត់ អំពីព្រះគម្ពីរដែរឬទេ។ យើងក៏បានងក់ក្បាល ហើយគាត់ក៏បានបើកទៅកាន់ទំព័រដែលគាត់បានគូសចំណាំនៅលើខគម្ពីរមួយចំនួន។ គាត់ក៏បានបង្ហាញសៀវភៅកត់ត្រាមួយក្បាល ដែលគាត់បានកត់ទុកអំពីអ្វីដែលគាត់រៀនបានពីព្រះគម្ពីរ ហើយក៏បានមានប្រសាសន៍ថា គាត់បានបង្កើតមេរៀនក្នុងកុំព្យូទ័រ ដែលមានពេញទៅដោយឯកសារយោងដទៃទៀត។
លោកហេនរីក៏បានចែកចាយ អំពីពេលដែលគាត់បានចេញពីស្ថានភាពគ្រួសារដ៏ពិបាក ហើយបន្ទាប់មក កាលគាត់កំពុងស្ថិតក្នុងស្ថានភាពឯកោ និងពិបាកបំផុត គាត់ក៏បានទទួលយកការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ធ្វើជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់គាត់(កិច្ចការ ៤:១២)។ ជីវិតគាត់មានការផ្លាស់ប្តូរ ខណៈពេលដែលព្រះវិញ្ញាណបានជួយគាត់ ឲ្យដើរតាមគោលការណ៍របស់ព្រះគម្ពីរ។ ទោះលោកហេនរីបានថ្វាយជីវិតគាត់ដល់ព្រះអង្គកាលប៉ុន្មានឆ្នាំមុនក៏ដោយ ក៏ភាពក្លៀវក្លារបស់គាត់នៅតែថ្មីជានិច្ច ហើយបាននាំឲ្យមានការប៉ះពាល់ចិត្តណាស់។
ភាពឧស្សាហ៍របស់លោកហេនរីបានបណ្តាលចិត្តខ្ញុំ ជាអ្នកដើរតាមព្រះយេស៊ូវអស់ជាច្រើនឆ្នាំ ឲ្យពិចារណាអំពីភាពឆេះឆួលខាងវិញ្ញាណរបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានបង្រៀនយើងថា “ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់”(រ៉ូម ១២:១១)។ ការបង្រៀននេះមិនពិបាកឲ្យយើងអនុវត្តន៍តាមទេ បើសិនជាយើងអនុញ្ញាតឲ្យព្រះបន្ទូលកែប្រែយើង ឲ្យមានអាកប្បកិរិយា ដែលអរព្រះគុណព្រះអង្គ សម្រាប់ការគ្រប់យ៉ាង ដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ។
ទោះយើងមានអារម្មណ៍ឡើង ឬចុះយ៉ាងណាក៏ដោយ ក្នុងជីវិតយើង ភាពឧស្សាហ៍ថ្វាយព្រះគ្រីស្ទ កើតចេញពីទំនាក់ទំនងជាមួយព្រះអង្គ ដែលចេះតែចម្រើនឡើងជានិច្ច។ ពេលណាយើងបានស្គាល់ព្រះអង្គកាន់តែច្រើនប៉ុណ្ណា នោះយើងនឹងមើលឃើញតម្លៃព្រះអង្គកាន់តែច្បាស់ ហើយសេចក្តីល្អរបស់ព្រះអង្គក៏ជន់ជោរ ក្នុងវិញ្ញាណយើង ហើយហៀរហូរចូលទៅក្នុងលោកិយ។—Jennifer Benson Schuldt
តើអ្នកយល់ឃើញថា ព្រះយេស៊ូវមានអារម្មណ៍យ៉ាងណា នៅពេលដែលព្រះអង្គទតឃើញអ្នកមានចិត្តឆេះឆួលចំពោះព្រះអង្គ? តើការអរព្រះគុណ និងភាពឧស្សាហ៍ខាងវិញ្ញាណមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យមានភាពឆេះឆួលជាថ្មី នៅក្នុងការស្គាល់ព្រះអង្គ!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៨-១០ និង ម៉ាកុស ១១:១៩-៣៣
ប្រភេទ
ល្ងាច

របៀបបម្រើចៅហ្វាយនាយចិត្តអាក្រក់
ដោយJohn Piper
March 8, 2024
ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។ អេភេសូរ ៦:៧-៨
សូមពិចារណា អំពីចំណុចទាំង៥ ដែលមានចែងបទគម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទងនឹងការងាររបស់អ្នក ដូចតទៅ ៖
១) ការត្រាស់ហៅឲ្យរស់នៅ ដោយយកព្រះអម្ចាស់ជាទី១
នេះជារបៀបនៃការរស់នៅដែលគួរឲ្យភ្ញាក់ផ្អើល បើធៀបជាមួយនឹងរបៀបដែលយើងរស់នៅជាធម្មតា។ សាវ័កប៉ុលបានមានប្រសាសន៍ថា ការងារទាំងអស់ដែលយើងធ្វើ គឺយើងគួរតែធ្វើឡើងថ្វាយព្រះគ្រីស្ទ មិនមែនសម្រាប់ចៅហ្វាយនាយ ដែលជាមនុស្សនោះទេ។ គឺធ្វើការបម្រើ ដោយឆន្ទះដ៏ល្អ "ដូចជាបម្រើដល់ព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្ស"។
បានសេចក្តីថា យើងត្រូវគិតដល់ព្រះអម្ចាស់ នៅក្នុងកិច្ចការអ្វីដែលយើងកំពុងធ្វើ នៅកន្លែងធ្វើការ។ យើងត្រូវសួរថា ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ នៅពេលណា? តើព្រះអម្ចាស់នឹងជួយខ្ញុំ ឲ្យធ្វើកិច្ចការនេះទេ? តើកិច្ចការនេះនឹងមានផលប៉ះពាល់អ្វីខ្លះ មកលើព្រះកិត្តិនាមព្រះអម្ចាស់? អាចនិយាយម្យ៉ាងទៀតថា ការរស់នៅជាគ្រីស្ទបរិស័ទ គឺមានន័យថា យើងរស់នៅ និងធ្វើការ ដោយយកព្រះអម្ចាស់ជាទី១។
២) ការត្រាស់ហៅឲ្យធ្វើជាមនុស្សល្អ
ការរស់នៅដែលយកព្រះជាទីមួយ គឺមានន័យថា យើងរស់នៅជាមនុស្សល្អ និងប្រព្រឹត្តអំពើល្អ។ គឺដូចដែលសាវ័កប៉ុលបានមានប្រាប់យើងឲ្យបម្រើដោយអំណរ ដោយការល្អអ្វីដែលគ្រប់គ្នាធ្វើ។ ព្រះយេស៊ូវមានបន្ទូលថា ពេលណាយើងបញ្ចេញពន្លឺរបស់យើង មនុស្សនឹងបានឃើញ "ការល្អ" ដែលយើងធ្វើ ហើយថ្វាយសិរីល្អដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ម៉ាថាយ ៥:១៦)។
៣) អំណាចសម្រាប់ធ្វើការឲ្យបានល្អ សម្រាប់ចៅហ្វាយនាយចិត្តអាក្រក់ នៅផែនដី
គោលបំណងរបស់សាវ័កប៉ុល គឺដើម្បីជួយឲ្យគ្រីស្ទបរិស័ទយកព្រះអម្ចាស់ជាទីមួយ ដើម្បីធ្វើការល្អ សម្រាប់ចៅហ្វាយនាយចិត្តអាក្រក់។ តើធ្វើដូចម្តេច ឲ្យអាចបន្តធ្វើការល្អ នៅក្នុងការងារ ដែលចៅហ្វាយរបស់អ្នក មិនអើពើរចំពោះអ្នក ឬថែមទាំងរិះគន់អ្នកទៀត? ចម្លើយរបស់សាវ័កប៉ុលនោះគឺ៖ យើងត្រូវឈប់គិតអំពីថា ចៅហ្វាយនាយរបស់យើង ជាចៅហ្វាយនាយធំបំផុតរបស់យើង ហើយចាប់ផ្តើមធ្វើការថ្វាយព្រះអម្ចាស់វិញ។ ចូរអនុវត្តដូចនេះ នៅក្នុងភារកិច្ចនីមួយៗ ដែលចៅហ្វាយនាយ នៅផែនដីឲ្យអ្នកធ្វើ។
៤) ការលើកទឹកចិត្តថា ការល្អដែលយើងធ្វើមិនឥតប្រយោជន៍ឡើយ
ឃ្លាល្អបំផុតក្នុងបទគម្ពីរនេះ ប្រហែលជាឃ្លា ៖ "ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់"។ នេះពិតជាអស្ចារ្យណាស់! "ការល្អទាំងអស់ដែលគ្រប់គ្នាធ្វើ"។ កិច្ចការតូចៗនីមួយៗ ដែលអ្នកធ្វើ ដែលជាការល្អ គឺព្រះអង្គទតឃើញ និងឲ្យតម្លៃ ព្រមទាំងប្រទានរង្វាន់ឲ្យផង។
ហើយព្រះអង្គនឹងឲ្យរង្វាន់អ្នក សម្រាប់ការល្អដែលអ្នកធ្វើ។ មិនមែនមានន័យថា អ្នកអាចធ្វើឲ្យព្រះអង្គជាប់បំណុលអ្នកនោះឡើយ។ យើងជាកម្មសិទ្ធិព្រះអង្គ ហើយអ្វីៗទាំងអស់ក្នុងចក្រវាល ក៏ជាកម្មសិទ្ធិព្រះអង្គ។ ព្រះអង្គមិនបានជំពាក់អ្វីឡើយ។ តែព្រះអង្គសម្រេចព្រះទ័យឲ្យរង្វាន់យើង សម្រាប់ការល្អទាំងអស់ ដែលយើងបានធ្វើ ដោយជំនឿ។
៥) ការលើកទឹកចិត្តថា ឋានៈតូចទៀបនៅលើផែនដី មិនមែនជាឧបស័គ្គដែលរារាំងមិនឲ្យទទួលរង្វាន់ដ៏ធំ នៅស្ថានសួគ៌នោះឡើយ។
ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ "ទោះបើជាបាវបំរើ ឬអ្នកជាក្តី"។ ចៅហ្វាយនាយអ្នកប្រហែលជាគិតថា អ្នកជាមនុស្សដែលមិនសំខាន់ទាល់តែសោះ ឬគ្រាន់តែជាបាវបម្រើប៉ុណ្ណោះ។ ពុំនោះទេ គាត់ប្រហែលមិនទាំងដឹងថា អ្នកកំពុងមានជីវិតផង។ តែមិនថ្វីទេ ព្រះអម្ចាស់ជ្រាបថា អ្នកកំពុងមានជីវិត ហើយនៅចុងបញ្ចប់ គ្មានកិច្ចការដ៏ស្មោះត្រង់ណា ដែលឥតប្រយោជន៍នោះឡើយ។